​សម្តេច​តេ​ជោ​បាន​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើឃាដ​លើ​រូប​សម្តេច​នៅ​ខេត្តសៀមរាប​

535
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹកថា ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ​គឺជា​ខួប​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើឃាដ​លើ​រូប​សម្តេច នៅ​ខេត្តសៀមរាប​(២៤/​កញ្ញា​/១៩៩៨-២៤/​កញ្ញា​/២០១៨)​។​

​សម្តេច​តេ​ជោ លោក​បាន​បញ្ជាក់ថា “​នៅ​ម៉ោង​៨​និង​៥២​នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មាន​គ្រាប់​រ៉ុក្កែត (​បេ​៤០) មួយ​គ្រាប់​ក្នុងចំណោម​៤​គ្រាប់​បាន​ហោះ​សំដៅ​រថយន្ត​ខ្ញុំ​។ តែ​មិនបាន​ត្រូវ​រថយន្ត​ខ្ញុំ​ទេ ហើយ​ជា​អកុសល​វា​បាន​ទៅបុក​ផ្ទះ​ប្រជាជន​នៅ​ម្ខាង​ផ្លូវ​ធ្វើឱ្យ​ប្រជាជន​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​ត្រូវរបួស​ជា​ទម្ងន់​។ ការរៀបចំ​ធ្វើឃាដ​លើ​រូបខ្ញុំ​នាពេលនោះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​នៃ​ការប្រជុំ​សភា​នីតិកាល​ទី​២​ដែល​ត្រូវ​ប្រជុំ​នៅ​ព្រះរាជដំណាក់​នាទី​ក្រុង​សៀមរាប​ក្រោម​ព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ​។​

ប្រសិនបើ​ពេលនោះ​គ្រាប់​បេ​៤០​ទាំង​៤​គ្រាប់​ផ្ទុះ​ព្រម​គ្នា​ទាំងអស់​ឬ​ព្រឹក​នោះ​មិនមាន​ភ្លៀង​ធំ​ស្ទើរ​បាក់​មេឃ​ដែល​ធ្វើឱ្យ​ខ្សែភ្លើង​បញ្ជារ​គ្រាប់​ទាំងនេះ​ឆ្លង​ទឹក គឺ​ប្រហែល​ជីវិត​ខ្ញុំ​ត្រូវ​ចប់​តាំងពី​ពេល​នោះមក​។​ប្រសិនបើ​ខ្ញុំ​ស្លាប់​នាពេលនោះ​តើ​នឹង​មានរឿង​អ្វី​កើតឡើង​ក្រោយពេល​ខ្ញុំ​ស្លាប់​នៅក្នុង​ក្រុង​សៀមរាប​?​បន្ទាប់មក តើ​សង្គ្រាម​អាច​បញ្ចប់​បាន​តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ ដូច​ពេល ហ៊ុន សែន នៅរស់​ឬទេ​?​នេះ​ជា​ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​សម្រាប់​សំណួរ​ទាំងពីរ​ខាងលើនេះ​”​។

“​អរ​ព្រះ​គុណ​ទេវតា​ថែរក្សា​អង្គរវត្ត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ដែល​ជួយ​ការពារ​ខ្ញុំ​នាពេលនោះ​។​ខ្ញុំ​ជឿ​ច្បាស់​ណាស់​ថា អ្នក​ជួយ​ជីវិត​ខ្ញុំ​នាពេលនោះ​គឺ​តាមផ្លូវ​ង​ងិ​ត គឺ​គុណបុណ្យ ទេវតា​ទាំង​ភូមិ​ទេវតា​រុក្ខទេវតា​អាកាស​ទេវតា​បារមី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​បារមី​ដែល​តាម​ថែរក្សា​ខ្ញុំ​ជាប្រចាំ​។​កន្លងមក​បាន​ជួយ​ជីវិត​ខ្ញុំ​ឱ្យ​ខ្ញុំរ​ស់បាន​២០​ឆ្នាំកន្លងមក​នេះ​ដែល​ធ្វើឱ្យ​ខ្ញុំ​បាន​ដឹកនាំ​ប្រទេស​ចេញពី​សង្គ្រាម​មកកាន់​សន្តិភាព​និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​

​ខ្ញុំ​បាន​អហោសិកម្ម​ឱ្យ​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំ​នៅ​ខេត្តសៀមរាប​រួចហើយ​បើទោះជា​ខ្ញុំ​មាន​ពន្លឺ​ក្នុងការ​ស្រាវជ្រាវ​ក៍ដោយ​តែ​អ្នក​ត្រូវ​ដឹងថា​ពេលណា​ខ្ញុំ​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្ញុំ​មិនឱ្យ​ពួក​អ្នក​សម្លាប់​ខ្ញុំ​បានទេ​មិនឱ្យ​ពួក​អ្នកធ្វើ​រដ្ឋប្រហារ​ឬ​ធ្វើ​បដិវត្ត​ពណ៍​បានទេ​។​ទោះ​ដោយ​តម្លៃ​ណាក៏ដោយ​ខ្ញុំ​ត្រូវការពារ​សន្តិភាព និង​ការពារ​ជីវិត​ប្រជាជន​កម្ពុជា​ឱ្យខាងតែបាន​”៕S/

​រូបភាពៈ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​រំលឹកថា​ថ្ងៃនេះ​គឺជា​ខួប​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើឃាដ​លើ​រូប​សម្តេច​
នៅ​ខេត្តសៀមរាប​៕S/​