​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ល្មើសច្បាប់​រក​ម្ចាស់​មិនឃើញ​

93
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​សមត្ថកិច្ច​ចុះបង្ក្រាប​ឈើ​ជាច្រើន​គំនរ​ដែល​ឈ្មួញ​យកទៅ​លាក់ទុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ដីឡូត៍​លោក​វ៉ាន់​សុ​នាថ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​ការចុះ​បង្ក្រាប​ឈើ​នោះ​ស្ថិតនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២៦ ខែ​កុ​ម្ភៈឆ្នាំង​២០២០​។
​ប្រតិបត្តិការ​នេះ​បង្ក្រាប​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រួម​និង​អាជ្ញាធរ​ដែនដី​ក្នុង​មូលដ្ឋាន​។​

លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​និយាយថា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​តាមដាន​និង​អង្កេត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទើប​ឈានដល់​មានការ​បង្ក្រាប​។​នៅក្បែរ​កន្លែង​ស្តុក​ឈើ​គេ​ឃើញ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ធំ​មួយកន្លែង​ពាក់ព័ន្ធ​នឹង​សាច់​ញា​ត្តិ​អាវុធហត្ថ​ស្ទឹងត្រែង​។​

លោក​សុខ​ស៊ី​ដា​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ក៏បាន​បញ្ជាក់​ផងដែរ​ថាវ​ត្តុ​តាង​ត្រូវបាន​រឹបអូស​យកទៅដាក់​នៅ​កន្លែង​រដ្ឋបាល​ព្រៃឈើ​នឹង​អនុវត្ត​តាមច្បាប់​ស្តីពី​ព្រៃឈើ​។​ឈើ​លាក់ទុក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នេះ​គឺជា​ឈើ​ខុសច្បាប់​មិនជា​ឈើ​សម្រាប់ធ្វើ​លំនៅស្ថាន​ទេ​។​លោក​សុខ​ស៊ី​ដា​បាន​បញ្ជាក់ថា​ម្ចាស់​ឈើ​នៅ​មិនដឹង​អត្តសញ្ញាណ​នោះទេ ។

​លោក​រៃ​ផេង​ចៅសង្កាត់រង​ទី​២​សង្កាត់​ស្រះ​ឫស្សី​បាន​ចូលរួម​បញ្ជាក់ថា​ឈើ​ទាំងនេះ​គឺជា​ប្រភេទ​ឈើ​ក្រុម​ឈ្មួញ​យកមក​ធ្វើ​អាជីវកម្ម​មិនមែន​ឈើ​សម្រាប់​ប្រជាជន​ទុក​ធ្វើ​ផ្ទះ​ទេ​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​ឈើ​ដែល​ជំនាញ​បាន​រឹបអូស​ដោយ​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ គឺជា​ឈើ​ប្រភេទ​ឈើ​ទន្លាប់​ឈើ​ពី​ឌុ​ង​(​ហៅថា​ឈើ​ក្រញូង​ស្វា​)​ឈើ​កកោះ​និង​ឈើ​សុ​ក្រុំ​។​ចំណែក​ម្ចាស់ផ្ទះ​វិញ​ខណៈពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​ឃើញថា​បាន​បិទទ្វារ​ផ្ទះ​រត់​គេចខ្លួនបាត់​៕S/​