​សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​សិល្បករ​សិល្បការិនី​កុំ​ជេរ​បញ្ចោរ​គ្នា​តាម Facebook

129
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​សុំ​ឲ្យ​សិល្បករ​សិល្បការិនី​ខ្មែរ​បញ្ឈប់​ការ​ជេរ​បញ្ចោរគ្នា​តាម Facebook ដែល​ធ្វើឱ្យ​សាធារណជន​មើលទៅ​ខ្វះ​សីលធម៌​ក្នុងនាម​ជា​បុគ្គល​សាធារណៈ​ដែល​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​។​

​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មី​នានា​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​សិល្បករ​សិល្បការិនី​ដែល​កន្លងមក នេះ​មានការ​ជេរ​បញ្ចោរ​គ្នា​តាម ​Facebook​ តើ​ខ្ញុំ​អាច​សុំ​បានទេ​រឿងនេះគឺជា​រឿង​មិន​គប្បី​ទាល់តែសោះ ។យើង​ជា​សិល្បករ​សិល្បការិនី​ជា​បុគ្គល​សាធារណៈ​ដែល​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ ឬក៏​បង្ហាញមុខ​នៅក្នុង​ចំណោមសាធារណជន​រាប់ពាន់​រាប់ម៉ឺន​នាក់​មួយកន្លែងៗ​ប៉ុន្តែ​យើង​បែរជា​ជេរ​គ្នា​នៅតាម​Facebook​រឿងនេះ​វា​មិន​សម​ទាល់តែសោះ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​យល់ឃើញ​ថាបើ​មានរឿង​អ្វីមួយ​គួរតែ​ពិភាក្សាគ្នា​ឬ​និយាយ​តាម​តាម​ទូរស័ព្ទ​ដើម្បី​រក​ដំណោះស្រាយ​ហើយ​ចៀសវាង​ការ​ជេរ​បញ្ចោរ​គ្នា​តាម​Facebook ៕​