ដោយៈសុផល/ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសវនាការជាមួយនឹងលោកហេនរីវ៉ាន់ធៀ(HenryVanThio)អនុប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាក្នុងឱកាសដែលលោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភានិងក្នុងនាមសម្តេចផ្ទាល់សម្តេចវិបុលសេនាភក្តីសាយឈុំបានសម្តែងនូវការស្វាគមន៍ចំពោះលោកអនុប្រធានាធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-នៅកម្ពុជា ត្រូវបានសហការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយសហព័ន្ធសន្តិភាពសកលដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។
ដូចដែលលោកបានជ្រាបស្រាប់ហើយថា ប្រធានបទនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះ គឺពិតជាមានសារៈសំខាន់និងឆ្លើយតបចំពោះស្ថានភាពសកលលោកដែលកំពុងមានការវិវត្តប្រែប្រួល ដ៏ឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់។ ហេតុនេះទាមទារឱ្យយើងទាំងអស់គ្នាចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគីនិយមនិងគោរពនូវគោលការណ៍ច្បាប់អន្តរជាតិដើម្បីនាំមកនូវសុខដុមនីយកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងឱកាសនោះលោកហេនរីវ៉ាន់ធៀបានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភាដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបនាឱកាសនេះ។លោកបានសម្តែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជាដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះប្រកបដោយជោគជ័យ។លោកហេនរីវ៉ាន់ធៀបានជម្រាបជូនសម្តេចព្រឹទ្ធសភាថាសហភាពមីយ៉ាន់ម៉ានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី៣ នៅឆ្នាំ២០២០ខាងមុខនេះ។
ក្នុងឱកាសនោះលោកក៏បានរំលឹកអំពីទំនាក់ទំនការទូតរវាងសហភាពមីយ៉ាន់ម៉ានិងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៩៥៥ហើយទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពស្អិតរមួតពីតាំងពីពេលបង្កើតរហូតដល់ពេលបច្ចុប្បន្នជាពិសេសការគាំទ្រគ្នាក្នុងក្របខណ្ឌតំបន់និងអន្តរជាតិដូចជាក្នុងក្របខណ្ឌអាស៊ានមហាអនុតំបន់ទន្លេមេគង្គCLMVនិងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោកអនុប្រធានធិបតីបានបញ្ជាក់ថារដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយនឹងប្រទេសកម្ពុជាជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ សភានៃប្រទេសមីយ៉ាន់ម៉ា បានចូលជាសមាជិកមហាសន្និបាតអន្តរសភាអាស៊ាន ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី២១។ប្រទេសមីយ៉ាន់ម៉ានិងកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។
លោកហេនរីវ៉ាន់ធៀបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបោះឆ្នោតគាំទ្រនូវជំហររបស់សហភាពមីយ៉ាន់ម៉ានៅក្នុងមហាសន្និបាតអង្គកាសហប្រជាជាតិលើកទី២៤និងបានជួយឧបត្ថម្ភជាថវិកាមួយចំនួនសម្រាប់ការអភិវឌ្ឍនៅរដ្ឋរ៉ាក់ខាញនៃប្រទេសមីយ៉ាន់ម៉ា។ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណចំពោះព្រឹទ្ធសភាកម្ពុជាដែលបានផ្តល់អាហាររូបករណ៍ដល់មន្ត្រីសភានៃប្រទេសមីយ៉ាន់ម៉ាបានមកបណ្តុះបណ្តាលនៅព្រឹទ្ធសភាកម្ពុជា។មានសង្ឃឹមយ៉ាងមុតមាំថាប្រទេសកម្ពុជានឹងបន្តគាំទ្រដល់ដំណើរការសន្តិភាពនិងការបង្រួបបង្រួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមអនុប្រធានាធិបតីដែលបានលើកឡើងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងក្នុងរយៈពេល៦៤ឆ្នាំកន្លងមក។សម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា និងប្រើប្រាស់ទឹកទន្លេមេគង្គដូចគ្នាហើយប្រជាជននៃប្រទេសទាំងពីរមានប្រវត្តិស្រឡាញ់រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាយូរលង់មកហើយ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញអំពីការរីកចម្រើនប្រកបដោយលទ្ធផលជាផ្លែផ្កានៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅនេះរដ្ឋាភិបាលទាំងពីរបានប្តេជ្ញាជំរុញបន្ថែមទៀតលើកិច្ចសហប្រតិបត្តិគ្រប់វិស័យ រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច-សង្គមរបស់មីយ៉ាន់ម៉ា។ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ានិងក្រោមការដឹកនាំរបស់ឯកឧត្តមសម្តេចមានជំនឿជាក់ថាប្រទេសមីយ៉ាន់ម៉ានិងប្រជាជនមីយ៉ាន់ម៉ាបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។
តាមរយៈលោកអនុប្រធានាធិបតីសម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានអំពីសម្តេចជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។ជាមួយគ្នានេះសម្តេចបានបង្ហាញអំពីបំណងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភាកម្ពុជានិងព្រឹទ្ធសភាមីយ៉ាន់ម៉ាដោយហេតុថាឆ្នាំ២០២០ខាងមុខនេះគឺជាខួបលើកទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។សម្តេចបានស្នើឱ្យសភានៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក។
សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនលោក ហេនរី វ៉ាន់ ធៀ ថា ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤នេះ បានបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយនឹងសភាសហភាពមីយ៉ាន់ម៉ា។ តាមរយៈក្រុមមិត្តភាពនេះ សម្តេចសង្ឃឹមថាសភានៃប្រទេសទាំងពីរនឹងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
ជាមួយគ្នានេះសម្តេចក៏បានបញ្ជាក់ថាក្រោមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាមួយវិទ្យាស្ថានសភាកម្ពុជាបានទទួលមន្ត្រីពីសភាមីយ៉ាន់ម៉ាមកចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នៅក្នុងព្រឹទ្ធសភាកម្ពុជាលើផ្នែកស្រាវជ្រាវចំនួន២៨នាក់ផ្នែកការទូតសភាចំនួន០៥នាក់និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការទទួលខុសត្រូវរបស់សភាលើកទី១ចំនួន១០នាក់និងលើកទី២ចំនួន០៩នាក់ ។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ របស់ឯកឧត្តម ដែលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំ ធ្វើការ ត្រិះរិះពិចារណា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិភាពពេញលេញមានការឯកភាពជាតិបូរណភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស ដែលមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយក្នុងរយៈពេលពីរទសវត្សរ៍នេះ។
សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងសម្រេចបាននូវការបង្រួបបង្រួម និងផ្សះផ្សារជាតិនៅពេលខាងមុខនេះ។សម្តេចបានប្រសិទ្ធពរបវរមហាប្រសើរជូនឯកឧត្តមអនុប្រធានាធិបតីនិងគណៈប្រតិភូសូមទទួលបានសុខភាពល្អបរិបូរណ៍ការស្នាក់អាស្រ័យល្អប្រសើរនិងជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា៕S/
ចំណងជើងរូបថត៖សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបអនុប្រធានាធិបតី មីយ៉ាន់ម៉ា