​សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​បានផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ស្មារតី​អាស៊ាន​ ​

223
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក Jusuf Kalla ប្រធាន អង្គកា CAPDI និងជា​សហប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​រាជធានី​ភ្នំពេញ​ នា​ល្ងាច ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ នៅក្នុង​ជំនួប​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​បានផ្តល់​កិច្ចសហការ​ក្នុង​ស្មារតីអាស៊ាន ។

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖ ​ក្នុងជំនួប​នេះ​លោក​អតីត​អនុ​ប្រធានាធិបតី​ប្រទេសឥណ្ឌូណេស៊ី​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​លោក​បាន​ជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច ជាពិសេស​ការចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃស្អែក​។

​លោក​ក៏បាន​សង្កេតឃើញថា ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ហើយ​លោក​ក៏បាន​ធ្លាប់ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ ជាពិសេស​នៅក្នុង​ឱកាស​ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​នាពេល​កន្លងមក​ក្នុង​ការងារ សង្កេតការណ៍​នៃ​ការបោះឆ្នោត​។

​លោក Jusuf Kalla ក៏បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​ដឹកនាំ​ប្រទេស​មានការ​រីកចម្រើន ​ជាពិសេស​បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយមាន​អគារ​ខ្ពស់ៗ សណ្ឋាគារ​ទំនើបៗ និង ផ្លូវ​ធ្វើដំណើរ​មាន​ភាពងាយស្រួល ។ លោក​ក៏បាន​មានប្រសាសន៍ថា​ តាមរយៈ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃស្អែក​នេះ ​គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងអស់​ដែល​កន្លងមក​យើង​បាន​កសាង​នូវ​សមិទ្ធផលជាមួយគ្នា​ដែល​បង្ហាញ​ទៅដល់​ពិភពលោក​ផងដែរ ។លោក​ក៏​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ឥណ្ឌូណេស៊ី​ដែលទំនាក់ទំនង​នេះ​បាន​ផ្ដល់នូវ​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​ជាការ​ឆ្លើយតប​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ដល់​លោក​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​ខិតខំ​ធ្វើដំណើរ​និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ក្នុង​ការចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ។ សម្ដេច​ក៏បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ដែលមាន​ទំនាក់ទំនងជាមួយគ្នា​ជា​យូរលង់​ណាស់​មកហើយ ។សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់ក​ម្ពុជា​ ជាពិសេស​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​។

​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ សម្ដេច​តេ​ជោ​បានចាត់ទុក​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ធំ​មួយ​និង​ជា​ប្រទេស​សមាជិក ​G20 ជា​ប្រទេស​ដែលមាន​សំឡេង​ខ្លាំងដែល​បាន​ជួយ​ជំរុញ​ឲ្យ​អាស៊ាន​ទាំងមូល​មាន​ឥទ្ធិពល​ក៏ដូចជា​ការជួយ​ខាង​សេដ្ឋកិច្ច​កិច្ច​និង​ការរីកចម្រើន​ក្នុង​តំបន់​អាស៊ាន​ផងដែរ ​។ ​សម្តេច​បាន​មាន​ប្រសាសន៍​បន្តថា​ ទស្សនទាន​របស់​ឥណ្ឌូណេស៊ី​ចំពោះ​​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះបាន​ក្លាយទៅជា​ទស្សនទាន​អាស៊ាន​ទាំងមូល​ដែល​សម្ដេច​បាន​គាំទ្រ​នូវ​ទស្សនទាន​នោះ​។

​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Jusuf Kalla ដែល​បាន​សង្កេតឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ។សម្ដេច​បានបញ្ជាក់ថា​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​កម្ពុជា​ដើរ​ទាន់​ទៅនឹង​បណ្ដា​ប្រទេសជិតខាង​និង​ក្នុង​តំបន់ ។ តាមរយៈ​នៃ​ជំនួប​នេះ​ សម្ដេច​តេ​ជោ​ក៏​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ក្នុង​ស្មារតី​អាស៊ាន​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្ទាល់​ជាមួយ​កម្ពុជាក្នុងការ​ទប់ស្កាត់​មិនឱ្យ​ពួក​ឧទ្ទាម​ក្រៅច្បាប់​នឹង​ប្រើប្រាស់​ទឹកដី​ឥណ្ឌូណេស៊ី​ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា ៕/Ha