​សមត្ថកិច្ច​បញ្ជាក់​ពី​លទ្ធផល​ស៊ើបអង្កេត​ករណី​ចងក​សម្លាប់ខ្លួន​

781
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​សមត្ថកិច្ច​បា​ន​បញ្ជាក់​ពី​លទ្ធផល​ស៊ើបអង្កេត​ករណី​នារី​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​នឹង​ចម្រឹង​បង្អួច​ក្នុង​បន្ទប់​ជាន់​ទី​២​បន្ទាប់ពី​ទាស់​ពាក្យសម្តី​ជាមួយ​គូ​ដណ្តឹង​រួចមក​។​ករណីនេះ​បានកើត​ឡើង​នៅផ្ទះ​របស់​ជនរងគ្រោះ​ក្នុងភូមិ​ភ្នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោក​វរសេនីយ៍ទោ​នួន​សក្តិ៍​ចំរើន​រិ​ទ្ធ​អធិការរង​ទទួល​ផ្នែក​នគរបាល​យុត្តិធម៌​បានឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ​សុខ​វិច្ឆិកា​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​។​ចំណែក​គូ​ដណ្តឹង​មានឈ្មោះ ប៉ាង សុផាន់​ណា​អាយុ​៣៩​ឆ្នាំ ជា​អនិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា​។​លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​ឈ្មោះ​សុខ​វិច្ឆិកា​នឹង​ឈ្មោះ​ប៉ាង​សុផាន់​ណា​បាន​ព្រមព្រៀង​ភ្ជាប់ពាក្យ​ដោយមាន​ចាស់ទុំ​ទាំងសងខាង​ចូលរួម​ដឹងលឺ ។

​ក្រោយមក​នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩ ឈ្មោះ​ប៉ាង សុ​ផា​ណា បាន​ត្រឡប់​ទៅ ប្រទេស​កាណាដា វិញ​។​រហូតដល់​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​ឈ្មោះ​ប៉ាង​សុ​ផា​ណា​ក៏ត្រូវ​ត្រឡប់មក​ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​ឯកសារ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​របស់ខ្លួន​ជាមួយនឹង​ឈ្មោះ​សុខ វិច្ឆិកា ដែលជា​គូ​ដណ្តឹង​។​

ពេលមកដល់​ស្រុក​ខ្មែរ ឈ្មោះ ប៉ាង សុផាន់​ណា នឹង​គូ​ដណ្តឹង​ឈ្មោះ សុខ វិច្ឆិកា បានរស់នៅ​ជាមួយគ្នា​ជាធម្មតា នៅក្នុង​ផ្ទះមួយ​ខ្នង​ស្ថិតក្នុង​ភូមិ​ភ្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ឈ្មោះ សុខ ស្រី​នុ​ច ដែល​ត្រូវជា​ប្អូនស្រី​របស់ ឈ្មោះ សុខ វិច្ឆិកា រស់នៅ​ជាមួយ​ដែរ ។​

លោក​បាន​បន្តថា​លុះដល់​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​នៅវេលា​ម៉ោង​៩:០០​នាទី​ព្រឹក​ក៏​មានការ​ប្រកែក​គ្នា​រឿង​គ្រឿងសំអាង​ចំនួន​១០​ឈុត ដែល​ឈ្មោះ ប៉ាង សុផាន់​ណា នាំ​មកពី​ប្រទេស​កាណាដា យកមក​ឱ្យ​គូរ​ដណ្តឹង​របស់ខ្លួន ចែកគ្នា​ប្រើ​ជាមួយ​ឈ្មោះ សុខ ស្រី​នុ​ច​។ តែ​ដោយ​ពេលនោះ​គូ​ដណ្តឹង បាន​រើស​យកតែ​របស់​ល្អៗ​ទើប ឈ្មោះ ប៉ាង សុផាន់​ណា ស្តីឱ្យ​ថា ” អូន​កុំ​ធ្វើ​អញ្ចឹង​អី​ទុកឱ្យ​ស្រី​ណុ​ច​គាត់​បាន​ប្រើ​របស់​ល្អៗ​ផង​ពីព្រោះ​រូបគាត់​ពុំ​សូវ​មាន​របស់របរ​ប្រើប្រាស់​ល្អ​នោះទេ​! ” ។​

ស្រាប់តែ​ពេលនោះ​ឈ្មោះ​សុខ វិច្ឆិកា ក៏មាន​ចិត្ត​ខឹង គិតថា​ឈ្មោះ ប៉ាង សុផាន់​ណា ស្រឡាញ់​ឈ្មោះ សុខ ស្រី​នុ​ច ដែលជា​ប្អូន​របស់ខ្លួន​ដែរ ។​ក្រោយមក​នៅវេលា​ម៉ោង​៩:៣០​នាទី​ថ្ងៃ​ដដែល ឈ្មោះ​សុខ វិច្ឆិកា នឹង​ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​នាំគ្នា​ជិះ​រថយន្ត​ម៉ាក​ប្រ៊ូ​ស ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AM-7516 ចេញទៅ ទៅ​រើស​ម៉ូត​សំលៀកបំពាក់​ដើម្បី​ថត​។ ជា​រូបថត​ដាក់តាំង​មុខ​រោងការ​របស់ខ្លួន និង​បន្តទៅ​ទិញ​អាវ​និង​ស្រោមជើង​។ តែ​ឈ្មោះ សុខ វិច្ឆិកា នៅតែ​បន្ត​ខឹង​ឈ្មោះ ប៉ាង សុផាន់​ណា ដោយនិយាយ​សម្តី​ខ្លាំងៗ ដាក់ឈ្មោះ ប៉ាង សុផាន់​ណា​ទៀត​។

​លោក​បាន​បន្តទៀតថា ក្រោយមក​ឈ្មោះ ប៉ាង សុផាន់​ណា បបួល​ឈ្មោះ សុខ វិច្ឆិកា ទៅលេង​ផ្ទះ​ឪពុកម្តាយ របស់​ឈ្មោះ សុខ វិច្ឆិកា ដែល​នៅឯ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​ដើម្បី​រៀបចំ​ឯកសារ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ផង ដោយ ឈ្មោះ ប៉ាង សុផាន់​ណា ជា​អ្នក​បើកឡាន ។​ពេលធ្វើ​ដំណើរ ទៅដល់​ខាងលិច​ស្រុក​ពួក​ប្រហែល​៣០​គីឡូម៉ែត្រ ឈ្មោះ សុខ វិច្ឆិកា ក៏បាន​បើក វិ​ដេ​អូ​ហ្វេ​ស​ប៊ុ​គ​ឡាយ (Video Facebook live)​ដែល​ខ្លួន​បាន​ឡាយ (live)​កាលពី​ថ្ងៃទី​២៨​ខែឧសភា​។​

​ខណៈ​កំពុង​ជិះ ឡាន ជាមួយគ្នា ក៏​ឃើញ​មាន​មនុស្ស​ប្រុស​ម្នាក់ ខ​មិន​ចូល សួរនាំ ពាក់ព័ន្ធ​រឿង ដើមទ្រូង (​សុដន​) របស់​ឈ្មោះ​សុខ វិច្ឆិកា ពេលនោះ ឈ្មោះ ប៉ាង សុផាន់ ក៏មាន​ចិត្ត​ប្រច័ណ្ឌ ខឹង​គូរ​ដណ្តឹង​របស់ខ្លួន រហូតដល់​មានការ​ប្រកែក​គ្នា និង​ប្រតាយ​តប់​គ្នា ទៅវិញទៅមក ។​បន្ទាប់មក​ឈ្មោះ សុខ វិច្ឆិកា បាន​ចាប់ទាញ​ចង្កូតរថយន្ត​បណ្តាលឱ្យ​រ៉េ​ចង្កូត​។​

​ពេលនោះ​ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​ឈប់​រថយន្ត ហើយ​ខោក​ក្បាល ឈ្មោះ​សុខ វិច្ឆិកា ដោយ​ប្រើ​ដៃ​ខាងស្តាំ​ចំក្បាល​បួន​ដៃ​។​ក្រោយមក​ឈ្មោះ​សុខ​វិច្ឆិកា​ក៏បាន​ចុះ​ពីលើ​រថយន្ត​ចូលទៅក្នុង​តូប​ទំនិញ​មួយ នៅក្បែរ​កន្លែង​ឈប់​ឡាន ហើយ​ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​ចុះទៅ​និយាយ សម្របសម្រួល​គ្នា​។​តែ​មិន​ត្រូវរ៉ូវ​គ្នា​ឈ្មោះ​ប៉ាង​សុផាន់​ណា​ក៏បាន​បើករថយន្ត​ត្រឡប់មក​ចូលមក​ក្រុង​សៀមរាប​វិញ​។

ពេលមកដល់​ចំណុច​បង្គោលគីឡូម៉ែត្រ​ដែ​ល​មាន​សរសេរ​ដាក់ថា “២០​គីឡូម៉ែត្រ ក្រុង​សៀមរាប​”​ឈ្មោះ​ប៉ាង​សុផាន់​ណា​ក៏បាន​ត្រឡប់​ទៅយក​ឈ្មោះ​សុខ​វិច្ឆិកា​។​តែ​ទៅដល់​តូប​លក់​អីវ៉ាន់​ហើយ​សាកសួរ​ម្ចាស់​តូប​ទើប​ដឹងថា​ឈ្មោះ​សុខ​វិច្ឆិកា​បាន​ហៅ​ឡាន​តាក់ស៊ី​ជិះ​ចូលទៅក្នុង​ក្រុង​សៀមរាប វិញ​បាត់​ហើយ ។​

​លោក​បាន​បន្តទៀតថា​លុះ​វេលា​ម៉ោង​១៧:១០​នាទី​ថ្ងៃខែ​ដដែល​ឈ្មោះ​សុខ​ស្រី​នុ​ច​ដែលជា​ប្អូនស្រី​បានឃើញ​បងស្រី​មកដល់​ហើយ​ដើរ​ឡើងទៅ​លើផ្ទះ​ជាន់​ទី​២​បាត់​។ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ឈ្មោះ ប៉ាង សុផាន់​ណា ក៏​មកដល់​ផ្ទះ​ដែរ ហើយ​អង្គុយ​ក្នុងផ្ទះ​ជាន់​ខាងក្រោម ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ឈ្មោះ ប៉ាង សុផាន់​ណា ក៏បាន​ដើរ ទៅលើផ្ទះ​ជាន់​ទី​២ ដើម្បី​ងូតទឹក​។

តែ​បើកទ្វារ​មិនបាន​ក៏​ព្យាយាម​បើក​រហូត​បើកទ្វារ​បាន​ក៏​ឃើញ​ឈ្មោះ​សុខ​វិច្ឆិកា​ដែលជា​គូ​ដណ្តឹង​បាន​ចងក​ជាប់ នឹង​ចម្រឹង​បង្អួច ហើយ​ស្រែក​ឱ្យគេ​មកជួយ ។ ពេលនោះ​ប្អូនស្រី​ក៏បាន​រត់ឡើង​ទៅ​មើល ក៏​ឃើញ ឈ្មោះ ប៉ាង សុផាន់​ណា កំពុង​អោប ឈ្មោះ​សុខ វិច្ឆិកា លើក​ឡើងលើ ហើយ​ប្រាប់​ឈ្មោះ សុខ ស្រី​នុ​ច​ឱ្យជួយ ស្រាយ​ខ្សែ​ដែល​ចងក​របស់​ឈ្មោះ​សុខ វិច្ឆិកា ហើយ​ដាក់ឈ្មោះ​សុខ វិច្ឆិកា តំ​រេ​ត មក​ការ៉ូ ដើម្បី​សង្គ្រោះ តែ​ឈ្មោះ សុខ វិច្ឆិកា បាន​ស្លាប់​បាត់ទៅហើយ ។

​ក្រោយមក​ឈ្មោះ​សុខ​ស្រី​នុ​ច​ក៏បាន​ចេញមកក្រៅ​ផ្ទះ​ហើយ​ប្រាប់​អ្នកជិតខាង​ឱ្យមក​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​។​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​សាកសព​រួចរាល់​នៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន ឈ្មោះ ប៉ាង សុផាន់​ណា ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ ។​

តាម​លទ្ធផល​ការងារ​ស្រាវជ្រាវ​បញ្ជាក់​របស់​ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​បញ្ជារ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ទិ​ត្យ​ណា​រ៉ុង​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​សន្និដ្ឋាន​ថា​ឈ្មោះ​សុខ​វិច្ឆិកា​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​ចំណែក​គូ​ដណ្តឹង​ឈ្មោះ ប៉ាង សុផាន់​ណា ដោយមាន​ការឯកភាព​ពី​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​អនុ​ញ្ញា​ត្ត​ឱ្យនៅ​ក្រៅ​ឃុំ​វិញ​ហើយ ដើម្បី​ត្រឡប់​ទៅ​បន្ត​ពិធីបុណ្យ​សព​គូ​ដណ្តឹង​៕S/

​រូបភាពៈ សមត្ថកិច្ច​បញ្ជាក់​ពី​លទ្ធផល​ស៊ើបអង្កេត ករណី​ចងក​សម្លាប់ខ្លួន​របស់​ឈ្មោះ សុខ វិច្ឆិកា​៕​គូលែន​