​សម្តេច​តេ​ជោ ហ៊ុន សែន​៖​ប្រសិនជា​ខ្ញុំ​មាន​គ្រោះថ្នាក់ ​វា​ក៏​ស័ក្តិ​សមនឹង​ពលិកម្ម​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ​

437
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ខេត្ត​ព្រះសីហនុ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រសិនជា​ដំណើរ​មកស្វាគមន៍​បងប្អូន​ទេសចរ​ទាំង ៤១ សញ្ជាតិ​នៅលើ​នាវា Westerdam បើសិន​ជាមាន​គ្រោះថ្នាក់​ដល់​ខ្លួន​សម្តេច​ វា​ក៏​ស័ក្តិសម​នឹង​ពលិកម្ម​ដែល​សម្តេច​បានធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា ​កម្ពុជា​យក​ការទទួលខុសត្រូវ​មួយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ជា​ចម្បង​ ​ដោយ​ដំបូង​បំផុត​គឺ​គោរព​ដល់​ការរស់រានមានជីវិត​របស់​មនុស្ស​ដែលមាន​ជាង២ពាន់​នាក់​នៅលើ​នាវា​នេះ​,​ហោចណាស់​ពេលនេះ​កម្ពុជា​បានធ្វើ​នូវ​កិច្ច​ការដែល​ទាក់ទង​នឹង​ដំណើរការនៃ​ការគោរព​សិទ្ធិមនុស្ស​គឺ​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​មិនត្រូវ​បាន​គេ​រើសអើងនិងសិទ្ធិ​វិលត្រឡប់​ទៅកាន់​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​។

ស្រ្តីជនជាតិបរទេសមួយរូបនេះរំភើបពេករហូតស្រក់ទឹកភ្នែកនៅពេលដែលទទួលបានផ្កាកុលាបមួយទង ជាមួយនឹងពាក្សស្វាគមន៍ដ៏កក់ក្តៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅ ពេលដែលពួកគេបានចាកចេញពីនាវាដែលបានជាប់គាំងនៅលើលំហសមុទ្រអស់រយៈពេលជិត២សប្តាហ៍ បន្ទាប់ពីប្រទេសចំនួន៥ និង កោះ១ មិនអនុញ្ញាតឲ្យនាវាចូលចត ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ដែល​ត្រូវបាន​ជាប់គាំង​នៅលើ​នាវា​អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​បន្ទាប់ពី​ប្រទេស​ចំនួន ៥ និង កោះ ១ មិន​អនុញ្ញាត​ឲ្យ​ចូល​ចត​ ហើយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​នា​ថ្ងៃទី១៣ ខែកុម្ភៈ ដើម្បី​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់​គោលដៅ​បន្តនៅ​ព្រឹក​ថ្ងៃទី ១៤ ខែកុម្ភៈ​នេះ​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ «​ខ្ញុំ​មកកាន់​ទីនេះ​ក៏​ចង់​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា​ ថ្ងៃនេះ​ប្រសិនបើ​ខ្ញុំ​មក​ទទួល​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​រហូតដល់ ៤១ សញ្ជាតិ​នៅទីនេះ បើសិនជា​គ្រោះថ្នាក់​ដល់​ខ្លួន​ខ្ញុំ វា​ក៏​ស័ក្ដិសម​នឹង​ពលិកម្ម​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖«​ខ្ញុំ​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​កម្ពុជា​ថា ខ្ញុំ​មក​ទីនេះ​ទោះបី​ក្នុង​រយៈពេល​ខ្លី តែ​ខ្ញុំ​ក៏​នឹង​បញ្ជូន​សារ​នេះ​ទៅកាន់ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស ​ក៏ដូចជា​ទៅកាន់​សហគមន៍​អន្តរជាតិ​ផងដែរ​ថា​ ពេលនេះ​មិនមែនជា​ពេល​ភ័យខ្លាច​និង​មិនមែនជា​ពេលដែល​ត្រូវធ្វើការ​រើស
អើង​នោះទេ ​តែ​ជា​ពេលដែល​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាននិងកំពុង​យាយី​ មិន​គ្រាន់តែ​ប្រទេសមួយ​ទេ​ ប្រទេស ជាច្រើន​បាន​ជួបប្រទះ​រឿងនេះ​រួចទៅហើយ​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​សំណួរ​ថា​ តើ​ឲ្យ​យើង​និយាយ​អំពី​ការគោរព​អំពី​សិទ្ធិមនុស្ស​យ៉ាងម៉េច​ទៅ ប្រសិនបើ​សិទ្ធិ​រស់រានមានជីវិត​មិនត្រូវ បាន​គោរព​ផង​នោះ​?​ កម្ពុជា​យក​ការទទួលខុសត្រូវ​មួយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ជា​ចម្បង​ ដោយ​ដំបូង​បំផុត​គឺ​គោរព​ដល់​ការរស់រានមានជីវិត​របស់​មនុស្ស ដែលមាន​ជាង ២ ពាន់​នាក់​នៅលើ​នាវា​នេះ​ ដែលមាន​រហូត​ទៅដល់ ៤១​សញ្ជាតិ​ហោចណាស់​ពេលនេះ​កម្ពុជា​បានធ្វើ​នូវ​កិច្ច​ការដែល​ទាក់ទង​នឹង​ដំណើរការ​នៃ​ការគោរព​សិទ្ធិមនុស្ស​ គឺ​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​មិនត្រូវ​បាន​គេ​រើសអើង និង សិទ្ធិ​វិលត្រឡប់​ទៅកាន់​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ខ្ញុំ​គិតថា​ប្រជាពលរដ្ឋ​របស់​យើង​គួរ​យល់​ហើយ​មាន​មោទនភាព​»​។​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​លើកទឹកចិត្ត​និង​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់​​ ​សម្តេច​ក្នុងការ​ឲ្យ​នាវា​នេះ​បាន​ចូលមក​កាន់​ទឹកដី​កម្ពុជា​,​តាមរយៈ​ទឹកដី​កម្ពុជា​បងប្អូន​ទាំង​៤១ សញ្ជាតិ​នេះ​អាចធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​រៀងខ្លួន​ជួបជុំ​គ្រួសារ​ពុំមាន​ការភ័យខ្លាច​ទេ ។

​នាវា​ទេសចរណ៍ Westerdam​ដឹក​មនុស្ស​សរុប​ជាង ២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ ១៤៥៥​នាក់​និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ បាន​ចាកចេញ ពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០​ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ​(​អាម៉េរិក​)​និងប្រទេស​ថៃ​បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ​ ដោយសារតែ​ការភ័យខ្លាច​ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ​អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​(Covid-19)​។​

​យោងតាម​បញ្ជី​អ្នកដំណើរ​បង្ហាញ​ឲ្យ​ឃើញថា ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ​ផ្ទុក​អ្នក​ទេសចរចំនួន​៤១​ជាតិ​សាសន៍ ​ក្នុងនោះ​ជនជាតិ​អាម៉េរិក​ច្រើនជាងគេ​មាន​ចំនួន​រហូតដល់​៦៥១​នាក់ ជនជាតិ​កាណាដា​២៧១​នាក់ អង់គ្លេស​១២៧​នាក់ ជាតិ​សាសន៍​ដទៃ​ជា​បន្តបន្ទាប់​៕Ha