​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​ជួយ​ជនរងគ្រោះ​កម្ពុជា​

1119
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ដល់​សប្បុរស​ជនជាតិ​និង​អន្ដរជាតិ​បន្ដ​ចូលរួម​ផ្ដល់​ថវិកា​និង​សម្ភារៈ​ដើម្បី​ចូលរួមចំណែក​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​បំផុត​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន​ចំនួន​បី​កាលពី​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​ស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​។​

ក្នុងជំនួប​នោះ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ត​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​និង​សប្បុរសជន​ទាំងអស់​ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​កន្លងមក ។​
​ចំពោះ​អំណោយ​ក្នុងថ្ងៃនេះ​កាកបាទក្រហម​នឹង​យកទៅ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​មហន្ដរាយ​នានា ជនពិការ ចាស់ជរា ស្ដ្រី​មេម៉ាយ និង​កុមារកំព្រា ដែល​កំពុង​ជួប​ការលំបាក​។​

ទន្ទឹមនឹងនោះ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ក៏​ថ្លែង​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​បន្ដ​ការជួយឧបត្ថម្ភ​ទៅតាម​សទ្ធា​ជ្រះថ្លា​ដល់​កាកបាទក្រហមកម្ពុជា​ដើម្បី​មានលទ្ធភាព​ក្នុងការ​បន្ដសកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ នៅ​ទូទាំងប្រទេស ជាពិសេស​ស្ដ្រី​មេម៉ាយ​ចាស់ជរា​គ្មាន​ទីពឹង​ក៏ដូចជា​ប្រជាជន​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះ​មន​ហ​ន្ដ​រាយ​នានា​ដោយ​ភ្លើង​ឆេះ​ខ្យល់​កន្ដ្រាក់ ជាដើម​។

​ជាការ​ឆ្លើយតប​គណៈប្រតិភូ​តំណាង​ឲ្យ​គ្រប់​ក្រុមហ៊ុន​ទាំងអស់​បាន​សម្ដែង​ការពេញចិត្ដ​និង​មាន​ទំនុក​ចិ​ត្ដ​យ៉ាងខ្លាំង ពី​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ខិតខំ​ប្រឹងប្រែង ជួយ​លើកតម្កើង​កម្រិតជីវភាព​របស់​ប្រជាជន​ទូទាំងប្រទេស ពិសេស​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​នឹង​តំរូវការ​របស់​ប្រជាជន បាន​ទាន់ពេលវេលា ដែល​នេះ​បាន​បង្ក​ឲ្យ​មាន​ជំនឿ​ជឿជាក់​បន្ថែមទៀត ។​

​គួរ​ជម្រាប​ថាៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩ ក្រុមហ៊ុន​តេ​ឡា​កម្ពុជា (TELA CAMBODIA CO .,LTD) ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឈុន អូន អគ្គនាយក​ក្រុមហ៊ុន​តេ​ឡា​កម្ពុជា បាន​ឧបត្ថម្ភ​ទឹកប្រាក់​១​ពាន់​លាន​រៀល​(​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​អាមេរិក​)​ជូន​កាកបាទក្រហមកម្ពុជា​។​

ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក (HSIN NIU INVESTMENT CO.,LTD) ដឹកនាំ​ដោយ​លោក ផេ​ត​ធ័​រ វ៉ាង​(PeterWang)​អគ្គនាយក​ក្រុមហ៊ុន​ឧបត្ថម្ភ​៥​ម៉ឺន​ដុល្លារ​អាមេរិក​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅ ប្រទេស​របស់​តៃវ៉ាន់ (Taiwan External Trade Develpment Council:THAITRA) ដឹកនាំ​ដោយ​លោក លូ គើ​ហ្សី​ង (Lo Kuei Hsing) សមាជិក​ក្រុមប្រឹក្សាភិបាល​ប្រចាំ​ខេត្ដ Maoli ឧបត្ថម្ភ​៥​ម៉ឺន​ដុល្លារ​អាមេរិក និង​បន្ដ​បរិច្ចាគ​៥​ភាគរយ នៃ​ប្រាក់ចំណេញ​នៃ​ក្រុមហ៊ុន​ក្នុង​រយៈ​ចំនួន​១០​ឆ្នាំ ជូន​ដល់​កាកបាទក្រហមកម្ពុជា​ផងដែរ ។​

​សូម​ជម្រាបជូន​ថា កាកបាទក្រហមកម្ពុជា នឹង​ប្រារឰ​មិ​ទ្ទីង​ថ្នាក់ជាតិ ដើម្បី​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ២០១៩ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» និង​អបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​៨​ព្រឹក ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដោយមាន​វត្តមាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ និង​សប្បុរសជន​ចូលរួម​ប្រមាណ​៤​ពាន់​នាក់​៕S/

​ចំណងជើង​រូបថត​៖​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន​ចំនួន​បី​នា​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា (​រូប​ថ​តៈ វីរៈ​មុនី​)