​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទៅ​ដល់ទីក្រុង​អី​ស្តា​ន​ប៊ុល​ដោយ​សុ​វត្តិភាព​ហើយ​ដើម្បី​ចាប់ផ្តើម​ទស្សនកិច្ច​ការងារ​រយៈ​ពេល ៣ ថ្ងៃ​

811
ចែករម្លែក
  • 21
    Shares

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ទៅកាន់ ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ហើយ​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ តុលា​នេះបន្ទាប់ពី​បញ្ចប់​ដំណើរ​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី ១២ នៅ​ទីក្រុង​ប្រ៊​ច​សែ​ល ប្រទេស ​ប៊ែ​ល​ហ្សី​ក ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួចមក ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ផ្តល់​ដោយ​អ្នករាយការណ៍ ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ២០ ខែតុលា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចាកចេញ​ពី​អាកាសយាន អន្តជាតិ (Execujet) ទីក្រុង​ប្រ៊ុ​ច​សែ​ល ក្នុង​ដំណើរ​នៃ​ការអញ្ជើញ​បន្ត​បំពេញ​ទស្សនកិច្ច​ការងារ​ទៅកាន់​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ធ្វើ​ជំនួប​កំពូល​ទ្វេភាគី​ជាមួយ​លោក រ៉េ​ជីប ថា​យ​យ៉ី​ប អែ​ដូ​ហ្គា​ន (Recep Tayyip Erdogan) ប្រធានាធិបតី នៃ​តួ​ក​គី ,​ជួប​លោក ប៊ី​ណា​លី យី​ឌឺ​រី​ម (Binary Yidirim) ប្រធានរដ្ឋសភា​តួ​ក​គី​។

​យន្តហោះ​ពិសេស​បានធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្តិភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​អា​តា​ទួ​ក ទីក្រុង​អី​ស្តា​ន​ប៊ុល កាលពី​វេលា​ម៉ោង​១២៖១០​នាទី ម៉ោង​នៅ​ទីក្រុង អី​ស្តា​ន​ប៊ុល ត្រូវ​នឹង​ម៉ោង​១៦៖១០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ ។

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់ទា​ក់បំ​ផុតពី​លោក​អភិបាលក្រុង​អី​ស្តា​ន ប៊ុល ប្រមុខ​យោធា​តួ​ក​គី អគ្គនាយក​នៃ​ក្រសួងការបរទេស​តួ​ក​គី និង លោកស្រី​ឯកអគ្គរាជទូត​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឥស្សរជន ជាន់ខ្ពស់​រដ្ឋាភិបាល​តួ​ក​គី និង ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​តួ​ក​គី​ជាច្រើនរូប​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក រ៉េ​ជីប ថា​យ​យ៉ី​ប អ៊ែរ​ឌូ​ហ្គា​ន់ ប្រធានាធិបតី​តួ​ក​គី​ដែល​នៅក្នុង​ឱកាស​នោះ​ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ គ្នា​សំដៅ​ស្វែងរក​លទ្ធភាព​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួម​ជូន​ប្រជាជន​និង​ប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង​/​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយចំនួន​ក៏ត្រូវ​បានគ្រោង​នឹង​ចុះហត្ថលេខា​ផងដែរ​ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្ប ធម៌ អប់រំ​កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និង សកម្មភាព​កំចាត់មីន​។

​នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក ប៊ី​ណា​លី យី​ល​ឌី​រី​ម ប្រ​ធា ន​រដ្ឋសភា​តួ​ក​គី​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី ក្នុង​គោលបំណង​លើកទឹកចិត្ត​ធុរជន​តួ​ក​គី​មក វិនិយោគ​នៅ​កម្ពុជា​។

​គួររំលឹកថា​កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា​នៅ​ឆ្នាំ​២០១៩ ។ ប្រទេស​ទាំងពីរ​ប្តេជ្ញា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​ដល់​ចំនួន ៥០០ លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​
​នៅក្រៅ​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទទួល​ជួប​សិស្ស​-​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​តួ​ក​គី​ព្រមទាំង​អញ្ជើញ​ទស្សនា​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយចំនួន​ផងដែរ​៕