​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖” ចិន​គឺជា​ខ្នងបង្អែក​របស់​កម្ពុជា ជំនួយ​របស់​ចិន​បាន​ជួយ​ពង្រឹង​នូវ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​”

978
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​
​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ផ្តល់ជំនួយដល់​កម្ពុជា​និង​ហិរញ្ញប្បទាន​ដ៏​ច្រើន​ដល់​កម្ពុជា​។​សម្តេច​បាន​បញ្ជាក់ថា​ដោយ សារ​ជំនួយ​របស់​ប្រទេស​ចិន​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​អាច​ពង្រឹង​នូវ​ឯករាជ្យភាពរបស់ខ្លួន។នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង ​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​សវនាការ​ជាមួយ លោក ចាង ឈុន​ហ្ស៊ា​ន (Zhang Chunxian) អនុប្រធាន​សភា​តំណាង ប្រជាជន​ចិន​នៅ​ល្ងាច​ថ្ងៃទី ០២ ខែ វិច្ឆិកា​នេះ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​រយៈពេល​ជាង​មួយ​ម៉ោង​នោះ​ថាស​ម្តេច​តេ​ជោហ៊ុន សែន នាយក​រដ្ឋ​ន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​៖បើ​គ្មាន​ការ ជួយឧបត្ថម្ភ​ពី​ប្រទេស​ចិន ទាំង​ជំនួយឥតសំណង ប្រាក់កម្ចី​សម្បទាន​និង​ជំនួយ​ជ្សេ​ងៗទៀត​ទាំង​វិស័យសេដ្ឋកិច្ច និង នយោបាយ គឺ​កម្ពុជា​មិនអាច​មានលទ្ធភាព​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង សេដ្ឋកិច្ច​រី​ចំរើន​ដូច​ស​ព្ធ​ថ្ងៃនេះ​ទេ ។ បន្ថែម លើ​នេះ​ជំនួយ​របស់​ចិន​បាន​ជួយ​ពង្រឹង​នូវ​ឯករាជ្យភាព​ខាង​នយោបាយ​របស់​កម្ពុជា​ផងដែរ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​៖ “​បើ​គ្មាន​ប្រទេស​ចិន​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ទេនោះ​កម្ពុជា​មិនអាច​ឈរ​រឹងមាំ​ដូច​ស​ព្ធ​ថ្ងៃ​បានទេ​” ។ សម្តេច​តេ​ជោ​បាន​បន្ត ថា​យើង​មិនអាច​យក​អធិបតេយ្យ​ជាតិ​របស់ខ្លួន​ទៅ​ប្តូរ​ជាមួយនិង​ជំនួយ​បន្តិចបន្តួច​ដែលមាន​លក្ខខណ្ឌ​នោះទេ​ដូចនេះ​យើង​ត្រូវ​ពង្រឹង​ខ្លួន​យើង​បន្ថែមទៀតយើង​មិន​ងាប់ដោយ សារតែ​ការផ្តាច់​ជំនួយ​នោះទេ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ភ្ញៀវ​អំពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដែល​ក្នុងឆ្នាំនេះ អាច​ទទួលបាន ៧,៣ %​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់ នេះ ហើយ​ឆ្នាំក្រោយ​ក៏​អាចមាន​កំណើន​ប្រមាណ​ជាង ៧ % ផងដែរ​បើទោះបី​មានការ​គំរាម​គំហែង​ដក​EBA​ពី​សំណាក់​សហភាព​អឺរ៉ុប​ក៏ដោយ ។ពាក់ព័ន្ធបញ្ហា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​បន្ត​ជួយ​ទិញ​ផលិតផល​ពី​កម្ពុជា​ព្រោះ​ទីផ្សារ​ប្រទេស​ចិន​ធំ ។​

​នៅក្នុង​ជំនួប​នោះ​លោក ចាង បាន​មានប្រសាសន៍ថា​នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​លោក​បានមក​ទស្សនៈកិច្ច​នៅ​កម្ពុជា ហើយ​បានកត់សម្គាល់​ឃើញថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មានការ​រីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ​ប្រជាជន​រស់នៅ​ប្រកបដោយ​សេរីភាព​និង​សន្តិភាព​។​លោក​បានកោតសរសើរ​ចំពោះ​រាជរដ្ឋាភិ បាល​កម្ពុជា​និង​សម្តេច​តេ​ជោ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​លោក ចាង បានលើកឡើង​ដែរ​ថាបើ​ទោះបីជា​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន​បាន​សម្តែង​មតិ​ពីនេះ​ពី​នោះ​ស្តីពី​កម្ពុជា​ក៏ប៉ុន្តែ​ប្រជាជន​ចិន​ជាង ១ ពាន់​លាន​នាក់​គឺ​ស្គាល់ឈ្មោះ​សម្តេច​ច្បាស់ និង គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​រៀងរហូត ។ លោក ចាង បានបញ្ជាក់​ថែមទៀត​ថា​ទំនាក់ទំនង​កម្ពុជា -​ចិន​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​និង​គ្រប់បែបយ៉ាង​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ស្គាល់ចិត្ត​គ្នាក្លាយជា​មិត្ត​ដែកថែបហើយ​ទាំង​ថ្នាក់ដឹកនាំ​និង​ប្រជា ជន​ចិន​តែងតែ កោតសរសើ​និង​ដឹងគុណ​ចំពោះ​សម្តេច​តេ​ជោ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រកាន់​ភ្ជាប់ គោលនយោបាយ​ចិន​តែមួយ គាំទ្រ​គ្នា​ទៅវិញទៅមកទាំងបញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ ដើម្បី​ការរីកចម្រើន​រួមចំណែក​ដល់​សុខសន្តិភាព នៅក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល ។លោក​បន្តថា​ចិន​គឺ​តែងតែ​គោរពគាំទ្រ​កម្ពុជា ដើរ​តាម​គោលនយោបាយ​របស់ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ ។

​លោក ចាង ឈុន​ហ្ស៊ា​ន ក៏បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចំរើន​មកទល់​ពេលនេះ​។ ជាមួយនេះ​លោក​ក៏បាន​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានរួម​ចំណែក​កសាង​ទំនាក់ទំនង​រវាង​ចិន អាស៊ាន​នៅក្នុង​បញ្ហា​សមុទ្រចិន​ខាងត្បូង ​ដែល​ភាគី​ចិន​បាន​ចាត់ទុកថា​កម្ពុជា​បានផ្តល់​នូវ​ភាព​យុ​ត្តិ​ធ៌​ម​សម្រាប់​បញ្ហា​នេះហើយ​រក្សាបាន​នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​អាស៊ាន ចិន ។ លោក​បន្តថា​ទំនាក់ទំនង​អាស៊ានចិនបានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​អាស៊ាន ។លោក ចាង​ បាន​បន្តថា​ប្រសិនជា​កម្ពុជា​មិនបាន​ដើរ តួនាទី​ដ៏​សំខាន់​នេះ​ទេ​មិនដឹងថា​ប្រទេស​អាស៊ាន​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​រង​ផលប៉ះពាល់​នោះទេ ព្រោះ​បញ្ហា​នេះ​មានការ​ប៉ុនប៉ង​ពី​ប្រទេស​ទី​៣ ដែលមានបំណងបំបែកបំបាក់​ទំនាក់ទំនង​រវាង​អាស៊ាន និង ចិន ។

​លោក ចាង ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលថា​ទីផ្សារ​របស់​ប្រទេស​ចិន​ពិត​ជាធំ​ណាស់​ហើយ​លោក​បានបញ្ជាក់ ថា​ផលិតផល​កម្ពុជា​ល្អ ពិសេស​អង្ករ​របស់​កម្ពុជា​ពិតជា​មានរ​សើ​ជាតិ​ឆ្ងាញ់ ហើយ​ផ្លែឈើ​នៅ​កម្ពុជា​ក៏មាន​រស់ជាតិ​ឆ្ងាញ់​ណាស់។ដូចនេះ​លោក​និង​ពាំនាំបញ្ហា​នេះ​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិ ជ្ជកម្ម​ចិននិងថ្នាក់ដឹកនាំ​ចិន​ឲ្យ​ខិតខំ​ទិញ​ទំនិញ​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ជាមួយនេះ​លោក​ចាង​ក៏បាន​លើកឡើង ទៀតថា​កម្ពុជា​ក៏​គួរតែ​រក​ទីផ្សារ​នៅក្នុង​ប្រទេស​ជប៉ុន និង រុស្ស៊ី ផងដែរ​ព្រោះថា​ទំនិញ​របស់​កម្ពុ​ជាមាន​គុណភាព​ខ្ពស់ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​អ្វីដែល​លោក​ចាង បានលើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​ដែល​ភាគី​ចិន​ចាត់ទុក​កម្ពុជា​គឺជា​មិត្ត​ដែកថែបដែល​មិនអាច​បំណែក​បំបាក់​បាន ។ សម្តេច​តេ​ជោ​ក៏បាន​សម្តែង ​នូវ​មោទនភាព​ក្នុងនាម​សម្តេច​តេ​ជោ​ផ្ទាល់​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានរួម​ចំណែក ក្នុង​ការកសាង​ទំនាក់ទំនង​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​រឹងមាំ​និង​ទូលំទូលាយ​។

​លោក ចាង ឈុន​ហ្ស៊ា​ន និង គណៈប្រតិភូ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ៤ ថ្ងៃ គឺ​ចាប់ពី​(​ថ្ងៃទី​១​ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៨) ។ នៅ​ថ្ងៃទី ៣ វិច្ឆិកា លោក ចាង ឈុន​ហ្ស៊ា​ន និង​ដឹកនាំ​គណៈ ប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប និង ទស្សនា​ប្រាង្គ​ប្រាសាទ អង្គរ​របស់​កម្ពុជា​ផងដែរ ៕