​សមត្ថកិច្ច​អន្តរាគមន៍​ករណី​ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​រយៈពេល​៤​ឆ្នាំ​ទើប​បែកធ្លាយ​

985
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្មេងស្រី​ម្នាក់​ជា​កូនឈ្នួល បម្រើ​ការងារ​នៅផ្ទះ​អ្នកលក់​សម្លៀកបំពាក់​មួ​យ​កន្លែង ផ្ទះ​លេខ​១៧​អា ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​ក្មេងស្រី​ម្នាក់​ត្រូវបាន​ស្ត្រី​ម្ចាស់ផ្ទះ ប្រើ​អំពើ​ហឹ​ង្សា ធ្វើ​ទារុណកម្ម សឹង​រាល់ថ្ងៃ វាយ ចាក់ ឈានដល់​បង្អត់បាយ ជារឿយៗ ។

​អស់​រយៈពេល​៤​ឆ្នាំ ដោយ​ទង្វើរ​សាហាវ​ពេក ទើប​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​នេះ បែកធ្លាយ​រឿង ពលរដ្ឋ​ក្បែរ​ខាង​រាយការណ៍ សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ រំដោះ​ក្មេងស្រី ចេញពីផ្ទះ​កើតហេតុ និង​ឃាត់​នាំ​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ជា​ស្រីនូ​ហៅ​ស្រី​ពៅ​អាយុ​១៦​ឆ្នាំ​មក​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​រយៈពេល​៤​ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ​ចំណែក​ស្ត្រី​ចិត្តកំណាច មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ ភា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ នៅផ្ទះ​កើតហេតុ​។ បើតាម​អ្នក​ក្បែរ​ខាង​ថា ជា​ជនជាតិ​វៀតណាម កាត់​ចិន មាន​ប្តី ឈ្មោះ សុខ ទី អាយុ​៣៣​ឆ្នាំ មុខរបរ លក់​សម្លៀកបំពាក់ មានកូន​ស្រី​ម្នាក់​ក្នុងបន្ទុក ។​

​តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ ទាំង​ទឹកភ្នែក ក្នុង​អារម្មណ៍​ភ័​រ​ញ័រ ប្រាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា គាត់​ត្រូវបាន​ស្ត្រី​ខាងលើ យកមក​ឲ្យ​ធ្វើ​ការងារ តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្លេះ ធ្វើជា​កូនឈ្នួល​បម្រើ ផ្ទះ​ខាងលើ រហូតមកដល់​ពេលនេះ អស់​រយៈពេល​៤​ឆ្នាំ​ហើយ​។

ស្ត្រី​ម្ចាស់ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការងារ តាំងពីព្រឹក​ទល់​យប់ បើ​ធ្វើ​មិនទាន់ ប្រដាប់​ដោយ​ដែក វាយ ពេញ​រាងកាយ ក្បាល ជួន យក​ម្ជុលដេ​ប៉ាក់ មកចាក់ លើ​រាងកាយ ក្នុង​១​ថ្ងៃៗ ឲ្យ​ហូបបាយ​២​ពេល ពេលព្រឹក និង​ពេល​ល្ងាច ថ្ងៃត្រង់​បន្ត​ឲ្យ​ធ្វើ​ការងារ ។
​ក្មេងស្រី​រងគ្រោះ​បាន​បន្តទៀតថា មក​ស្នាក់នៅ​ធ្វើការ​ដំបូង បាន​ប្រាក់​ឈ្នួល​៦០​ដុល្លារ​ក្នុង​១​ខែ ។​ទើបតែ​១​ឆ្នាំ​មកនេះ បាន​១០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ខែ​ថ្មី​នេះ ម្តាយ​នាង​មានការ​ខ្វះខាត ថវិកា ទិញ​ថ្នាំ ព្យាបាល​ឪពុក បាន​សុំ​ខ្ចីលុយ​១០០​ដុល្លារ​មុន ។

​អ្វី​ជាងនេះទៅទៀត ម្ចាស់ផ្ទះ​ដាក់​បម្រាម មិន​ឲ្យ​និយាយ​រឿង​ធ្វើ​ទារុណកម្ម​រាងកាយ​ប្រាប់​អ្នកជិតខាង​ឬ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ​នៅឯ​ស្រុក​ឡើយនិង មិន​អនុញាត​ឲ្យ ជួប​និយាយ​ជាមួយ​ម្តាយ​តាម​ទូរស័ព្ទ​ទេ ។​

​ក្រោយ​មានការ​បំភ្លឺ​ពី​ក្មេងរងគ្រោះ សមត្ថកិច្ច​ហៅ​នាំខ្លួន​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផ្អែកលើ​ភស្តុតាង ស្លាកស្នាម ជាំ របួស ពេញ​ខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/

​សមត្ថកិច្ច​អន្តរាគមន៍​ករណី​ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​រយៈពេល​៤​ឆ្នាំ​ទើប​បែកធ្លាយ​