​សមិទ្ធផល​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ​ផ្តល់ជូន​អ្នក​ឃុំ​ស្នាយ​អ​ញ្ជិ​ត​ស្រុក​ជុំ​គិរី​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​

1154
ចែករម្លែក

​(​កំពត​)៖ តាមរយៈ​ក្រុម​ហ៊ុនហ្យ​ន់​ឌេ​អ៊ី​ន​ជីន​នា​រីង (HYUNDAI ENGINEERING Co., Ltd) និស្សិត ស្ម័គ្រចិត្ត​មកពី​ប្រទេស​កូរ៉េ​ជាង​មួយរយ​នាក់​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត​អំឡុងពេល​ប្រាំបួន​ថ្ងៃ​បង្កើតជា​សមិទ្ធផល​ផ្នែក​អប់រំ​មួយចំនួន​តម្លៃ​ជាង​ប្រាំមួយ​ម៉ឺន​ដុល្លារ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត បំណង​ឱ្យមាន​ការបង្កើន​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ សមិទ្ធ ផល​ទាំងនោះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដែលមាន​អ្នកចូលរួម​អបអរសាទរ​ប្រមាណ​៤៤០​នាក់ លោក​ចាន់ ប៊ុនណាង អនុប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ជុំ​គិរី​បានឱ្យដឹងថា​កន្លងមក​ក្រោម​កិច្ចសហការ​ជាមួយ អង្គការ KFHI របស់​ប្រទេស​កូរ៉េ ស្រុក​ជុំ​គិរី​បានទទួល​អគារសិក្សា​ប្រាំ​ខ្នង​សម្រាប់​សាលា​ពន្លឺ​នៃ​ក្តីសង្ឃឹម​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាភុល ឃុំ​ស្នាយ​អ​ញ្ជិ​ត​។

ដោយឡែក​ពេលនេះ​ជាការ​សម្ពោធ​អគារសិក្សា​មួយ​ខ្នង​ថ្មី ព្រមទាំង​សមិទ្ធផល​មួយចំនួន​បន្ថែមទៀត ដែលជា​អំណោយ​របស់​ក្រុមហ៊ុន​ហ្យ​ង់​ឌេ​អ៊ី​ន​ជីន​នា​រីង​តាមរយៈ​អង្គការ KFHI ដដែល បន្ទាប់ពី​ម្ចាស់​ក្រុមហ៊ុន​នាំ​និស្សិត​ស្ម័គ្រចិត្ត​កូរ៉េ​ជាង​មួយរយ​នាក់ មក​សាងសង់ និង​ធ្វើ​សកម្មភាព​ផ្ទាល់​អំឡុងពេល​ប្រាំបួន​ថ្ងៃនោះ​។​

​លោក​លី សង​មីន ប្រធាន​អង្គការ KFHI បាន​មានប្រសាសន៍ថា​ព្រោះតែ​មើលឃើញ​ពី​ជីវភាព និង ធនធានមនុស្ស​ក្នុង​ឃុំ​ស្នាយ​អ​ញ្ជិ​ត​នៅមានកម្រិត ដែលនាំឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ហាក់​យឺតយ៉ាវ ជាង​បណ្តា​មូលដ្ឋាន​ផ្សេងៗ ទើប​អង្គការ​របស់លោក​ស្វះ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា​ដោយ​ផ្តោត ជាសំខាន់​លើ​ផ្នែក​អប់រំ​។ ដូច្នេះហើយ​ទើប​កន្លងមក អង្គការ KFHI កៀរគរ​សប្បុរសជន​រហូត​សាងសង់​អគារសិក្សា​ចំនួន​ប្រាំ​ខ្នង​ក្នុង​សាលា​ពន្លឺ​នៃ​ក្តីសង្ឃឹម និង​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រួចរាល់​។

ថ្មីៗ​នេះ ក៏​ទទួលបាន​ក្រុមហ៊ុន​ហ្យ​ន់​ឌេ​អ៊ី​ន​ជីន​នា​រីង​ដែល​នាំ​និស្សិត​កូរ៉េ​មកពី​សាកលវិទ្យាល័យ​ក្រុង​ហេ​ប​ភី​មូ​ចូល រួម​សាសង់​អគារសិក្សា​មួយ​ខ្នង​មាន​បី​បន្ទប់ បន្ទប់ទឹក​ពីរ កន្លែង​ក្មេង​លេង​កម្សាន្ត លាបថ្នាំ ផាត់​ពណ៌ ព្រម ទាំង​ធ្វើ​របង​សាលា​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែកក្កដា​ចំណាយ​ទឹកប្រាក់​ចំនួន ៦៣.០០០​ដុល្លារ និង​ឱ្យ​ឈ្មោះថា​គម្រោង​ក្តីសង្ឃឹម​ថ្មី​។

លោក​លី សង​មីន​នៅបាន​បញ្ជាក់​ឱ្យដឹងថា​ហ្យ​ន់​ឌេ​អ៊ី​ន​ជីន​នា​រីង ជា​ក្រុមហ៊ុន​មួយ​ដែល​ធ្លាប់​សាងសង់​សំណង់​ធំៗ ដូចជា​សាងសង់​អគារ​អ៊ី​អន​ម៉​ល​ទី​ពីរ អគារ​ធនធានមនុស្ស អគារ​ភ្នំពេញ​ថៅ​វើ ធនាគារ​អេស៊ីលីដា ព្រមទាំង​ផ្លូវជាតិ​ផ្សេងៗ​ផងដែរ​។ ក្រុមហ៊ុន​នេះ​ក៏មាន​ទីតាំងនៅ​ប្រទេសមួយ​ចំនួន​ដូចជា បង់​ក្លា​ដេ​ស ភី​លី​ពី​ន អូ​បេ​គី​ស្ថាន ហើយ​តែង​ជួយ​រាល់​តម្រូវការ​ខ្វះខាត​ដល់ ពលរដ្ឋ​ម្ចាស់​ប្រទេស ពិសេស​លើ​ផ្នែក​សំណង់ ដូចជា​នៅ​កម្ពុជា​អំពី​សំណង់​ពាក់ព័ន្ធ​វិស័យ​អប់រំ​ជាដើម​៕S/​ដោយ បូកគោ​

​សមិទ្ធផល​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ​ផ្តល់ជូន​អ្នក​ឃុំ​ស្នាយ​អ​ញ្ជិ​ត​ស្រុក​ជុំ​គិរី​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​