​សមាជិកសភា​រុស្ស៊ី​!​អ្នកចូលរួម​បោះឆ្នោត​ច្រើន​បង្ហាញ​ពី​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​

1057
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សមាជិកសភា​សហព័ន្ធ​នៃ​សហព័ន្ធ​រុស្សី​ដែល​បានមក​សង្កេតការណ៍​កា​របោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​កម្ពុជា​បាន​លើកឡើងថា​”​អ្នកចូលរួម​បោះឆ្នោត​មាន​យ៉ាងច្រើន​កុះករ​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​និង​ចំពោះ​មូលហេតុ​សន្តិភាព ស្ថិរ​-​ភាព និង​ការអភិវឌ្ឍ​”​។​

​សមាជិកសភា​រូបនេះ​បានលើកឡើង​ទៀតថា​៖​តាមរយៈ​បេសកកម្ម​នេះ​គណៈប្រតិភូ​អ្នកសង្កេតការណ៍​រុស្ស៊ី​បានគត់សម្គាល់​ឃើញថា​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​និង​លូតលាស់​លើ​គ្រប់​វិស័យ​ក្នុង​ល្បឿន​ដ៏​ឆាប់រហ័ស​។​

​លោក​ស្តេ​ហ្វា​ន​ឮ​ហ្សៀ​យ៉ា​កូវ​(StepanZHIRYAKOV)​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុងពេល​អញ្ជើញ​ចូលជួប​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា​។​

នៅក្នុង​ជំនួប​នោះដែរ​លោក Stepan ZHIRYAKOV ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ទទួល​ជួប​ជាមួយនឹង​គណៈប្រតិភូ​នាពេលនេះ​និង​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​អញ្ជើញ​ប្រទេស​រុស្ស៊ី​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះ​លោក​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ការគោរព​ពី​ថ្នាក់ដឹកនាំ​នៃ​សភា​ទាំងពីរ​របស់​ប្រទេស​រុស្ស៊ី​ជូន​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា និង​ថ្លែង អំណរគុណ​ចំពោះ​ព្រឹទ្ធសភា និង​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​អញ្ជើញ​លោកស្រី Valentina Matvienko ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​ស្តេ​ហ្វា​ន ហ្សៀ​យ៉ា​កូវ មាន​ជំនឿ​ជឿជាក់ថា នាពេល​អនាគត ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន ក៏ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ កាន់តែ​រីក ចម្រើន​រឹងមាំ​ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

ជាមួយគ្នានេះ លោក​ប្រធាន​គណៈប្រតិភូ បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ព្រឹទ្ធសភា​ដែល​បាន​អញ្ជើញ​ចូលរួម សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​និង​សូម​ស្វាគមន​ចំពោះ​វត្តមាន​របស់លោក​ប្រធាន​គណៈប្រតិភូ​និង​សមាជិក​គណៈប្រតិភូ​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​សង្កេតការណ៍​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជាមួយគ្នានេះ​សម្តេច​ប្រធានព្រឹទ្ធសភា​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សភា​និង​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី​ដែល​បាន​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​ព្រឹទ្ធសភា​រដ្ឋសភា​កម្ពុជា​ហើយ​បាន​បញ្ជូន​គណៈប្រតិភូ​ម​ក​ចូលរួម​ធ្វើជា​អ្នក​សង្កេត ការណ៍​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា មាន​ជំនឿ​ជាក់​ថា តាមរយៈ​ដំណើរ​បេសកកម្ម​របស់​គណៈប្រតិភូ​នាពេលនេះ នឹង​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​តាំងពី​យូរ យារ​មកហើយ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​នាពេល​អនាគត​។

សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​រុស្ស៊ី​ដែល​បាន​អញ្ជើញ​គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា​ទៅ​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​កាលពី​ថ្ងៃទី​១៨ ខែមីនា​ឆ្នាំ​២០១៨​។​សម្តេច​វិបុល​សេនា​ភក្តី​បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កាលពី​ម្សិលមិញ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ មាន​តម្លាភាព ក្នុង​សុខសន្តិភាព និង​គ្មាន​អំពើហិង្សា​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដល់​សភា​រុស្ស៊ី ដែល​បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ចំពោះ​សម្តេច​និង​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​បានប្រកាស​ត្រៀមខ្លួន​ដើម្បី​ទទួល ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជំទាវ Valentina Matvienko ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ នៃ​សភា​សហព័ន្ធ នៃ​សហព័ន្ធរុស្ស៊ី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ខែធ្នូ​ខាងមុខនេះ​។

តាមរយៈ​គណៈប្រតិភូ សម្តេច​វិបុល​សេនា​ភក្តី​បាន​អញ្ជើញ​លោកជំទាវ​Valentina Matvienko ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី​មក​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​។​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី​មានការ​រីកចម្រើន​គួរ​ជាទី​មោទនៈ​។​

ទន្ទឹមគ្នានេះ​សម្តេច​វិបុល​សេនា​ភក្តី​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​រុស្ស៊ី​ដែល​បាន​បង្ក​ឱកាស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៧​និង​ត្រៀម​ចូលរួម​កិច្ចប្រជុំ​ដូចគ្នានេះ នៅ​ប្រទេស​តួ​ក​គី នា​ខែតុលា ខាងមុខ​។​
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ប្រសិទ្ធិ​ពរ​សូមឱ្យ​កិច្ច​ស​ប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​កាន់តែ​រីកចម្រើន​បន្តទៅ​អនាគត និង​សូម​ប្រសិទ្ធពរ​ជូន​គណៈប្រតិភូ ឱ្យមាន​សុខភាព​ល្អ​និង​ជោគជ័យ​ព្រមទាំង​ជូនពរ​ឱ្យ​គណៈប្រតិភូ​ទទួលបាន​ល​ទ្ធ​ផល​ល្អ ក្នុងជំនួប​ជាមួយនឹង​ក្រុម​មិត្តភាព​ទ្វេភាគី​ព្រឹទ្ធសភា​កម្ពុជា​ជាមួយ​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី​នា​ព្រឹក​នេះ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​សហព័ន្ធ នៃ​សភា​សហព័ន្ធ នៃ​សហព័ន្ធរុស្ស៊ី ដឹកនាំ​ដោយ​លោក Stepan ZHIRYAKOV អនុប្រធាន​គណៈកម្មាធិកា​រ​កសិកម្ម គោលនយោបាយ​ស្បៀងអាហារ និង​ការគ្រប់គ្រង​បរិស្ថាន នៃ​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ នៃ​សហព័ន្ធ​រុស្សី ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា​


​ ​