​សម្តេច​តេ​ជោ ហ៊ុន សែន អបអរ​​សាទរ​និង​កោតសរសើរ​ដល់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ​

1067
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អបអរសាទរ​និង​កោតសរសើរ​ដល់​កីឡាករ​បាល់ទាត់​ជ​ម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម២២​ឆ្នាំ ដែល​បាន​ប្រកួត​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី​ដោយ​លទ្ធផល ៣-១ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣០ នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។​ជាមួយនឹង​សារ​អបអរសាទរ​និង​កោតសរសើរ​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​ឱ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ជោគ ជ័យ​នៅ​វគ្គ​បន្ទាប់​ទៀត​។​

​បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​ភ្លាមៗ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់ សម្តេច​អបអរ​ចំពោះ​លទ្ធផល​ដែល​កីឡាករ​បាល់ទាត់​ជ​ម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ ដែល​បាន​ប្រកួត​ឈ្នះ​ក្រុម​កីឡាករ​ជម្រើសជាតិ​ម៉ាឡេស៊ី និង បាន​ឈាន​ចូលទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្រជា​ប្រវត្តិសាស្ត្រ​ ដោយ​សម្តេច​បានសរសេរថា​៖ «​សូម​អបអរសាទរ និង​កោតសរសើរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ U22 កម្ពុជា​បាន​យកឈ្នះ U22 ម៉ាឡេស៊ី ក្នុង​លទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន ដែល​កម្ពុជា​នឹង​ឡើងទៅ​ប្រកួត​បន្ត​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ។ អរគុណ​បងប្អូន​​ប្រជាពលរដ្ឋ​និង​កូនក្មួយ​ទាំងអស់​ដែល​គាំទ្រ​វិស័យ​កីឡា​ជាពិសេស​ក្មួយៗ​ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡដ្ឋាន​និង​តាម​ទូរទស្សន៍ ។ សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បាន​ជោគជ័យជា​បន្តបន្ទាប់​ទៀតក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019» ។

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​បាន​យកឈ្នះ​ម៉ាឡេស៊ី ៣-១ នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ខណៈ​ហ្វីលីពីន​ឈ្នះ​ទី​ម័​រ​ខាងកើត ៦-១​។ លទ្ធផល​នេះ នាំ​ឲ្យ​កម្ពុជា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុម​កំពូល​តារាង មី​យ៉ាន់​ម៉ា​។​

​អ៊ិន សូ​ដា​វីដ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៥៦ ហើយ​២​នាទី​ក្រោយមក សៀង ច​ន្ធា បន្ថែម​គ្រាប់​ទី​ពីរ​។ នៅ​នាទី​៦៧ កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​៣​។ ម៉ាឡេស៊ី វាយបក​បាន​វិញ​១​គ្រាប់​នៅ​ចុង​ម៉ោង​។​

​លទ្ធផល​នេះ នាំ​ឲ្យ​កម្ពុជា បាន​៧​ពិន្ទុ (+៦) ឈរ​លេខ​រៀង​ទី​ពីរ​នៃ​ពូ​ល A បន្ទាប់ពី​ក្រុម​កំពូល​តារាង​មី​យ៉ាន់​ម៉ា (១០​ពិន្ទុ​)​។ ម្ចាស់ផ្ទះ​ហ្វីលីពីន ដែល​ខំប្រឹង យកឈ្នះ​ទី​ម័​រ​ខាងកើត ៦-១ រង​នូវ​ការខកចិត្ត ដោយមាន​៧​ពិន្ទុ​ស្មើ​កម្ពុជា តែ​ចាញ់​ផល​សងដែលមាន​ត្រឹម +៥ ។​

​បើ​គិត​តាំងពី​ឆ្នាំ​១៩៩៥ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ចំនួន​៦​លើក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កម្ពុជា​មិនដែល​យកឈ្នះ​ម៉ាឡេស៊ី​នោះទេ ។ ជាក់ស្តែង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៥ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៩-០ ហើយ​បាន​បន្ត​ចាញ់ ៧-២ នៅ​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៩, ចាញ់ ៨-១ ស៊ី​ហ្គេម​ឆ្នាំ​២០០៣, ចាញ់ ៥-០ ស៊ី​ហ្គេម​ឆ្នាំ​២០០៥, ចាញ់ ៤-០ ស៊ី​ហ្គេម​ឆ្នាំ​២០០៩ និង​ចាញ់ ៤-១ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១១៕/Ha