​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​បុរី​ញ៉ូ​យ៉​ក​សហរដ្ឋអាមេរិក​ប្រក​ដោយ​សុ​វត្តិភាព​នៅ​ម៉ោង​ជិត​៤​ទាបភ្លឺ​ថ្ងៃទី​២៨​កញ្ញា​នេះ

559
ចែករម្លែក

​ភ្នំពេញ​៖  ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​អញ្ជើញទៅ ដល់​បុរី​ញ៉ូ​យ៉​សហរដ្ឋអាមេរិក​ប្រក​ដោយ​សុ​វត្តិភាព​កាលពី​វេលា​ម៉ោង​១៥៖៥៥ ​នាទី​រសៀល​ថ្ងៃទី២៧កញ្ញា​ម៉ោង​នៅ​ទី ក្រុង​ញ៉ូ​យ៉​កត្រូវ​និង​ម៉ោង៣៖៥៥​នាទីទាបភ្លឺ​ថ្ងៃទី​២៨ ​កញ្ញា ម៉ោង​នៅ​កម្ពុជាដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទូទៅនៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី  ៧៣    ដែល​សម្តេច​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​២៨​កញ្ញា ។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិញ៉ូ​វ៉ា​ក រដ្ឋ​ញ៉ូ​វ​យេ​ស៊ី​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រត្រូវ បាន​ការធ្វើ​គារវកិច្ច ស្វាគមន៍​ពី​លោក កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិ​ន្រៃ្ត​យ៍រ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ព្រមទាំង​វត្ត មាន​លោក លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ និង​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​។

​បន្ទាប់ពី​ធ្វើការ​ចុះចត​ដោយ​សុ​វត្តិភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ញ៉ូ​វ៉ា​ករ​ដ្ឋ​ញ៉ូ​វ​យេ​ស៊ី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តដំណើរ តាម​រថយន្ត​ឆ្លងកាត់​ផ្លូវ​ក្រោម​សមុទ្រ​ឆ្ពោះទៅកាន់​សណ្ឋាគារ មី​លី​នៀម ហ៊ីលតុន ក្នុង​បុរី​ញ៉ូ​វ​យ៉​ក ក្បែរ​និង​អគារ​ការិយាល័យ​របស់​អង្គ ការ​សហប្រជាជាតិ​។

​នៅ​សណ្ឋាគារ មី​លី​នៀម ហ៊ីលតុន វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង កក់ក្តៅ និង​ស្និទ្ធស្នាល​បំផុត​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ដែលជា​តំណាង​សហគមន៍​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង កាណាដា ជា ច្រើន​រូប​។

​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​មាន​សារសំខាន់​ពាក់ ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់​៖​ភាពជា​អ្នកដឹកនាំ​សកល​និង​ការទទួលខុសត្រូវ​រួម​សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌​និង​និរន្ត រ​ភាព​»​។ នៅក្នុង​របៀប​វា​រះ​ដ៏​មាន​សារសំខាន់​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ផ្តោតលើ​ការវិវត្ត​នាពេល​ថ្មីៗ​និង សមិទ្ធិផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​រួម​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​ក្នុង​ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ លោ​ល អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការ​សហ ប្រជាជាតិ ,​លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​, លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ជួបពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន ទៀត​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​បុរី​ញូវយ៉ក​នោះដែរ​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គ្រោង​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​នៅ​ល្ងាច​ថ្ងៃទី ១ ខែតុលា ៕