​សមត្ថកិច្ច​បញ្ជូន​ឃាតក​សម្លាប់​ស្ត្រី​ម៉ាស្សា​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ទៅ​តុលាការ

787
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ដែល​សម្លាប់​សង្សារ​ដែលជា​ស្ត្រី​ម៉ាស្សា​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​នោះ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៨​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ឃាតក​រូបនេះ​បាន​ត្រូវ​លោក​តុ​ប​ឈុន​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​។​

​គួរ​បញ្ជាក់ថា​ជនសង្ស័យ​ឈ្មោះ ហុង សុខ​ហេង អាយុ​៤១​ឆ្នាំ ជា​បុគ្គលិក​ហាង​ម៉ាស្សា KS កាន់​ផ្នែក​ស្ទី​ម​សូ​ណា ស្នាក់នៅ​កន្លែង​ម៉ាស្សា​តែម្តង នៅ​ផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​ត្រូវ កម្លាំង​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ នៅ​ចំណុច​វាល​ខ្សាច់​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​កាលពី​ថ្ងៃទី​១៨​ខែមេសា​។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា មូល​ហេតុដែល​ឈានដល់​ហ៊ាន​សម្លាប់​នារី​ជា​សង្សារ ដោយសារ​ប្រច័ណ្ឌ ដោយសារ​នារី​រងគ្រោះ​ចង់​ចែកផ្លូវ​និង​ឧស្សាហ៍​និយាយ​សារ​សង​គ្នា​រាល់​យប់​តាម​ទូរស័ព្ទ​ជា​បុរស​ផ្សេង​។​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ក្នុង​ផ្ទះជួល​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ប្ដឹងទៅ​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ​ឡោម​ព័ន្ធ កាល​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ២០១៨​កន្លងទៅ នៅ​ចំណុច​ផ្ទះជួល​លេខ​៣៦៥ តាមផ្លូវ​១៦៣ ក្រុម​១៦ ស្ថិតនៅ​ភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។

សព​មានឈ្មោះ សួង លីន​ណា​ហៅ​លេខ​១៦ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ម៉ាស្សា ស្នាក់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត​នៅ ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ស្លាប់​នៅ​ជា​ន់ទី​១ ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​។​​សមត្ថកិច្ច​ត្រួតពិនិត្យ​សព​ស្ត្រី​រងគ្រោះ​រួច​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម ដោយ​សព​មាន​សភាព​បែកក្បាល​ពីមុខ និង​ក្រោយ​ដោយ​ប្រើ​ខ្សែរឹត​ករួច​យក​បោក​ក្បាល និង​ឥដ្ឋការ៉ូ ទើប​បណ្ដាល​ហូរឈាម​ពេញ​បន្ទប់​៕S/

​សមត្ថកិច្ច​បញ្ជូន​ឃាតក​សម្លាប់​ស្ត្រី​ម៉ាស្សា​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ទៅ​តុលាការ