​សម្តេចនាយក​រដ្ឋមន្ត្រី ប្រាប់​មេធាវី​ឲ្យ​តាម​ទារលុយ​​៨០០​លាន​រៀលពី​អតីត​ទណ្ឌិត​ដែល​ទើប​ចេញពី​គុក​

497
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​មួយ ម៉ឺន​នាក់​នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា បាន​ប្រាប់​ឲ្យ​មេធាវី​របស់​រាជរដ្ឋាភិបាល តាម​ទារប្រាក់​សំណង​៨០០​លាន​រៀល​ពី​អតីត​ទណ្ឌិត​ម្នាក់ ដែល​ទើប​ចេញពី​ពន្ធនាគារ​កាលពីពេល​ថ្មីៗ​នេះ​។​

​អតីត​ទណ្ឌិត​ដែល​សម្ដេច​តេ​ជោ​នៅតាម​ទារ​ទឹកប្រាក់​សំណង​នេះ ទំនងជា​សំដៅលើ​លោក គឹម សុខ ដែល​ជាប់ពន្ធនាគារ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​ត្រូវបាន​តុលាការ​បង្គាប់​សំណង ៨០០​លាន​រៀល​ទៅ​សម្ដេច ហ៊ុន សែន នាពេល​កន្លងមក​។ មូលហេតុ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​រំឭក​ពី​ប្រាក់​សំណង​នេះ ដោយសារតែ​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​រូបនេះ បាន​ប្រើប្រាស់​ពាក្យពេចន៍​វាយប្រហារ​ទៅលើ​រាជរដ្ឋាភិបាល​។ សម្ដេច​តេ​ជោ​ចាត់ទុក​ពាក្យសម្ដី​បុគ្គល​រូបនេះ​ជាការ​ប្រមាថ ដោយ​លើកឡើងថា វា​ជាការ​ព្រហើន​មួយ ។​

​ទន្ទឹមនឹង​ការទាមទារ​សំណង​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ផងដែរ​ថាបើ​បុគ្គល​រូបនោះ​មិនមាន​ប្រាក់​សង​សម្ដេច​វិញ​ទេនោះ​រូបគេ​នឹង​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​សារជាថ្មី​។​
​នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​។​សម្តេច​កំពុង​ឲ្យ​មេធាវី​ខ្លួន​ពិនិត្យមើល​ផ្លូវច្បាប់​នះ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​បាន​ពន្យល់​ពី​ផ្លូវច្បាប់​ថា បើ​អ្នកណា​រួច​ទោស​ពី​ពន្ធនាគារ​តាមរយៈ​ព្រះរាជក្រឹត្យ​លើកលែងទោស ពី​ព្រះមហាក្សត្រ នោះ​ពួកគេ​មិនត្រូវ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង ដែល​តុលាការ​សម្រេច​នោះទេ ។ ប៉ុន្តែ​បើ​អ្នកណា​រួច​ទោស​តាមរយៈ​ការអនុវត្ត​ទោស​តាមច្បាប់​នោះ ពួកគេ​ត្រូវ​សង​រាល់​ទឹកប្រាក់​សំណង ដែល​តុលាការ​សម្រេច​ឲ្យ​គ្រប់​ចំនួន​ដល់​ដើមបណ្ដឹង​។​ ​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​«​អ្នក​រួច​ទោស​ដោយ​ការស្នើសុំ​ឲ្យ​លើកលែងទោស​សំណង​មិនត្រូវ​សង​ទេ​។ តែ​អ្នក​ដែល​រួច​ដោយ​មិនមាន​ការសុំ​លើកលែងទោស​ត្រូវតែ​សង ។ ជំពាក់​លុយ​គណបក្ស​ប្រជាជន ៨០០ លាន​ត្រូវតែ​សង​បើ​មិន​សងអា​ចនឹង​ចូល​គុក​វិ​។​សម្តេច​តេ​ជោ​បញ្ជាក់ថា​មា​ជ សុវណ្ណារ៉ា​, អ៊ុំ សំអាន ,​ទេព វ​ន្នី​ធ្វើលិខិត​សុំ​លើកលែងទោស​មិនត្រូវ​សង​ទេ​ឯ​ម្នាក់ទៀត​ដែល​រួច​ទោស​តាម​នីតិវិធី​នៅ​ជំពាក់​លុយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តុលាការ​កាត់​ឲ្យ​សង់​ត្រូវតែ​សង​» ។

​សម្តេច​តេ​ជោ​បាន​ព្រមាន​ថា​អ្នកឯង​កុំ​ព្រហើន​ឲ្យ​សោះ​បើ​មិន​សងលុយ​ទេ​ច្បាស់​ជា​ចូល​គុក​វិញ​ហើយ​។​ចេញមក​គេ​ធ្វើ​គេ​ជា​អ្នក​ព្រហើន បើ​គេ​ព្រហើន​យើង​ក៏​អនុវត្តន៍​ទៅតាម​ច្បាប់ បើ​មិនមាន​លុយ​សង​ត្រូវតែ​ចូល​គុក​វិញ ។​

​គួរបញ្ជាក់​ថា​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំកន្លះ ដោយ សារ​តែ​ចោទ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា​នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ។ តុលាការ​រាជធានី​ភ្នំពេញ​បានសម្រេច​ដូច្នេះ​តាមរយៈ​ការប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​១០ ខែ​ខែសីហា ឆ្នាំ​២០១៧​នេះ​។​ ​

​ក្រៅពី​ឲ្យ​ជាប់ពន្ធនាគារ​តុលាការ​ក៏បាន​តម្រូវ​ឲ្យ​លោក គឹម សុខ បង់ប្រាក់​ផងដែរ ។ បើតាម​សាលក្រម​របស់​តុលាការ លោក គឹម សុខ ត្រូវ​បង់ប្រាក់ ៨​លាន​រៀល​ចូលទៅ​រដ្ឋ​(​ផ្នែក​ព្រហ្មទណ្ឌ​) និង​បង់ប្រាក់​៨០០​លាន​រៀល​ទៀត ឲ្យ​ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន ដែលជា​ដើមបណ្តឹង (​ផ្នែក​រដ្ឋប្បវេណី​)៕ ល​