​សម្តេច​តេ​ជោ​ហ៊ុនសែន​ បាន​អញ្ជើញ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​

143
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៩​នេះ ​តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម​។

​​យោងតាម​ការជូនដំណឹង​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៥ ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹងអញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក ង្វៀន ភូ​ជុង (Nguyen Phu Trong) អគ្គលេខាធិ​ការ​បក្ស​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​និង​លោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀតណាម​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម លោក ង្វៀន ស៊ុន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។​ភាគី​ទាំងពីរ​នឹង​ពិ​ភាក្សា​គ្នា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់និង អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​និង​ការបារម្ភ​រួមគ្នា​។​ក្រោយ​កិច្ចប្រជុំ​ នាយករដ្ឋមន្ត្រី​ទាំងពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹងចូលរួម​បើក​សន្និសីទ​ស្តីពី​ការជំរុញ​វិនិយោគ​និង​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា​នេះ​។​នៅថ្ងៃទី​០៥ ខែតុលា​ ដែលជា​ថ្ងៃទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ នឹងចូលរួម​ជា​អធិបតី​ក្នុង​សន្និសីទ​បូកសរុប​ការងារ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា វៀតណាម ដែល​រំពឹងថា​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ពីរ​ដើម្បី​ទទួលស្គាល់​លទ្ធផល​ការងារខណ្ឌសីមា​ព្រំដែន ៨៤% ដែល​សម្រេចបាន​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុងឱកាស​នេះ​រួមមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​,ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ​, លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​,លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថា​មពល និង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ផងដែរ ៕/Ha