​សម្តេច​ក្រឡាហោម​សខេង​ឆ្លើយតប​ទៅនឹង​សារ​បន្តុះបង្អាប់​របស់​ព្រះ​តេជគុណ​ហោ​សុខុន​

793
ចែករម្លែក
  • 380
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅនឹង​សារ​ព្រះ​តេជគុណ​ហោ​សុខុន​(FacebookPage:HorSokhon)​ដែល​បាន​សរសេរ​សារ​បន្តុះបង្អាប់ លើកតម្កើង ហួសនិស្ស័យ​មកលើ​សម្តេច​។

ដោយ​សម្តេច​ក្រឡាហោម​យល់ថា សារ​នេះ​ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត​ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង បានសរសេរថា “​សូម​ថ្វាយបង្គំ​ព្រះ​តេជគុណ ហោ​សុខុន​(FacebookPage:HorSokhon)!​ក្រោយពី​ខ្ញុំព្រះករុណាខ្ញុំ​បាន​អាន​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ព្រះ​តេជគុណ​ចុះ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ខ្ញុំព្រះករុណាខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង​។

​ប៉ុន្តែ​ក៏មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ណាស់ដែរ ចំពោះ​ពាក្យពេចន៍​នៅក្នុង​សារ​នេះ ដែលមាន​ន័យ ជាការ​លើកដាក់ បន្តុះបង្អាប់​លើកតម្កើង​ហួសនិស្ស័យ​។​រហូតដល់​ខ្ញុំព្រះករុណាខ្ញុំ​យល់ឃើញថា​សារ​នេះ​ដូចជា​បាន​ធ្លាក់​ចូលទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត​ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​”​។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា​”​ព្រះ​តេជគុណ​ប្រហែលជា​បាន​ជ្រាប​ហើយ​!​ជារឿយៗ​ពួក​អ្នកនយោបាយ​ដែលមាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង បន្តុះបង្អាប់ បែបនេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។

ដែល​គ្មានអ្វី​ក្រៅពី បំណង​ចង់​ឲ្យ​មានការ សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​បែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​វា​ជាការ​នឹក​ស្រមៃ​សុទ្ធសាធ​ដែល​ពួកគេ​គិតថា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចូលក្នុង​អន្លុង​របស់​ពួកគេ​នោះ​”​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ក្នុងនាម​សម្តេច ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សូម​ពិត​ពុទ្ធដីកា និង ជម្រាប​ប្រគេន​ព្រះ​តេជគុណ និង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាបថា គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បេស​សកម្ម​របស់ខ្លួន ហើយ​ថា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​សុទ្ធតែ​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។

ការណ៍នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា​គឺ​គ្រប់​ជ័យជម្នះ​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​កើតឡើង​ដោយសារតែ​អច្ឆរិយបុគ្គល​ណាមួយ​ឡើយ​តែ​គឺជា​ការប្រមូលផ្តុំ​នូវ​បញ្ញាញាណ​ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត​របស់​ថ្នាក់ដឹកនាំ​សមាជិក​គ្រប់​ជាន់ថ្នាក់​ដោយមាន​ការចូល​រួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​។

​ដូច្នេះ​អ្វីៗ​ជា​ស្នាដៃ​ដែល​រូបខ្ញុំ​ព្រះករុណា​ផ្ទាល់​សម្រេចបាន​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​កន្លងមកនេះ​គឺ​គ្រាន់តែ​ជាការ​រួមចំណែក​ដ៏​តូច​មួយ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​៕S/


រូបថត​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រះ​តេជគុណ ហោ សុខុន​