​សម្តេច​ហ៊ុនសែន ​អនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ថ្មី​ចូលជួប​សម្ដែង​ការគួរសម​

281
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​នេះ​ សម្ដេច​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឱ្យ​លោក ​PatrickMurphy​ឯកអគ្គរដ្ឋទូត​ថ្មី​សហរដ្ឋអាម៉េរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សម្ដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​លោក​កៅ​គឹមហួន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​ សម្តេច​បាន​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​លោក​partrickmurphy​ ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​។​លោក​អគ្គរដ្ឋទូត​បាន​ជម្រាប​សម្តេច​តេ​ជោ​ថា​ លោក​បាន​អញ្ជើញ​មកពី​ទីក្រុង​washington​។​មុននឹង​មកនេះ​លោក​ក៏បាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​និង​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​ ដោយបាន​ឃើញ​នូវ​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា​។​

​ក្នុងជំនួប​នេះដែរ​ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ សម្ដេច​ពិតជា​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ដែល​ឯកអគ្គរដ្ឋទូត​ចាប់ផ្ដើម​នៅក្នុង​ការធ្វើការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ​ក៏ដូចជា​ធ្វើ​សកម្មភាព​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ។ សម្ដេច​បញ្ជាក់ថា​ ទំនាក់ទំនង​របស់​យើង​នេះ​មិនមែន​ចាប់ផ្ដើមពី​សូន្យ​ទេ គឺ​បន្ត​នូវ​អ្វីដែល​យើង​ធ្លាប់មាន​ពីមុនមក ហើយ​ទំនាក់ទំនង​នេះ​ល្អប្រសើរ ។​

​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់ថា ​អ្វីដែល​យើង​នឹង​បន្ត​នេះ ​គឺ​បន្ត​ពង្រីកពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​ ដោយសារ​កម្ពុជា​និង​សហរដ្ឋអាម៉េរិក​មានកា​រ​សហការគ្នា​ទៅលើ​គ្រប់​វិស័យ​។​ជាពិសេស​មាន​ចំណុច​ដែល​យើង​ឯកភាពគ្នា​ជាច្រើន​។​ជាការ​ធម្មតា​ដែល​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​តែងតែមាន​ចំណុច​ខ្លះ​ដែល​យើង​ត្រូវការ​ពេលវេលា​ដើម្បី​បន្ត​ធ្វើការ​ជាមួយគ្នា ។

​សូមបញ្ជាក់ថា ​កន្លងមក​នេះ​កម្ពុជា​និង​សហរដ្ឋអាម៉េរិក​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​នៅក្នុង​ការស្វែងរក​ទាហាន​អាម៉េរិក​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម​។​មាន​ក្រុម​អ្នកស្ម័គ្រចិត្ត​ភី​សខប​(PeaceCorp)​របស់​សហរដ្ឋអាម៉េរិក​ហើយ​និង​វិស័យ​ផ្សេងៗ​ទៀត ទាំង​វិស័យ​សុខាភិបាល​និង​វិស័យ​អប់រំ​ផងដែរ​។​ជារួម​នៅក្នុង​ជំនួប​នេះ​មាន​លក្ខណៈ​ល្អ​ក្នុងការ​រឹតបន្តឹង​។​ជាពិសេស​ដើម្បី​បន្ត​កិច្ចការ​ជាមួយគ្នានេះ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

​សូម​បញ្ជាក់ដែរថា ​កន្ល​ង​មកនេះ​ក្រុម​អ្នកស្ម័គ្រចិត្ត​នៃ​សហរដ្ឋអាម៉េរិក​ដែល​បាន​បញ្ជូនមក​កម្ពុ​ជាមាន​ចំនួន​៧០០​នាក់​ដែល​បានមក​ស្ម័គ្រចិត្ត​ជួយ​បង្ហាត់បង្រៀន​និង​ធ្វើ​ការងារ​ផ្សេងៗ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​ដោយ​ការងារ​នេះ​នឹងមាន​ជា​បន្តទៀត​នៅពេល​ខាងមុខ​។

​សម្ដេច​តេ​ជោ​បាន​លើក​យោបល់​ថា ក្រុម​អ្នកស្ម័គ្រចិត្ត​ភី​សខប ក៏​អាច​នឹងចូលរួម​អុំទូក​ជា​មិត្តភាពក្នុងឱកាស​បុណ្យអុំទូក​ខាងមុខនេះ​។​ដើម្បី​បង្កើន​នូវ​ការយល់ដឹង​ផ្នែក​វប្បធម៌​ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជនផងដែរ​៕S/​Ha