​សមាជិកសភា​ស្ត្រី​លើកទឹកចិត្ត​និង​ជំរុញ​នារី​វ័យក្មេង​ឆ្ពោះទៅរក​ភាពជា​អ្នកដឹកនាំ​

170
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សមាជិកសភា​ស្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានរួម​គ្នា​បើក​យុទ្ធនាការ​មួយ​ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​នារី​វ័យក្មេង​ឱ្យ​គិត​ឆ្ពោះទៅរក​ភាពជា​អ្នកដឹកនាំ​។​«​យុទ្ធនាការ​យុវនារី​វ័យក្មេង​ឆ្ពោះទៅរក​ភាពជា​អ្នកដឹកនាំ​»​នេះ​បាន​ត្រូវ​រៀបចំ​ធ្វើឡើង​ដើម្បី​ជំរុញ​ភាព​អង់អាច​ដល់​កុមារី​និង​យុវតី​។ មាន​យុវតី​ជា​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន​២៥ ក្នុង​រាជធានី​ភ្នំពេញ និង ខេត្តរតនគិរី បាន​ចូលរួម​យុទ្ធនាការ​នេះ​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយបាន​ស្តាប់​ការពន្យល់ បង្ហាញ​ពី​សមាជិកសភា​ជា​ស្ត្រី មកពី​ព្រឹទ្ធសភា​និង​រដ្ឋសភា​។​

​លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវ​ជ​នីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា បាន​គូសបញ្ជាក់ថា​នេះ​ជា​លើក​ទី​១​ហើយ ដែល​រដ្ឋសភា​កម្ពុជា​បានរៀបចំ​យុទ្ធនាការ​នេះ​ឡើង​។​យុទ្ធនាការ​នេះ​បានកើត​ឡើង​ក្រោយពី​សមាជិកសភា​ស្ត្រី​មួយក្រុម​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អ្នកដឹកនាំ​នយោបាយ​ជា​ស្ត្រី នៅ​ប្រទេស​ជប៉ុន កាលពី​ខែមិថុនា កន្លងទៅ​។

​វេទិកា​នោះបាន​ប្រមូលផ្តុំ​អ្នកនយោបាយ​ជា​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ជជែក​ពិភាក្សា​ផ្លាស់ប្តូរ​គំនិត​យោបល់​គ្នា​និង​រិះរក​មធ្យោបាយ​ផ្សេងៗ​សំដៅ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ស្ត្រី​នៅក្នុង​ពិភព​ល​លោក​កំពុង​ជួបប្រទះ​ដូចជា​បញ្ហា​គម្លាត​យេនឌ័រ​ភាព​ប្រឈម​នៃ​ការអភិវឌ្ឍ​ជាពិសេស​រនាំង​ដែល​រារាំង​វត្តមាន​ស្ត្រី​មិន​ឲ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ជាដើម​។​

​សមាជិកា​រដ្ឋសភា​រូបនេះ​បានលើកឡើង​បន្ថែមថា​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ក្លាយជា​អ្នកដឹកនាំ​នេះ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​គោលបំណង​ស្វែងរក​ការចូលរួម​របស់​យុវតី​ឱ្យ​កាន់តែច្រើន​ក្នុង​វិស័យ​នយោបាយ​ហើយ​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សហគមន៍​អឺរ៉ុប​។​យុទ្ធនាការ​នេះ​បាន​ធ្វើជា​លើកដំបូង​នៅ​ខែតុលា ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ា​ល់តា​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ត្រី​ដែល​បាន​គាំទ្រ​ដល់​យុទ្ធនាការ​នេះ​គូសបញ្ជាក់ថា​ទោះបី​នេះ​ជា​យុទ្ធនាការ​លើកដំបូង​ដែល​សភា​កម្ពុជា​បានធ្វើ ប៉ុន្តែ​សកម្មភាព​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ត្រូវបាន​អនុវត្ត​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។​ជាពិសេស​បានចែង​យ៉ាងច្បាស់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នៅ​គ្រប់​ដំណាក់កាល​។​ស្ត្រី​នៅ​កម្ពុជា​ត្រូវបាន​ជំរុញ​លើកទឹកចិត្ត​ទាំង​ក្នុង​វិស័យ​ឯកជន​និង​រដ្ឋ​។​ស្ត្រី​នៅ​កម្ពុជា​បានក្លាយ​ជា​អ្នកដឹកនាំ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ជា​អ្នកនយោបាយ ជា​ពាណិជ្ជករ និង​បាន​ដឹកនាំ ក្នុង​វិស័យ​ផ្សេងៗ​ទៀត​។​

​តែ​ទោះយ៉ាងណា​លោកស្រី​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​ការរៀបចំ​យុទ្ធនាការ​នាពេលនេះ​។​យុទ្ធនា​ការដែល​បានផ្តល់​ឱកាស​ដល់​យុវតី​ពិសេស​យុវតី​ជនជាតិដើម​ភាគតិច​បានមក​ស្គាល់​វិមាន​រដ្ឋសភា​បានឃើញ​កន្លែងធ្វើការ​រ​បស់​តំណាងរាស្ត្រ​ពិសេស​បាន​ស្តាប់​ការរៀបរាប់​បទពិសោធ​ន៍​ផ្ទាល់​ពី​សមាជិកសភា​ស្ត្រី​។​”​នេះ​ជា​ចំណុច​ល្អ​មួយ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​យុវតី​ក្លាយជា​អ្នកដឹកនាំ​ដោយ​ពួកគេ​នឹងមាន​ភាព​អង់អាច​ក្នុងការ​សម្រេចចិត្ត​លើ​វាសនា​របស់ខ្លួន​នៅពេល​ពួកគេ​បានឃើញ​អ្វីដែល​គំរូ​” នេះ​ជាការ​គូសបញ្ជាក់​របស់​លោកស្រី ឃួន សុ​ដា​រី​។​

​សូមជម្រាបថា មាន​យុវតី​ប្រមាណ​ជិត​៣០០​នាក់ មកពី​វិទ្យាល័យ​ចំនួន​២០​នៅក្នុង​រាជធានី​ភ្នំពេញ និង​វិទ្យាល័យ​ចំនួន​៥​មកពី​ខេត្ត​ពី​ខេត្តរតនគិរី​បាន​ចូលរួម​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​។​ពេញ​មួយ​ព្រឹក​សមាជិកសភា​ស្ត្រី​បាន​ចែករំលែក​បទពិសោធន៍​ការងារ​ផ្ទាល់​ធ្វើ​បទ​បង្ហាញ​ពី​ការងារ​សភា​ដល់​យុវ​សិស្ស​បាន​ស្តាប់​។​យុវតី​ដែល​បាន​ចូលរួម​យុទ្ធនាការ​នេះ​បាន​ទស្សនា​កន្លែង​សំខាន់ៗ​នៅក្នុង​វិមាន​រដ្ឋសភា​ពិសេស​សាលប្រជុំ​រដ្ឋសភា​ទៀតផង​មុន​ពួកគេ​នាំយក​បទពិសោធន៍​ល្អៗ ទិដ្ឋភាព​ថ្មីៗ ចំណេះដឹង​ល្អៗ​ពី​វិមាន​រដ្ឋសភា​ពី​សមាជិកសភា​ជា​ស្ត្រី​ទៅកាន់​សហគមន៍​ពួកគេ​វិញ​៕S/

​ចំណងជើង​រូបថត​៖​សមាជិកសភា​ស្ត្រី លើកទឹកចិត្ត​និង​ជំរុញ​នារី​វ័យក្មេង​ឆ្ពោះទៅរក​ភាពជា​អ្នកដឹកនាំ​