​សម្តេច​នាយករដ្ឋមន្ត្រី​ជួប​ជាមួយ​លោកអគ្គលេខាធិការ​អ​.​ស​.​ប​

749
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី ២៩ កញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។​សម្តេច​តេ​ជោ បាន​លើកសំណើរ​ចំនួន​បី​ស្នើ​ទៅកាន់​លោក​អគ្គលេខាធិការ​អ​.​ស​.​ប ។​នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩​ខែកញ្ញា​នេះ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជួប​ជាមួយ​អគ្គលេខាធិការ​អ​.​ស​.​ប​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)​​

​ប្រភព​ដដែល​បន្តថា​នៅក្នុង​ជំនួប​នេះ លោក​អគ្គលេខាធិការ អ​.​ស​.​ប បាន​មានប្រសាសន៍​អំពី​កិច្ចសហប្រតិ​បត្តិការ​រ​វាង​អ​.​ស​.​ប និង​កម្ពុជា ក៏ដូចជា​រវាង​អ​.​ស​.​ប ជាមួយ​អាស៊ាន គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​។ លោក​បាន​បន្តថា អង្គការសហប្រជាជាតិ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ ជាមួយ​កម្ពុជា​ក៏ដូចជា​រវាង​អង្គការសហប្រជាជាតិ​និង​ជាមួយ​អាស៊ាន​។​

​ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកសំណើរ​ចំនួន​បី​ស្នើ​ទៅកាន់​លោក​អគ្គលេខាធិការ​អ​.​ស​.​ប ដែល​ទទួលបាន​នូវ​ការឯកភាព​ពី​លោក​អគ្គលេខាធិការ​អ​.​ស​.​ប ក្នុងនោះ​គឺៈ​១.​ពាក់ព័ន្ធ​ទៅនឹង​ការិយាល័យ​អង្គការ​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចប់​កិច្ចព្រមព្រៀង​នៅ​ចុងឆ្នាំ​២០១៨​នេះ សម្តេច​បានអនុញ្ញាត​ឲ្យ​បន្ត​រយៈពេល​ពីរ​ឆ្នាំ​ទៀត ហើយ​នៅក្នុង​ខែតុលា​ខាងមុខ គឺ​នៅពេលដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះ នឹងមាន​ការចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយនិង​តំណាង​ស្នងការ​សិទ្ធមនុស្ស​នៃ​អង្គការសហប្រជាជាតិ​។ សម្តេច​តេ​ជោ​បន្តថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពេញលេញ​ក្នុងការ​បន្តធ្វើ​ការងារ ជាមួយ​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធមនុស្ស​។​

​ទី​២. សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើក​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​អង្គការសហប្រជាជាតិ ស្តីពី​សាលា​ក្តី​ខ្មែរក្រហម​នៅ​កម្ពុជា​។ សម្តេច​មានប្រសាសន៍ថា កម្ពុជា​នឹង​បន្តសកម្មភាព​ទាំងនោះ​ដូច​អ្វីដែល​កម្ពុជា​ធ្លាប់​បានធ្វើ​និង​អនុវត្តន៍​ពី​ពេលមុនៗ​។ គឺ​មានន័យថា អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​កម្ពុជា​បន្ត​បង់​ថវិកា​លើ​ការ​ចំណាយ​របស់​មន្ត្រី​បុគ្គលិក​កម្ពុជា ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម និង​ទី​៣. រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សម្រេច​ច​បាន​ថែមទៀត​លើ​បេសកកម្ម​នៃ​ការថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប ថា​តើ​ប្រទេស​ណា​ទៀត​ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុងការ​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ធម៌​នៅក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។​

​លោក​អគ្គលេខាធិការ​អ​.​ស​.​ប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​បន្ត​អាណត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​បន្តទៀត​។ លើ​ចំណុច​ទី ២ និង​ទី​៣ គឺ​លោក​អគ្គលេខាធិការ​មានប្រសាសន៍ថា​កម្ពុជា​ពិត​ជាមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការជួយ​ដល់​អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ​ដែល​ពោរពេញ​ទៅដោយ​វិន័យ និង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់ អង្គការសហប្រជាជាតិ​៕សរន