​សម្តេច​តេ​ជោ​ហ៊ុនសែន​ជំរុញ​ឲ្យ​កង ទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ វៀត ណាម​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​

260
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នា​រសៀល​ថ្ងៃទី ៣0 តុលា​នេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ផាន វ៉ាន់​ហ្សា​ង(Phan Van Giang ) អនុរដ្ឋមន្ត្រី​និង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ជួប​សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព ។ នៅក្នុង​ជំនួប​នោះសម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រុញ​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បន្ត​សហប្រតិបត្តិ​ការ​ដែលមាន​ស្រាប់ ពិសេស​នៅតាម​តំបន់​ព្រំដែន​ដើម្បី​បង្កលក្ខណៈ​ងាយ ស្រួល​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​អាច​ប្រកប​អាជីវកម្ម​ទៅមក​ដោយ​ងាយស្រួល ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹងថា​ក្នុងជំនួប​នេះ​លោក ផាន់ វ៉ាន់​ហ្សា​ង ​ពាំនាំ​ពាក្យ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​នាយករដ្ឋមន្ត្រី​វៀតណាមជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយក៏​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​ថា​លោក​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក វង្ស ពិ​សេន នៅ​ថ្ងៃស្អែក នេះហើយ​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការពារជាតិ​ប្រទេស​ទាំងពីរ​គឺ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​ជាពិសេស​លើ​ការរៀបចំ​សមយុទ្ធ​សង្គ្រោះ​ពេល​មាន​គ្រោះមហន្តរាយ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ​ខាងមុខ ។ ការថែរក្សា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​តាម​ព្រំដែន​និង​ការ ស្វែងរក​អដ្ឋិធាតុ​ទាំ​ហាន​វៀតណាម​នៅ​កម្ពុ​ជារួម​ជាមួយនឹង​ការហ្វឹកហាត់​បណ្ដុះបណ្ដាល​នាយទាហាន ។​

​ជាការ​ឆ្លើយ​ត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ផង​ហើយ​ក៏បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​របាយការណ៍​ដែល​បាន លើកឡើង​។ ជាមួយនេះ​សម្ដេច​ក៏បាន​សំដែង​នូវ​ការរីករាយ​ផងដែរ​ជាមួយនឹង​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំងពីរ​កន្លងមក​ដែល​ទំនាក់ទំនង​ទាំង​នោះបាន​នាំមក​នូវ ផលប្រយោជន៍​ជូន​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​ជាពិសេស​ប្រជាជន​ដែល​កំពុងតែ​រស់នៅ​តាម​ព្រំដែន ។ ចំពោះ​ការរៀបចំ​សមយុទ្ធ​សង្គ្រោះ​ពេល​មាន​គ្រោះ មហន្តរាយ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​នេះ​ជាការ​អនុវត្ត​មួយ​ដែល​ផ្ដល់នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​នៅពេល​ដែលមាន​គ្រោះមហន្តរាយ​ជា ពិសេស​នៅពេល​ដែលមាន​ភ្លើង​ឆេះ​ព្រៃ និង​មាន​ទឹកជំនន់​ជាដើម ។សម្ដេច​បន្តថា​ភ្លើង​ឆេះ​ព្រៃ​វា​មិន​ស្គាល់​ព្រំដែន​ទេ​ដូច្នេះ​ការអនុវត្ត​សមយុទ្ធ​នេះ​ត្រូវតម្រូវ អោយ​កងទ័ព​កម្ពុជា​ចូលទៅក្នុង​ទឹកដី​វៀតណាម​ហើយ​កងទ័ព​វៀតណាម​ចូល​នៅក្នុង​ទឹកដី​កម្ពុជា ។​ដើម្បី​ជៀសវាង​ដល់​ការយល់ច្រឡំ​និង​អោយមាន​ការយល់ ដឹង​ទូលំទូលាយ​ផង​សម្តេច​តេ​ជោ​បានផ្តល់​អនុសាសន៍​ថា​ឲ្យ​មាន​សកម្មភាព​មនុស្សធម៌​ជាមួយ​ក្នុង​សមយុទ្ធ​នេះនោះ​គឺ​ភាគី​កម្ពុជា​អាច​ចូលទៅ​ព្យាបាល​ប្រជា ជន​វៀតណាម​ហើយ​កងទ័ព​វៀតណាម​អាច​ចូលមក​ព្យាបាល​ប្រជាជន​កម្ពុជា​ដើម្បី​ត្រៀម​នៅពេល​មាន​គ្រោះមហន្តរាយ​ហើយក៏​អាច​ជំរុញ​ឲ្យ​មាន​កម្មវិធី​ដូចជា កីឡា​សិល្បៈ​រួមគ្នា​ផងដែរ ។​សំខាន់​ជាងនេះទៀត​ធ្វើយ៉ាងណា​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​និង​ជំរុញ​បង្កលក្ខណៈ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​ប្រទេស ទាំងពីរ​ប្រទេស​អាច​ប្រកប​អាជីវកម្ម​តាម​ព្រំដែន​បាន​ដោយ​ងាយស្រួល ៕​