​សមត្ថកិច្ច​បាត់ដំបង​ចាប់​ជន​សម្លាប់​មនុស្ស​នៅ​ត្បូងឃ្មុំ​តាម​ដីកា​តុលាការ​

516

(​បាត់ដំបង​)៖​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​បាន​ចាប់​ជន​មុខ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​តាម​អំណាច​ដីកា​តុលាការ​បង្គាប់​លេខ​២១៣ ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​ចេញ​ដោយ លោក​គឹម​ហេង​ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​ត្បូងឃ្មុំ ។​
​ការឃាត់ខ្លួន​មុខសញ្ញា​ជា​ឃាតក​ម្នាក់នេះ​ធ្វើឡើង​នៅក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេតវណ្ណ​នី​ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​និង​លោក​វរសេនីយ៍ទោ គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អ៊ឹង សារី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ទី​៧ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ត្រង់ចំណុច​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។

​ជននេះ​បានគេច​ខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅ​មូលដ្ឋាន​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ទើប​កម្លាំង​ជំនា​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ឈានដល់​ឃាត់ខ្លួន​ឃាតករ​ខាងលើនេះ​បានតែ​ម្តង​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្តបាត់ដំបង រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ត​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​បាត់ដំបង​ចាប់​ជន​សម្លាប់​មនុស្ស​នៅ​ត្បូងឃ្មុំ​តាម​ដីកា​តុលាការ​(រូប៖វ៉េបសាយ)