​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​សំខាន់​ស​ម្រា​ប់​លើកស្ទួយ​និង​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា​ឆ្នាំ ២០១៩

846
ចែករម្លែក
  • 11
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ក្នុង​ស្មារតី​បន្ត​លើកស្ទួយ​និង​អភិវឌ្ឍ​វិស័យ អប់រំ​កម្ពុជា​ឱ្យ​ឈានទៅ​សម្រេចបាន​តាម​គោលដៅ​នៃ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ​ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់ នូវ​អនុសាសន៍​សម្រាប់​ជាការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សំខាន់ៗ​ដូចខាងក្រោម​នេះ​៖

​ទី​១.​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​នូវ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ​ដើម្បី​ធានាថា​ការអប់រំ​មានគុណ​ភាព​ប្រកបដោយ​សមធម៌​បរិ​យាបន្ននិងលើ​កម្ពស់​ឱកាស​ក្នុងការ​សិ ក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា ។​ទន្ទឹមនេះ​ត្រូវខិតខំ​ជំរុញ​និង​ពង្រីក​កម្មវិធី​អប់រំ​កុមារ​តូច​និង បង្កលក្ខណៈ​ឲ្យ​កុមារ​បាន​សិក្សា​យ៉ាងតិច ៩ ឆ្នាំ​នៅ​សាលារៀន​ដែលមាន​បរិស្ថាន​ស្អាត ទឹកស្អាត និង អនាម័យ ។​ត្រូវ​ផ្ដល់​អាហារូបករណ៍ ដល់​សិស្ស​ពូកែ សិស្ស​ជួប​ការលំបាក​ជាពិសេស​សិស្ស​ជានា​រី និង សិស្ស​ក្នុង​គ្រួសារ​ក្រីក្រ ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កម្មវិធីសិក្សា​ផ្នែក គណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង ភាសាបរទេស​ដើម្បី​ឲ្យ​ស្របទៅនឹង​ចរន្ត​នៃ​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា គឺ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤​។ ត្រូវ​បន្ត​លើកកម្ពស់​ការយល់ដឹង​អំពី​សិល្បៈ វប្ប​ធ៌​ម ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិ និង ការអប់រំ​សីល​ធ៌​ម សង្គម ត្រូវ​បន្ត​ពង្រឹង​ការអប់រំ​ក្រៅ​ប្រព័ន្ធ តាមរយៈ​ការអនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី ដើម្បី​លើកកម្ពស់​គុណភាព និង សេវា​អប់រំ​នៅ​គ្រប់ ភូមិ​សិក្សា ពង្រីក​ការអប់រំ​បច្ចេកទេស ដោយ​យកចិត្តទុកដាក់​ធ្វើ​ឲ្យ​ខេត្ត​មួយ​មាន​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​មួយ​យ៉ាងតិច​ស ម្រា​ប់​រយៈពេល​មធ្យម និង​ស្រុក​មួយ​មាន​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​មួយ​យ៉ាងតិច​សម្រាប់​រយៈពេល​វែង ។

​ទី​២.​ត្រូវ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​នូវ​គោលនយោបាយ​ភាពជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ការដឹកនាំ​ការបង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​ហិរញ្ញប្បទាន​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ពង្រឹង​ប្រព័ន្ធ​ការងារ​ផែនការ​ស្ថិតិ​អប់រំ​ពង្រាយ​គ្រូបង្រៀន​ឲ្យ​បាន​ដល់​មូលដ្ឋាន​បន្ត​អភិវឌ្ឍ​សមត្ថភាព​នាយក​សាលា​និង​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​និង​គ្រឹះស្ថានសិក្សា​ពិសេស​ពង្រឹង​ការងារ​អធិការកិច្ច​និង​យន្តការ​ជា​អ្នកកែលំអ​ជាប្រចាំ​។​

​ទី​៣.​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កាយឫទ្ធិ​និង​យុវជន​ដោយ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​កុមារ​និង​យុវជន​ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ​និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​នឹង​ប្រកាន់ខ្ជាប់​នូវ​ទង្វើ​ជា​វិជ្ជមាន​។​ទន្ទឹមនេះ​ត្រូវ​ពង្រឹង​យន្តការ​សម្របសម្រួល​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​បំផុស​ផ្សព្វផ្សាយ​បង្កើត​ឲ្យ​មានកម្ម​វិធី «​កូន​ល្អ​សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ »​និង​កម្មវិធី​យុវជន​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី រៀបចំ​ចលនា​បណ្ដាញ​យុវជន​ស្ម័គ្រចិត្ត​ចុះជួយ​តាម​មូលដ្ឋាន​និង​តាម​សហគមន៍​នានា​ទូទាំងប្រទេស​។​

​ទី​៤.​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កីឡា​តាមរយៈ​ការជំរុញ​ចលនា​យុវជន​ម្នាក់​ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​ព្រមទាំង​អភិវឌ្ឍ​សមាគម​កីឡា​មហាជន​និង​ក្រុមកីឡា​សិស្ស​-​និស្សិត​ត្រូវ​បន្ត​ពង្រីក​សកម្មភាព​អភិវឌ្ឍ​កម្មវិធី​អប់រំ​កាយ​និង​កីឡា​តាម​គ្រឹះស្ថានសិក្សា​នៅ​ទូទាំងប្រទេស ។ ជាមួយនេះ​ត្រូវខិតខំ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអភិវឌ្ឍ​ការអប់រំ​កាយ​និង​កីឡា​និង​ការហ្វឹកហាត់​ហ្វឹកហ្វឺន​តាម លក្ខណៈ​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​បំផុសស្មារតី​មហាជន ពិសេស​យុវជន​ឲ្យ​បាន​ចូលរួម​គ្រប់ៗ​គ្នា​ដើម្បី​ប្រសិទ្ធភាព​ការងារ​កីឡា​ដើម្បី​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២​នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ​។ ចំណុច​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្ថែមថា​៖ ស៊ី​ហ្គេម​លើក​ទី ៣២ គ្រោង​នឹងធ្វើ​ឲ្យ​យើង​នេះ​ថ្ងៃ​ឧសភា​ឆ្នាំ ២០២៣ តាម​ទម្លាប់​នៅតាម​បណ្តា​ប្រទេស​គឺមាន​គោល ដៅ​ដើមឆ្នាំ​ដូចជា​នៅឡើយ​ធ្លាប់ធ្វើ​ដើមឆ្នាំ​ប៉ុន្តែ​ភាគច្រើន​ធ្វើ​នៅ​ចុងឆ្នាំ ។ ប៉ុន្តែ​ឆ្នាំ ២០២៣ កម្ពុជា​ត្រូវ​បោះឆ្នោត​នៅ​ខែកក្កដា បន្ទាប់ពី​ការបោះ ឆ្នោត​ហើយ​យើង​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវធ្វើ ហើយក៏​អាចមាន​បញ្ហា​ខ្លះ​ខ្លះ​ផង ។​ដូច្នេះ​យើង​សម្រេច​ថា​ជ្រើសរើស​ក្នុង​ខែឧសភា​ឆ្នាំ ២០២៣​ធ្វើជា​ស៊ី​ហ្គេម​រួចហើយ​បាន​ឈានទៅដល់​ការបោះឆ្នោត​ហើយ​យើង​មិន​រំខាន​ទៅដល់​ការទទួល​ភ្ញៀវ​ក្រោយ​ការបោះឆ្នោត​នោះទេ​អញ្ចឹង​បានជា​កិច្ចការ​នេះ​យើង​កំពុងតែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដើម្បី​បម្រើ​ទៅដល់​ស៊ី​ហ្គេម​នោះ​។​

​ទី​៥.​បន្ត​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដើម្បី​ឆ្លើយតប​ទៅនឹង​អាទិភាព​នៃ​ការអភិវឌ្ឍ​ជាតិ​ពង្រឹង​ភាពជា​ម្ចាស់ ភាពជា​ដៃគូ​និង​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ទៅនឹង​ការផ្សារភ្ជាប់ ទៅនឹង​ការអប់រំ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​សន្តិភាព​ដែល​គោរព​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ការគោរព​គោលការណ៍​ស្មើភាព​ប្រជាធិបតេយ្យ​ការប្រយុទ្ធប្រឆាំង​អំពើហិង្សា​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺអេដស៍​មេរោគ​អេដស៍​ជំងឺអេដស៍​ការលុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​ការជួញដូរ​ស្ត្រី​និង​កុមារ​និង​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​គ្រប់​ប្រភេទ​នៅក្នុង​សង្គម​កម្ពុជា​៕BR