​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ទោះ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ

582
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធៈ​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ណា​យក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ដោយ​ភាពប្រាក​ដ៏​និយម​ថា​៖​ទោះបី​ត្រូវ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ឬ​ក្លាយទៅជា​អ្នកមាន​បានដែរ ។ ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​គឺជា​ប្រតិកម្ម​ជា​សាធារណៈ​លើកដំបូង​បន្ទាប់ពី​គណកម្មការ អឺរ៉ុប បាន​អនុវត្ត​និតិ​វិធី​ព្យួរ​អនុគ្រោះ​ពន្ធ​មក​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមកនេះ ។​

​ថ្លែង​ក្នុង​ពី​ធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើកឡើងថា​៖​ពេលនេះ​ត្រូវ​រួមគ្នា​ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច​ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់ យើងៗ​មិន​ត្រូវយក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ណាមួយ​នោះឡើយ ។

​សម្តេច​តេ​ជោ​បាន​បន្ត​ដោយ​ភាព​មឺ​ង​ម៉ាត់​ថា​៖«​ប្រទេសមួយ​បើ​មិនអាច​អនុវត្ត​ច្បាប់​របស់ខ្លួន​បាន​មិនចាំបាច់​ហៅថា​ជា​រដ្ឋ​អធិបតេយ្យ​នោះទេ ។​យើង​ត្រូវ ប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស​ទៅជា​កាលានុវត្តភាព​នៃ​ការខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​» ។

​សម្តេច​បន្តថា​៖ «​ការព្យួរ​អេ​ប៊ី​អេ​ដែលមាន​រយៈពេល ១៨ ខែ​ទើប​បានដឹង​លទ្ធផល​ថា​តើ​នឹងត្រូវ​ដក​ឬ​មិនត្រូវ​ដក ។​បើទោះបីជា​បាត់​ឬ​នៅមាន​បន្ត​ក៏​មិន អាចធ្វើ​ឲ្យ​យើង​ស្លាប់​ឬ​ក្លាយទៅជា​អ្នកមាន​បានដែរ ។ EBA មុន​និង​ក្រោយ​គង់តែ​បាត់​ដូច​តែ​គ្នា​គ្រាន់តែ​យូរ​និង​ឆាប់​តែប៉ុណ្ណោះ​ដូចនេះ​ការរកស៊ី​បង់ពន្ធ អោយគេ​នឹង​គេ​បង់ពន្ធ​ដែល​យើង គឺជា​រឿង​ជៀស​មិន​រួចហើយ​ថ្លៃថ្នូរ​និង មាន​ស្ថេរភាព​ទៀតផង យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បីអោយ​សេដ្ឋកិច្ច​របស់​យើង​កាន់តែ មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​ដោយ​ការ​ពន្យល់ថា​៖ ជនរួមជាតិ​ជាពិសេស​កម្មករ​កម្មការិនី​បើសិនជា​នៅតែមាន​មុខរបរ​មាន ការ ងារ​ធ្វើ​មាន​ប្រាក់ចំណូល​សូមកុំ​ខ្វល់​នឹង​អ្នកណា​និយាយ​ពីអ្វី ។​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​និវត្តជន​បើសិនជា​នៅតែ​បើក​ប្រាក់ខែ​ពីរ​សប្តាហ៍​ម្តង កុំ​ខ្វល់​នឹង​អ្នកណា​និយាយ​ពីអ្វី ។ សូម​បន្ត​តាម​ពាក្យ​គេ​ថា “​ឆ្កែ​ចេះតែ​ព្រុស មនុស្ស​ចេះតែ​ដើរ​” ៕BR


#