​សមត្ថកិច្ច​រឹបអូស​ឈើ​ជាង​១៥​ម៉ែត្រគូប​និង​សម្ភារៈ​ល្មើស​មួយចំនួន​

285
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កាលពី​ថ្ងៃទី​៩​និង​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​រយៈពេល​ពីរ​ថ្ងៃ​សមត្ថកិច្ច​ចុះបង្ក្រាប​បទ​ប​ល្មើស​ធនធានធម្មជាតិ​បាន​រឹបអូស​ឈើ​ជាង​១៥​ម៉ែត្រគូប​និង​សម្ភារៈ​ល្មើស​មួយចំនួន​។​កម្លាំង​ជំនាញ​រៀបចំ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​មួយចំនួនទៀត​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​។​

គួររំលឹកថា​សមត្ថកិច្ច​ចម្រុះ​នៅក្នុង​ខេត្តព្រះវិហារ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​លួចលាក់​កែច្នៃ​ឈើ​ឥត​ច្បាប់​មួយកន្លែង​នៅក្នុង​ភូមិ​រុងរឿង​១​និង​ទីតាំង​ស្តុ​ប​ឈើ​លួចលាក់​ក្នុងព្រៃ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ចំពោះ​ប្រតិបត្តិការ​ចុះបង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ខាងលើនេះ ប្រើ​អស់​រយៈពេល​ពេញ​ពីរ​ថ្ងៃ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស្រ៊ុន ឡេង​សៀក នាយរង​សេនាធិការ ប្រចាំ​ទិស​ស្រុក​ជាំ​ក្សាន្ត រួម​ជាមួយនិង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ដឹកនាំ​ដោយ​លោក​ចាន់​វិទ្យា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​។

កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​បាន​វាស់វែង​និង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​សរុប​លទ្ធផល​បទល្មើស​បាន​ចំនួន​១៥,៨៥២​ម៉ែត្រគូប​។​ក្នុងនោះ​រួមមាន ឈើ​ប្រភេទ ឈើ​សុ​ក្រំ ឈើ​ផ្ចឹក សរុប​ចំនួន​៧៩​សន្លឹក ស្មើនឹង​៣.៣៥៨​ម៉ែត្រគូប​និង​ប្រភេទ​ឈើ​(​ឈ្លីក​) សរុប​ចំនួន​៨៧​ដុំ​ស្មើនឹង​១២.៤៩៤​ម៉ែត្រគូប​។​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​÷​តាប​ឈូសឈើ​១​គ្រឿង​, ម៉ាស៊ីន​វៀល​១​គ្រឿង​,​ម៉ូ​ទ័​រ​ខាត់​២​គ្រឿង​, និង​ម៉ាស៊ីន​គោយន្ត​ចំនួន​២​គ្រឿង​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ស្ថិតក្នុង​ឃុំ​ជាំ​ក្សាន្ត និង​ថ្នាល​បណ្តុះ​កូនឈើ​ផ្នែក ក្នុង​ឃុំ​រំដោះ​ស្រែ និង​ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ៕S/