​សម្តេច​តេ​ជោ​ហ៊ុនសែន​ឲ្យ​សាលាក្រុង​បញ្ចេញ​រថយន្ត ១២០ គ្រឿង​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ក្នុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​

587
ចែករម្លែក
  • 37
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​បានដឹង ថា​៖​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ចំនួន ១២០ គ្រឿង​សម្រាប់​ដឹកជញ្ជូន ប្រជាពលរដ្ឋ​ពី​ភ្នំ ពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​១២​ដល់​១៨ ខែ មេសា ឆ្នាំ ២០១៩ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ហូបបាយ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី​ប្រមាណ ៤ ពាន់​នាក់​នា​ល្ងាច​ថ្ងៃទី ៤ ខែ មេសា​នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេ​ជ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៨ ខែមេសា រយៈពេល​៧​ថ្ងៃ​សាលាក្រុង​ភ្នំពេញ​នឹងដាក់​រថយន្ត​១២០គ្រឿង​ដើម្បី​ដឹក​បងប្អូន​ប្រជាពល រដ្ឋ​របស់​យើង​ពី​រាជធានី​ភ្នំពេញ​ទៅតាម​ខេត្ត​និង​ពី​តាម​ខេត្ត​មក​រាជធានី​ភ្នំពេញ​ដោយ​មិន​គិត​ប្រាក់​សម្រាប់​បង ប្អូន​ព្រោះ​ខ្ញុំ​មិន​ចង់​និយាយ​បញ្ហា​ច្រំ​ដែល​ជាមួយ​ម្ចាស់​រថយន្ត​ទៀត​ទេ​ដែល​កាល​មុននេះ​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​អំពាវនាវ​ឲ្យ​ពួកគេ​កុំ​ដំឡើងថ្លៃ​នៅក្នុងពេល​ចូលឆ្នាំ​និង​ភ្ជុំបិណ្ឌ​ក៏ប៉ុន្តែ​មួយចំនួន​ក៏បាន​ស្តាប់​តែមួយ​ចំនួន​មិនបាន​ស្តាប់​ទេ​»​។​

​បើ​យោងតាម​សម្តេច​តេ​ជោ ហ៊ុន សែន រថយន្តក្រុង​សាធារណៈ​នឹងត្រូវ​ពង្រាយ​នៅផ្លូវជា តិ​លេខ​១​មានភ្នំពេញ​-​ខេត្តកណ្តាល​-​ស្វាយរៀងចំនួន​៥​គ្រឿង,​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង ៥ គ្រឿង សរុប​១០​គ្រឿង​, ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ ៥​គ្រឿង​, ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កែប ៥​គ្រឿង​, ភ្នំពេញ​-​កំពត ៥​គ្រឿង​សរុប ១០​គ្រឿង​, ផ្លូវជាតិ​លេខ​៤ ភ្នំពេញ -​កំពង់ស្ពឺ ៣​គ្រឿង​, ភ្នំពេញ​-​ក្រុងព្រះសីហនុ ៧​គ្រឿង សរុប​១០​គ្រឿង​, ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង​៥​គ្រឿង,ភ្នំ​ពេញ​-​ពោធិសាត់ ១០​គ្រឿង​, ភ្នំពេញ​-​បាត់ដំបង១៥គ្រឿងភ្នំពេញ​-​បន្ទាយមានជ័យ១៥​គ្រឿង សរុប​៤៥​គ្រឿង​, ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ ៥​គ្រឿង​, ភ្នំ ពេញ​សៀមរាប​១៥គ្រឿង សរុប​២០​គ្រឿង​, ផ្លូវជាតិ​លេខ​៦និង​លេខ​៧ ភ្នំពេញ​-​កំពង់ចាម ៥​គ្រឿង ភ្នំពេញ​-​ត្បូងឃ្មុំ ៥​គ្រឿង សរុប ១០​គ្រឿង​, ផ្លូវជាតិ​លេខ​៦ និង​លេខ​៨ ភ្នំពេញ​-​ក្រចេះ​៥​គ្រឿង ភ្នំពេញ​-​ស្ទឹងត្រែង​៥​គ្រឿង​សរុប​១០​គ្រឿង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ការសម្រេច​បញ្ចេញ​ឡាន ១២០ គ្រឿង​នេះ​ក៏​ដោយ សារតែ​សម្តេច​មានការ​ធុញទ្រាន់​ក្នុងការ​និយាយ​ជាមួយនិង​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ ឯកជន​ដែល​តែងតែ​ដំឡើងថ្លៃ​ឈ្នួល​រថយន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំ។ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ​ក៏​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​គិតថ្លៃ​ដែរ រាប់ទាំង​កាណូត​ដឹក​ពី​ខេត្តកណ្តាល​មក​ភ្នំពេញ​ផងដែរ ។ ចំ ណែ​ក​រថភ្លើង​ទាំងពីរ​ខ្សែ​ក៏​ត្រូវបាន​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​ដោយ​មិន​គិតថ្លៃ​ផងដែរ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ក្តី​រំពឹង​និង​ជឿជាក់ថា​បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​ភាព​រីករាយ​ក្នុង​ការធ្វើ ដំណើរ ព្រោះតែ​រាជរដ្ឋាភិបាល​បានរៀបចំ​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​៕​