​សម្តេច​ប្រធានរដ្ឋសភា​ស្នើ​ឯកអគ្គរដ្ឋទូត​កា​ហ្សា​ក់​ស្ថាន​ជួយ​ជំរុញ​វិនិយោគិន

195
ចែករម្លែក
  • 7
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បានទទួល​ជួប​សវនាការ​ជាមួយ​លោក​បេ​កេ​ត​ហ្សា​ន​ហ្សូ​ម៉ា​ខា​ណូ​វ​(BeketzhanZhumakhanov)​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​ប្រធានរដ្ឋសភា​បានស្នើ​ដល់​លោក​ឯកអគ្គរដ្ឋទូត​ជួយ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​និង​ប្រជាជន​កា​ហ្សា​ក់​ស្ថាន​មក​ពិនិត្យ​ឱកាស​វិនិយោគ​និង​ធ្វើ​ទេសចរណ៍​កម្សាន្ត​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។​

សម្តេច​ប្រធានរដ្ឋសភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន​បេសកកម្ម​របស់ លោក បេ​កេ​ត​ហ្សា​ន ហ្សូ​ម៉ា​ខា​ណូ​វ នៅ​កម្ពុជា​។ សម្តេច​បាន លើកឡើងថា កា​ហ្សា​ក់​ស្ថាន​និង​កម្ពុជា មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ជាង​៦​ទសវត្សរ៍​មកហើយ​។​ជា​ទំនាក់ទំនង​ដ៏​យូរលង់ ហើយ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់​។

​សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖ បេសកកម្ម​របស់លោក ឯកអគ្គរដ្ឋទូត នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ប្រទេស​ទាំងពីរ កម្ពុជា​-​កា​ហ្សា​ក់​ស្ថាន ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ទាំង​ក្នុង​ក្របខណ្ឌ​សភា និង​រដ្ឋាភិបាល ឲ្យ​កាន់តែ​រស់​រវើក​ថែមទៀត​។​

​លោក បេ​កេ​ត​ហ្សា​ន ហ្សូ​ម៉ា​ខា​ណូ​វ បាន​គាំទ្រ​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​គូសបញ្ជាក់ថា នៅក្នុង​បេសកកម្ម ការទូត​របស់លោក​នៅ​កម្ពុជា លោក នឹង​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​រឹងមាំ​បន្ថែមទៀត ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

នៅក្នុង​ឱកាស​នេះដែរ​លោក​ឯកអគ្គរដ្ឋទូត​បានប្រគល់​ជូន​សម្តេច​នូវ​លិខិតអញ្ជើញ​របស់​ប្រធានរដ្ឋសភា​ម៉ា​ជី​លី​ស កា​ហ្សា​ក់​ស្ថាន ប្រធានសភា​ឌូ​ម៉ា​រុស្ស៊ី និង​ប្រធានសភា​សាធារណរដ្ឋ​កូរ៉េ ដែល​គោរព​អញ្ជើញ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​ប្រធានសភា ប្រទេស​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​កា​ហ្សា​ក់​ស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ នាពេលខាងមុខ ។​សម្តេច​ប្រធានរដ្ឋសភា បាន​ទទួលយក​ការគោរព​អញ្ជើញ​នេះ ដោយបាន​គូសបញ្ជាក់ថា នឹង​ជូនដំណឹង​ជា​ផ្លូវការ​តាមរយៈ​ការទូត នាពេល​ក្រោយ​។​

​គួរ​ជម្រាប​ថា​រដ្ឋសភា​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន បាន​កំពុងមាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយគ្នា នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពុ​ហ​ភាគី​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា សភា​ប្រទេស​ទាំងពីរ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​ហូរហែរ​តាមរយៈ​ការចូលរួម​វេទិកាសភា​អន្តរជាតិ​ផ្សេងៗ​។​

​សភា​ប្រទេស​ទាំងពីរ​ជា​សមាជិក​ជាមួយគ្នា​មាន​ជាអាទិ៍​៖​អាយ​ភី​យូ​(IPU)​អេ​ភី​អេ​(APA)​និង​អា​សឹ​ប​(ASEP)​ជាដើម​។​ឆ្លៀតឱកាស​នោះ​សម្តេច​បាន​គោរព​អញ្ជើញ​សភា​កា​ហ្សា​ក់​ស្ថាន ចូលរួម​កិច្ចប្រជុំ​ASEP លើក​ទី​១១ ដែល​សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សវនាការ​ជាមួយ លោក បេ​កេ​ត​ហ្សា​ន ហ្សូ​ម៉ា​ខា​ណូ​វ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​