​សម្តេច​ក្រឡាហោម​សខេង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​ថែរ​រក្សា​ផ្លូវ​និង​គោរព​ច្បាប់​ចរាចរណ៍​

956
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​”​ជួយ​ថែរ​រក្សា​ផ្លូវ​និង​គោរព​ច្បាប់​ចរាចរណ៍​មិនត្រូវ​ប្រើ​ហិង្សា​ដោះស្រាយ​តាមផ្លូវ​ច្បាប់​”​។​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែរ​រក្សា​ផ្លូវ​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​លេខ​១៥៧៧​មាន​ប្រវែង​ជិត​៥២​គីឡូម៉ែត្រ​ចាប់ពី​ភូមិ​ភ្ជា​វ​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​ដល់​ភូមិ​ឆក​រកា ឃុំ​សំឡូត​។

ត្រង់​ច្រកទ្វារ​តំបន់​លេខ​៤០០​ស្រុក​សំឡូត​ខេត្តបាត់ដំបង​កា​លពី​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៨​។​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការធ្វើដំណើរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​ថៃ​)​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​គ្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ពី​ព្រំប្រទល់​ខេត្តបាត់ដំបង​និង​ខេត្ត​ត្រាត​ប្រទេស​ថៃ​ត្រង់ចំណុច​ច្រកទ្វារ​តំបន់​៤០០​ទៅ​បន្ទាប់ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​លេខ​១៥៧៧​កាលពី​ព្រឹក​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០១៨​នេះ​។​

សម្តេច​ក្រឡាហោម​សខេង​បាន​មានប្រសាសន៍​បញ្ជាក់ថា​មុននឹង​ឈានដល់​ការសាងសង់​ផ្លូវ​នេះ​ភាគី​ទាំងពីរ​(​កម្ពុជា​ថៃ​)​ត្រូវ​ដោះស្រាយ​នូវ​បញ្ហា​ចំនួន​២​ដោយ​គណៈកម្មការ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​រៀបចំ​គូស​ផែនទី​ស្វែងរក​ចំណុច​ព្រំប្រទល់​ឲ្យ​បានច្បាស់លាស់ ហើយ​ឯកភាពគ្នា​ជាមុនសិន​។​
បញ្ហា​មួយទៀត គឺ​ភូមិសាស្ត្រ​នៅ​កន្លែង​នោះ ផ្លូវ​ច្រកទ្វារ​តំបន់​លេខ​៤០០ ពី​ខ្មែរ​ចុះ​ចំណោទ ប៉ុន្តែ​ពី​ខាង​ថៃ​មក​មាន​លក្ខណៈ​ឡើង​ភ្នំ​ខ្ពស់ ហើយ​ខាង​ក្រសួង​សាធារណការ មិនអាច​ទុក​អីចឹង​កើត​ទេ ត្រូវតែ​ពុះ​ចិត​ភ្នំ ទើប​អាចធ្វើ​ផ្លូវ​នោះបាន​។​

ការធ្វើ​ផ្លូវ​នេះ​បន្ទាប់ពី​ដោះស្រាយ​បញ្ហា​កំណត់​ឲ្យ​ច្បាប់​លាស់​ចំណុច​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​រួចរាល់​។​សម្តេច​ក្រឡាហោម ស ខេង​បាន​បន្ថែមថា​ក្រោយ​ធ្វើ​ផ្លូវ​នីមួយៗ​រួចហើយ កម្ពុជា​គ្រោង​នឹងដាក់​កាំ​មេ​រ៉ា​ថត​ហ្វិ​ច​(​ថត​សន្លឹក​) ដើម្បី​ត្រួត​ពិនិត្យមើល​ល្បឿន​អ្នកបើកបរ​យានយន្ត ព្រោះថា​កាំ​មេ​រ៉ា​ចល័ត មិនអាច​គ្រប់គ្រាន់​នោះទេ ។

ការដាក់​នេះ ត្រូវការ​ថវិកា​ច្រើន​ផងដែរ​។​ផ្លូវ​លេខ​១៥៧៧ មាន​ប្រវែង​សរុប ៩៥,៨០​គីឡូម៉ែត្រ ចាប់ពី​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ដល់​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ដល់​ច្រកទ្វា​តំបន់​លេខ​៤០០ ចាប់ផ្ដើម​សាងសង់​ក្នុងអំឡុង​ឆ្នាំ​២០១៦ ហើយ​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៨ ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន​ទឹកប្រាក់​ជិត​៣៩​លាន​ដុល្លារ​អាមេរិក ៕S/

​សម្តេច​ក្រឡាហោម​សខេង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​ថែរ​រក្សា​ផ្លូវ​និង​គោរព​ច្បាប់​ចរាចរណ៍​