​សម្ដេច​ប្រមុខរដ្ឋស្ដីទី ៖ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន គ្រាំទ្រ​ចំណាត់ការ​រាជរដ្ឋាភិបាល ក្នុង​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម​

1081
ចែករម្លែក
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

ដោយ ៖ វិបុល /​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី ប្រមុខរដ្ឋស្តីទី​រាជរដ្ឋាភិបាល បាន​ថ្លែងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បាន​គាំទ្រ ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល និង​បាន​បន្ត​ចូលរួម​កាន់តែ​សកម្ម ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​បន្ត​អភិវឌ្ឍន៍​សង្គម​កាន់តែ​ច្រើន ។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​លើកឡើង នៅក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​សាលា​ពុទ្ធិក សាលា​និច្ច​ភ​ត្ក​កុដិ សមិទ្ធផល​នានា និង​ស្រង់​សុគន្ធវារី នៅ​វត្ត​ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គ ស្នូល ខេត្តកណ្តាល នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ឆ្នាំ​២០១៨ ជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​អភិវឌ្ឍន៍​សម្រេច​តាម​គោលដៅ​ធំៗ​គួរ ជាទី​មោទនៈ រួម មាន កម្ពុជា​បាន​នូវ​ឯករាជ្យ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​បាន​យ៉ាង​គត់មត់ តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញ ក្នុងនោះ​យើង​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង តាម​ការចរចា​ដោយ​សន្តិវិធី គឺ​ផ្នែក​លើ​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​កំពុង​កសាង​ខ្សែបន្ទាត់​ក្រ វ៉ា​ត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ឲ្យ​ក្លាយទៅជា​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ ។​

​សម្តេច សាយ ឈុំ បាន​បន្តថា បច្ចុប្បន្ន​យើង​រក្សាបាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់ សង្គម​បាន​យ៉ាង​រឹង​រាំ ក្នុង​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ចំណែក​ឧបាយកល​បដិវត្តន៍ ពណ៌ ដែល​ប៉ុនប៉ង ផ្ដួល​រាជរដ្ឋាភិបាល​ស្របច្បាប់ ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្នុងនោះ​តុលាការ​កំពូល​បានចេញ សាលដីកា រំលាយ​គណបក្សប្រឆាំង និង​ហាម​ឲ្យ​មេដឹកនាំ​គណបក្ស​នោះ​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ ដោយ​សាលដីកា​សម្រេច​ជា​ស្ថាពរ និង​បិតផ្លូវ​តវ៉ា ។​

​សម្តេច​វិបុល​សេនា​ភក្តី លើកឡើង​បន្តថា ដោយ​ឃើញ​ទង្វើ​ទាំងនេះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បាន​គាំទ្រ ចំណាត់ ការ​របស់​រាជរដ្ឋាភិបាល និង​បាន​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​បាន​បន្ត​ការអភិវឌ្ឍន៍​សង្គម​កា​ន់​តែ​រីកចម្រើន​។ ចំណែក​ពួក​ប្រឆាំង ពួក​អគតិ ទាំង​ក្នុង និង​ក្រៅ ប្រទេស បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជាការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ជាការ​រំលោភ​សិទ្ធិមនុស្ស ដ៏​ធ្ងន់ធ្ងរ ការអំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ការដាក់ទណ្ឌកម្ម​ខាង​នយោបាយ និង សេដ្ឋកិច្ច​មកលើ​កម្ពុជា ។ បញ្ហា​ទាំងនេះ ជា​ទង្វើ​ក្បត់​និង​ឆន្ទៈ​របស់​ប្រជាជន ក្បត់​និង​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម របស់​ប្រទេស ជាតិ ដែល​យើង​មិនអាច​អត់អោន​បាន​នោះឡើយ ។​

​សម្តេច សាយ ឈុំ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងពេល​ថ្មីៗ​នេះ មានការ​បែកធ្លាយ​ឯកសារ ដែល​ទណ្ឌិត សម រង្សី អតីត មេដឹកនាំ​គណបក្សប្រឆាំង បាន​សន្យា​កាត់​ដី​ចំនួន​៤​ខេត្ត គឺ​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តក្រចេះ ឲ្យ​ទៅ ជនជាតិភាគតិច​វៀត​ណា​ម (​ម៉ុង​តា​ញ៉ា​) នៅពេលដែល​ខ្លួន​ឈ្នះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី នេះ គឺ​បង្ហាញ​ពី​ទង្វើ​ក្បត់ជាតិ បើតាម​មាត្រា​៤៤០ នៃ​ក្រមព្រហ្មទណ្ឌ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ៕​

#