​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារលិខិត​ថ្លែងអំណរគុណ​លោកនាយក​រដ្ឋមន្ត្រី ថៃ

840
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​
​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែ សីហា ឆ្នាំ ២០១៨​នេះ​បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​សម្តេច​ស​ម្រា​ប់​ការទទួល បាន ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​នីតិកាល​ទី ០៦ កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ។​

​ ​នៅក្នុង​សារលិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ សម្តេច​បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​ថ្លែង​អំណ​គុណ យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សារ​អបអរសាទរ​របស់ ឯកឧត្តម ជូន​ចំពោះ​រូបខ្ញុំ​ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះ ត្រចង់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៅ​ថ្ងៃទី ២៩​ខែកក្កដា​ឆ្នាំ ២០១៨ ។ មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាង ៨២ % បាន​ចេញទៅ​បោះឆ្នោត បាន​ឆ្លុះបញ្ចាំង​ពីរ​ឆ​ន្ទះ​ចង់បាន​សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ប្រជាជន​កម្ពុជា​ជាច្រើន លើសលុប​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​កម្ពុជា​និង​ថៃ​មាន​ទំនាក់​ទំនងជា​ប្រពៃណី​ដ៏​យូរលង់​ណាស់​មកហើយ​។​កិច្ច​សហប្រតិបត្តិ ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ពង្រឹង​លើ​គ្រប់​វិស័យ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ខ្ញុំ​រីករាយ​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​បន្ថែមទៀត​នូវ​ភាពជា​អ្នកជិតខាង​ដ៏​ល្អ មិត្ត​ភាពជា​ប្រពៃណី និង កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ថៃ​ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ប្រជាជន​យើង​ទាំងពីរ​នឹង​រួមចំណែក​ដល់​សហគមន៍​អាស៊ាន​នឹង​ដល់ សន្តិភាព ស្ថិរភាព​និង​វិបុលភាព នៅក្នុង​តំបន់​និង​ពិភពលោក​» ។​
​ ​
​ ​គួរ​បញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី ៩ ខែ សីហា នេះ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ​បាន​ផ្ញើ​សារលិខិត​អបអរសាទរ​មួយច្បាប់ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានឈ្នះ​ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ដ៏​ត្រ​ចេះ​ត្រចង់ ៕