​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ទទួល​ជួប​ឥស្សរជន​អន្តរជាតិ​ចំនួន​៣​នៅ​ព្រឹក​នេះ​

238
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​ប្រធានសភា​នៃ​ប្រទេស​បង់​ក្លា​ដែ​ស​,​អនុប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន និងអតីត​ប្រធានាធិបតីទី​ម័​រ​ខាងកើត ចូលជួប​សម្ដែងការគួរសម​និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​ ខណៈពេលដែល​ប្រតិភូ​ទាំងនេះ​កំពុង​ចូលរួម​ក្នុង​សន្និសីទកំពូល​អាស៊ី​ប៉ាស៊ីហ្វិក​២០១៩កម្ពុជា ដែល​បាន​ប្រព្រឹត្តធ្វើ​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៨ ដល់ ២១ វិច្ឆិកា ២០១៩ ។​

​ភ្ញៀវ​ដែល​ត្រូវ​ជួប​សម្តេច​នៅ​ព្រឹក​នេះ​រួមមាន​ គណៈប្រតិភូ​សភា​នៃ​ប្រទេស​បង់​ក្លា​ដែស​ ដឹកនាំ​ដោយ​លោកស្រី ស៊ី​រី​ន សា​ម៉ី​ន ចូ​ឌូ​រី (Shirin Sharmin Chaudhury) ប្រធាន​សភាជាតិ​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ។ ប្រតិភូ​សភាជាតិ​​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​ ដឹកនាំ​ដោយ​លោក កា​ស៊ីម ខាន់​ស៊ូ​រី (Qasim Khan Suri) អនុប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន និងចុងក្រោយ​គឺ​លោក គៀ រ៉ា​ឡា ហ្សា​ណា​ណា ហ្គូ​ស្មា​វ (Kay Rala Xanana Gusmao ) អតីត​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត ។​

​គួរ​បញ្ជាក់ថា​ អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ ដោយ​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​វប្បធម៌​អាស៊ីវេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​និង​សមាគម​អន្តរជាតិ​នៃ​សមាជិកសភា​ដើម្បី​សន្តិភាព​ បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៩-​កម្ពុជា ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី១៨ដល់​ថ្ងៃទី​២១ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖ សន្តិភាព​ ការ បង្រួបបង្រួម​ជាតិ ការពឹង​ពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​» ដោយមាន​វត្តមាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល អតីត​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល ប្រធានសភា រដ្ឋមន្ត្រី តំណាងរាស្ត្រ រួមទាំង​អង្គការ​ជំនឿ​សាសនា សង្គម​ស៊ីវិល យុវជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជិត ២.០០០ នាក់ មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ៤៨ ៕BR/Ha