​សម្តេចព្រះ​មហាក្សត្រី​យ៍​ប្រទាន​ព្រះរាជ​ទ្រព្យ​និង​អាហារ​ដល់​សមាគម​តន្ត្រី​សំនៀង​ជនពិការ​

1565
ចែករម្លែក

ដោយៈ បូ​រិ​ន / ភ្នំពេញៈ​កាល​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ សម្តេចព្រះ​មហាក្សត្រី​យ៍ នរោត្តម មុនិនាថ​សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ត្រាស់បង្គាប់​ឲ្យ​លោកស្រី កែ គឹម​ហូ​យ ព្រះ​រាជលេខា​ផ្ទាល់​នាំយក​នូវ​ព្រះរាជ​ទ្រព្យ​ជា​ថវិកា​ចំនួន​១១.០០០​ដុល្លារ នឹង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​បរិក្ខា​មួយចំនួន​ដល់​សមាគម​តន្ត្រី​សំនៀង​ជនពិការ ដើម្បី​ចូលរួមចំណែក​ក្នុងការ​សាងសង់​មណ្ឌល​ស្នាក់នៅ និង​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​ជនពិការ​ស្ថិតនៅ​សង្កាត់​គោគ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​លោកស្រី កែ គឹម​ហូ​យ មានប្រសាសន៍​ពី​ព្រះរាជ​បណ្តាំ​ផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សម្តេចព្រះ​មហាក្សត្រី​ដល់​កូនចៅ ចៅទួត​ទាំងអស់​ដែលជា​ជនពិការ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះរាជ​ហ​ប្ញ​ទ័យ​គិតគូរ​ពី​សុខទុក្ខ​តាមរយ​:​ការ​ប្រោស​ព្រះរាជទាន​ជា​ព្រះរាជ​ទ្រព្យ​ជាច្រើន​ដល់​សមាគម​ជនពិការ សម្រាប់​ទីតាំង​ស្នាក់នៅ ការហូបចុក​ប្រចាំថ្ងៃ នឹង​ថវិការ​សម្រាប់​សាងសង់​អគារ​បណ្តុះ បណ្តាល​ជាដើម​។

​លោក ចាប តូ ដែលជា​ជនពិការភ្នែក​និង​ជា​ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ តំណាង​ឲ្យ​ជនពិការ​ទាំងអស់​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​ឥតឧបមា និង​ថ្លែង​អំណរ​ព្រះរាជ​គុណ និង​ថ្វាយព្រះពរ​ជ័យ​ដល់​សម្តេចព្រះ​មហាក្សត្រី​យ៍​ដែល​ព្រះអង្គ​បាន​យក​ព្រះរាជ​ហ​ប្ញ​ទ័យ​យកចិត្តទុកដាក់​ដល់​ជនពិការ​របស់​ពួកលោក​តាមរយ​:​ការ​ប្រោស​ព្រះរាជទាន​ជា​ថវិការ និង​សម្ភារ​ប្រើប្រាស់ គ្រឿង​ហូបចុក​ក្នុងឱកាស​នេះ ។

​លោកស្រី ញែ​ម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធានកិត្តិយស​សមាគម​តន្ត្រី​សំនៀង​ជនពិការ​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេចព្រះ​ហា​ក្ស​ត្រី​យ៍​បាន​ប្រោស​ព្រះរាជ​ទ្រព្យ​សម្រាប់​ជនពិការ​។ លើក​ទី​១​ចំនួន​២៥ .០០០ ដុល្លារ ចូលរួមចំណែក​ជាមួយ​សម្តេច​កិត្តិ​ព្រ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ការទិញ​ដី​ដើម្បី​សាងសង់​មណ្ឌល​ស្នាក់នៅ និង​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​ជនពិការ​សរុប​ថវិកា​រ ៧៥.០០០​ដុល្លារ​។

​គួរ​បញ្ជាក់ថា សមាគម​តន្ត្រី​សំនៀង​ជនពិការ បាន​បង្កើតឡើង​ដោយ​លោក ចាប តូ ដែលជា​ជនពិការភ្នែក​នៅ​ឆ្នាំ​២០១៣ ដែលមាន​ការទទួលស្គាល់​ចុះបញ្ជី​ពី​ក្រសួងមហាផ្ទៃ ក្រោម​ការជួយជ្រោមជ្រែង​ពី​ក្រសួង​កិច្ចការនារី​៕ ល​