​សម្តេច​តេ​ជោ​ហ៊ុនសែន​៖ ​ប្រាប់​ឲ្យ​តៃកុង​ឡានក្រុង​របស់​រដ្ឋ ​ត្រូវ​បើកបរដោយ​ការប្រុងប្រយ័ត្ន​បំផុត​

875
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ ជាថ្មី​ម្ដងទៀត ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង ១២០ គ្រឿង​ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ មេសា ។ បើតាម​សម្ដេច ហ៊ុន សែន ការដាក់​ដំណើរការ​រថយន្ត​ទាំង​១២០​គ្រឿង​នេះ​ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​របស់​ពលរដ្ឋ ។ ជាមួយគ្នានេះ​ដើម្បី​ធានា​សុវត្ថិភាព​ធ្វើដំណើរ​របស់​ពលរដ្ឋ​នោះ ​ប្រមុខ​រដ្ឋាភិបាល​ក៏​ប្រាប់​ឲ្យ​តៃកុង​បើកបរ​រថយន្តក្រុង​ទាំង​១២០​នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​បើកបរ​គោរព​ច្បាប់​និង​កុំ​ជែង​គ្នា ។ ជាពិសេស​កុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ។​

​​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​តាម Facebook យ៉ាង​ដូច្នេះ​ថា​៖​ «​ដើម្បី​កុំឱ្យ​ចំណាយ​លើ​ការធ្វើដំណើរ​ច្រើន ​សូម​បងប្អូន​ជនរួមជាតិ​និងកូនក្មួយ​ប្រើប្រាស់​ឡានក្រុង​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី ១២-១៨ មេសា ដែលមាន​ចំនួន​១២០​គ្រឿង។ តៃកុង​បើកបរ​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​​ បើកបរ​គោរព​ច្បាប់ ​កុំ​វ៉ា​ប្រជែង និងកុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​»​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ក៏បាន​ជូនពរ​ជនរួមជាតិ​ទាំងអស់​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​និង​បានសប្បាយ​ជួបជុំ​ក្រុមគ្រួសារ​ ឪពុកម្តាយ លោកយាយ​លោកតា ជាទី​ស្រឡាញ់​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចេញ​រថ​យន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ ចំនួន ១២០ គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​ដោយ​ឥតគិតថ្លៃរយៈពេល​៧​ថ្ងៃ​​ ឍចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​សម្រួល​ដល់​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ កម្មករ និយោជិត ទៅលេង​ស្រុកកំណើតក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។​

​ចំនួន​រថយន្ត​ដែល​ត្រូវ​រត់តាម​ផ្លូវជាតិ​រួមមាន​៖ ផ្លូវជាតិ​លេខ​១​មាន ភ្នំពេញ​-​ខេត្តកណ្តាល​-​ស្វាយរៀង ចំនួន ៥​គ្រឿង និង​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង ៥​គ្រឿង សរុប​១០​គ្រឿង​, ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ ៥​គ្រឿង​, ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កែប ៥​គ្រឿង​, ភ្នំពេញ​-​កំពត ៥​គ្រឿង​សរុប ១០​គ្រឿង​, ផ្លូវជាតិ​លេខ​៤​ភ្នំពេញ​-​កំពង់ស្ពឺ ៣​គ្រឿង​,​ភ្នំពេញ​-​ក្រុងព្រះសីហនុ​៧​គ្រឿង​សរុប​១៣​គ្រឿង​, ផ្លូវជាតិ​លេខ​៥​ភ្នំពេញ​-​កំពង់ឆ្នាំង​៥​គ្រឿង​,​ភ្នំពេញ​- ពោធិសាត់ ១០​គ្រឿង​, ភ្នំពេញ​-​បាត់ដំបង ១៥​គ្រឿង ,​ភ្នំពេញ​-​បន្ទាយមានជ័យ ១៥​គ្រឿង សរុប​៤៥​គ្រឿង​, ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ ៥ គ្រឿង​, ភ្នំពេញ​សៀមរាប​១៥​គ្រឿងសរុប​២០​គ្រឿង​, ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ ភ្នំពេញ​-​កំពង់ចាម ៥​គ្រឿង​, ភ្នំពេញ​-​ត្បូងឃ្មុំ ៥​គ្រឿង សរុប​១០ គ្រឿង​, ផ្លូវជាតិ​លេខ​៦ និង​លេខ​៨ ភ្នំពេញ​-​ក្រចេះ ៥​គ្រឿង ភ្នំពេញ​-​ស្ទឹងត្រែង ៥​គ្រឿង សរុប​១០​គ្រឿង​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕/Ha