​សម្ដេច​តេ​ជោ​ជួយ​សាងសង់​ដំបូល​និង​តួ​ផ្សារ​ច្បារអំពៅ​ឡើងវិញ

1524
ចែករម្លែក

ដោយៈ​រ៉ា​ម៉ន​,​ឆាយា​នាថ/​ភ្នំពេញៈ លោក​អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាស​នៅ​ចំពោះមុខ​អាជីវករ​ផ្សារ​ច្បារអំពៅ​ថាស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានសម្រេច​រួចហើយ​ឱ្យមាន​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​។​ចំពោះ​ដំបូល​និង​តួ​ផ្សារ​ទាំងមូល​គឺ​សម្តេច​ជា​អ្នកចេញលុយ​សង់​ទាំងស្រុង​ជំនួស​អាជីវករ​ទាំងអស់​។​ចំណែក​អាជីវករ​ត្រូវ​សាងសង់​តូប​ឡើងវិញ​ដោយ​ខ្លួនឯង​រៀងៗ​ខ្លួន​។​

លោកឃួងស្រេងពេលជួបអាជីវករផ្សាច្បារអំពៅ(រូបរ៉ាម៉ន)

​ការប្រកាស​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា ក្នុងពេល​លោក​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​នាំយក​កាដូ​របស់​សម្ដេច​តេ​ជោ​មក​ប្រកាសជូន​អាជីវករ​ផ្សារ​ច្បារអំពៅ​និង​ចុះសួរសុខទុក្ខ​ផង​ពិនិត្យមើល​ស្ថានភាព​ផ្សារ​ច្បារអំពៅ​បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​អស់​រាប់រយ​តូប​កន្លងមក​នោះ​ផង​។​

​ ​លោក​ឃួ​ង ស្រេង បានបញ្ជាក់​នៅ​ចំពោះមុខ​អាជីវក​រដែ​រថា​ចំពោះ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​គឺ​មិនឱ្យ​មានការ​ដំឡើង​ចំនួន​តូប​ឡើយ ។​បើ​បងប្អូន​ណា​ទទួលបាន​ព័ត៌មាន​ថា​មានការ​ដំឡើង​ចំនួន​តូប​លើសពី​ចំនួន​តូប​ដែល​បាន​ឆេះ​នោះ​សូម​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​,​អាជ្ញាធរ​នឹងមាន​វិធានការ​ភ្លាម​។ លោក​បន្តទៀតថា​ក្រៅពី​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​ធ្វើការ​សាងសង់​តួ​ផ្សារ​ឱ្យ​ហើយ​នោះ​ខាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹង​ជួយ​កសាង​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ ចាក់សាប​ក្នុង​ផ្សារ​ឱ្យ​ស្អាត និង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ចេញ​ក្រៅ​ផ្សារ​ឱ្យ​ថែម​ទៀតផង​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង​បាន​សំណូម​ដល់​អាជីវករ​ទាំងអស់​ជួយ​ចូលរួម​លើ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​ផ្សារ​ឱ្យបាន​ល្អ​និង​មាន​សោភ័ណភាព​។​

​ជាមួយគ្នា​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ដែរថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមិន​យកប្រាក់​ពី​អាជីវករ លើ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​ឡើយ រួម​នឹង​ការផ្តល់សេវា​ផ្សេងៗ មិន​យកប្រាក់​ផងដែរ ។​

​ដោយឡែក​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២០ ខែមីនា បាន​និយាយថា ក្រោយ​កើត​គ្រោះ​អកុសល ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ​និង​សាលាខណ្ឌ​ច្បារអំពៅ​បាន​ចុះមក​ពិនិត្យ​នៅ​កន្លែង​រងគ្រោះ​និង​សិក្សា​ពី​គម្រោង​ដែល​ត្រូវធ្វើ​ដំបូល​ផ្សារ​ឱ្យ​អាជីវករ ។​ចំពោះ​តូប​លក់ដូរ​ដែល​នៅ​សេសសល់​ពី​ភ្លើង​ឆេះ​នឹងត្រូវ​ធ្វើ​របង​ស័ង្កសី​ព័ទ្ធជុំវិញ​ដើម្បី​ការពារ​សុវត្ថិភាព ទុកឱ្យ​អាជីវករ​ចូល​លក់ដូរ បណ្តោះអាសន្ន ។ ប៉ុន្ដែ​ពេលនេះ​ក្រុមការងារ​មិនទាន់បាន​សាងសង់​នៅឡើយ​ទេ ព្រោះ​កំពុង​ព​ន្លឿ​ន​ការ​ជញ្ជូន​កំទេចកម្ទី​ចេញពី​តំបន់​រងគ្រោះ​ឱ្យអស់​សិន​ទើប​ចាប់ផ្តើម​សាងសង់​ដំបូល​និង​របង ។​
​លោក​អភិបាលរង បញ្ជាក់ថា ដើម្បី​ជំរុញ​ការងារ​ដឹកជញ្ជូន​សំណល់​បាក់បែក​ឱ្យបាន​ឆាប់​ពេលនេះ​គ្រឿងចក្រ​ចំនួន​បី​គ្រឿង​និង​រថយន្ត​សម្រាប់​ដឹក​ជាច្រើន​គ្រឿង​ទៀត​បានមក​ដល់ទី​តាំង​រងគ្រោះ​ហើយ ដោយ​តម្រូវឱ្យ​ធ្វើការ​ទាំងថ្ងៃទាំងយប់ ។ បើតាម​ការវាយតម្លៃ​ពី​ទំហំ​ការងារ​នេះ ក្នុង​ចន្លោះ​ពី​៣​ថ្ងៃ​ទៅ​៥​ថ្ងៃ​ក្រុមការងារ​នឹង​សម្រុក​ដឹកជញ្ជូន​កំទេចកម្ទី​ចេញពី​ទីតាំង​រងគ្រោះ​ឱ្យ​រួចរាល់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ក្រុមការងារ​ផ្នែក​សាងសង់​របង​និង​ដំបូល​ផ្សារ ។ ចំណែក​តូប​លក់ដូរ​ដែល​ត្រូវ​ភ្លើង​ឆេះ​អាជីវករ​យល់ព្រម​ធ្វើ​ដោយ​ខ្លួនឯង​ទៅតាម​ទំហំ​តូប​ដែលមាន​ស្រាប់ ។​

​សូម​បញ្ជក់​ថា​តូប​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​មាន​ចំនួន​៦៤៦​តូប ក្នុងចំណោម​១.៤៤៧​តូប បើ​គិត​ជា​ទឹកប្រាក់​បាត់បង់​ដោយសារ​អគ្គិភ័យ​នេះ​មាន​ជិត​ប្រាំ​លាន​ដុល្លារ​អាមេរិក ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ ៕MN

ផ្សារច្បារអំពៅក្រោយភ្លើងឆេះ