​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូលរួម​ទិវា​ជាតិ​ទីក្រុង​ស្អាត នៅ​ខេត្តបាត់ដំបង​

1635
ចែករម្លែក

​ដោយៈ​គ្រញូង​
​បាត់ដំបងៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៦ ថ្ងៃទី​២៧ ខែកុម្ភៈ ក្រោម​ប្រធានបទ ទីក្រុង ស្អាត ដើម្បី​ទាំងអស់គ្នា និង​អបអរសាទរ ក្រុង​បាត់ដំបង ទទួលបាន​ជ័យលាភី ឡា​បែ​ល ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១ និង​ពានរង្វាន់​ជ័យលាភី ទីក្រុង​ស្អាត​លើក​ទី​២ ផ្ការំដួល​បី​ទង សម្រាប់​ឆ្នាំ (២០១៨-២០២១) និង​ពានរង្វាន់​ជ័យលាភី​លេខ​១ វិញ្ញាសា​ល្ខោន​អប់រំ​ថ្នាក់​មធ្យម ពានរង្វាន់​ជ័យលាភី​លេខ​២ វិញ្ញាសា​បាំ​សហ​សម័យ​របស់​ខេត្តបាត់ដំបង ប្រចាំឆ្នាំ​២០១៨​។​
​ ​
​លោក​ផេង សុ​ទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា ដោយសារ​ការរីកចម្រើន ពី​សមិទ្ធផល ក្នុង​ក្រុង​បាត់ដំបង កន្លងមក ទើប​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ ក្រុង និង​ខេត្តបាត់ដំបង ត្រូវបាន​អញ្ជើញ​ចូលរួម និង​ឡើង​ទទួល​ពានរង្វាន់​ជ័យលាភី ឡា​បែ​ល​ក្រុង​បាត់ដំបង ជាទី​ក្រុង​ស្អាត អាស៊ាន​លើក​ទី​១ នាឱកាស​វេទិកា ទេសចរណ៍​អាស៊ាន ២០១៨ នៅ​ខេត្ត​ឈៀង​ម៉ៃ ព្រះរាជាណាចក្រ​ថៃ​។ ជាពិសេស​ទៅទៀត កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ទទួលបាន​ជ័យលាភី​លេខ​១ រំដួល​៣​ទង លើ​ការប្រឡងប្រណាំង ទីក្រុង​ស្អាត ទូទាំងប្រទេស​លើក​ទី​២ (២០១៨-២០២១) និង​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨ ក្នុង​ទិវា​វប្បធម៌​ជាតិ ៣​មីនា ខេត្តបាត់ដំបង ក៍មាន​កិត្តិយស​បានទទួល​ពាន​រង្វាន់ ជ័យលាភី​លេខ​១ វិញ្ញាសា​ល្ខោន​អប់រំ​ថ្នាក់​មធ្យម ពានរង្វាន់​ជ័យលាភី​លេខ​២ វិញ្ញាសា​របាំ​សហ​សម័យ របស់​ខេត្តបាត់ដំបង ប្រចាំឆ្នាំ​២០១៨ ដែលមាន​រៀបចំ​ប្រារព្ធ ធ្វើ​កម្មវិធី​ទាំង​៤ រួមគ្នា ក្នុងឱកាស​ដ៍​ថ្លៃថ្លា​នេះ​។​

​បន្ត​មក សម្តេច​ក្រឡាហោម ស ខេង តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដែល​ហៅថា​ទីក្រុង​ស្អាត វា​មិនមែន​បង្ហាញ​ពី​សោភ័ណភាព មួយ​មុខ​ទេ ប៉ុន្តែ​គឺ​បានបង្ហាញ​នូវ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ចាំបាច់ ដើម្បី​ធានា​ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ឳ្យ​បាន​សុខ​ស្រួល ហើយក៍​ជាការ​ទាក់ទាញ ដល់​ភ្ញៀវទេសចរ ការវិនិយោគ​នានា មក​កម្ពុជា​ផងដែរ​។ យើង​អាច​និយាយបានថា ពាក្យ​ទីក្រុង​ស្អាត​នេះ មានន័យ​ទូលំទូលាយ​ណាស់ មានន័យ​ជ្រាលជ្រៅ​ណាស់ ហើយ​ទាក់ទង ដល់​គ្រប់​វិស័យ​ទាំងអស់ មិនមែន​តែ​វិស័យ ណាមួយ​នោះទេ មិនមែន​តែ​ផ្លូវថ្នល់ មិនមែន​តែ​សំណង់ សណ្ឋាគារ ផ្ទះសំណាក់ ឬ​ភោជនីយដ្ឋាន​នោះទេ គឺ​វា​ទាក់ទង​ដល់​បញ្ហា​សន្តិសុខ បញ្ហា​សណ្តាប់ធ្នាប់ បញ្ហា​ចរាចរណ៍​។

សម្តេច​ក្រឡាហោម បាន​លើក​ឧទាហរណ៍​ថា ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដែល​យើង​បាន​អនុវត្ត កន្លងមកនេះ ក៍វា​ទាក់ទង​ដល់ ការកសាង​ទីក្រុង​ស្អាត​ដែរ​។ បើ​ទីក្រុង​យើង គ្មាន​ការចែក​ចាយ លក់ដូរ​គ្រឿងញៀន គ្មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​នោះ ជា​ផ្នែក​មួយ ដែល​ចូលរួមចំណែក កសាង​ទីក្រុង​ស្អាត ឬ​ការធ្វើ​ចរាចរណ៍ នៅ​ទីក្រុង មាន​សណ្តាប់ធ្នាប់​ល្អ មិនមាន​គ្រោះថ្នាក់ ដោយសារ​យើង ចេះ​គោរព​ច្បាប់​ទាំងអស់គ្នា ចេះ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា ក៍​ជាការ​ចូលរួមចំណែក ទីក្រុង​ស្អាត​ដែរ​។ អំពើ​លួច ប្លន់ កាប់​ចាក់​ជាដើម យើង​បង្ក្រាបបាន ដោះស្រាយបាន ប្រកបដោយ​សុវត្ថិភាព ក្នុង​ទីក្រុង ក៍​ជា​ចំណែក​ដើម្បី កសាង​ទីក្រុង​ស្អាត​ដែរ​។ ការដោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មាន​លូ ឬ​ការបញ្ចេញ កាកសំណល់​ផ្សេងៗ សុទ្ធតែ​ទាក់ទង​នឹង ការកសាង​ទីក្រុង​ស្អាត​។​
​ ​
​សម្តេច​ក្រឡ​ហោម បានបញ្ជាក់​បន្ថែមថា និយមន័យ​នៃ​ពាក្យ​ទីក្រុង​ស្អាត​នេះ គឺ​ពិតជា​មានន័យ​ទូលំទូលាយ​ណាស់ ដើម្បី​កសាង​ទីក្រុង​ស្អាត​បាន កត្តា​កំណត់ គឺ​សុខសន្តិភាព ស្ថេរភាព​នយោបាយ គឺ​យើង​ធ្វើ​អ្វីៗ បាន​ទាំងអស់ សិល្បៈ ក៍​រីកចម្រើន វិស័យ​អប់រំ​សិក្សាធិការ ក៍រី​ចម្រើន វិស័យ​ទេសចរណ៍ ក៍​រីកចម្រើន និង​ការអនុវត្ត​សេដ្ឋកិច្ច ក៍​រីកចម្រើន​ដែរ​៕V