​សម្តេច​ហ៊ុនសែន​អំពាវនាវ​កុំ​ឲ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដោយសារ​ជំពាក់​បំណុល

1741
ចែករម្លែក

កណ្តាល​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ទៅកាន់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កុំ​រឹបអូស ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ផ្ទុយទៅវិញ​ត្រូវមាន​ការយោគយល់​អធ្យាស្រ័យ​ដល់​ប្រជាពលរដ្ឋ ដោយ​ពន្យារពេល​សង ថែមទាំង​មិន​យកការប្រាក់​។ ជា មួយ​នេះ​សម្តេច​បាន​ជំរុញ​ឲ្យ​ធនាគារជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​រក​វិធី​ជួយ​សម្រាល​បន្ទុករបស់​ប្រជាពលរដ្ឋ​ដែល​ទទួលរ​ង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ឆ្នាំនេះ​តាមរយៈ​កា​រប​ន្ថូ​រ​បន្ថយ​អត្រា​ការប្រាក់ និង ពន្យា​រយៈ​សងបំណុល​ផងដែរ ។ ​ ​

​ ​ការអំពាវនាវ​និង​ជំរុញ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ ទី​២៣ ខែសីហា នេះ ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​សំណេះ សំ​ណា ល ជាមួយ​កម្មករ និយោជិត ចំនួន ១៧.៥០៣​នាក់ មកពី​រោងចក្រ​សហ​គ្រា​ចំនួន​១២ នៅក្នុង​ខេត្តកណ្តាល​។​

​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថ្ថា «​ខ្ញុំ​ក៏​យក​ឱកាស​នេះ​អំពាវនាវ​ដល់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធនាគារជាតិ​សូម ធ្វើការ​ជាមួយ​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​ដើម្បី​អនុគ្រោះ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នឹង​គ្រោះទឹកជំនន់​ដោយ​ប​ន្ថូ​រ​បន្ថយ​រយៈពេល​សង​ឬ ប​ន្ថូ​រ បន្ថយ​មិន​យកការប្រាក់​នៅក្នុង​រយៈ​ពេល​ណាមួយ​ដើម្បី​កាត់បន្ថយ​ការលំបាក​ព្រោះ​ពេលនេះ​ស្រូវ​ដែល​គាត់​ធ្វើ​ផលដំណាំ​ដែល​គាត់​ធ្វើបាន​ខូច​ខា តទៅ​ហើយ ។ ដូច្នេះ​លទ្ធភាព​គាត់​សង​តាម​ការកំណត់​មិនអាច​មាន​ទេ​សូមកុំ​រឹបអូស​ទ្រព្យសម្បត្តិ គាត់​ផ្ទុយទៅវិញ​ត្រូវមាន​ការយោគយល់​អ​ធ្យា ស្រ័យ​ដល់​គាត់​ពន្យារពេល​សង​ថែមទាំង​មិន​យកការប្រាក់ ។ ខ្ញុំ​សង្ឃឹមថា​គណៈ​ពង្រឹង​មូលដ្ឋាន​ទាំងអស់​នឹង​បន្តធ្វើ​កិច្ចការងារ​នេះ​នៅតាម​មូល ដ្ឋា​ន​ដែលមាន​មីក្រូហិរញ្ញវត្ថុ​ទីនោះ​ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​ប្រជាជន​យើង​ត្រូវធ្វើ​សកម្មភាព​ទាំងអស់គ្នា​ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋនិង​វិស័យ​ឯកជន​ផងដែរ​»​។​

​ ​សូមជម្រាបថា​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹកទន្លេ​បាន​វាយប្រហារ​នៅ​ខេត្ត​របស់​កម្ពុជា​ចំនួន ៩ ខេត្ត មានដូចជា ខេត្តកោះកុង កំពត កែប ព្រះសីហនុ បាត់ដំបង កំពង់ស្ពឺ តាកែវ កណ្ដាល និង​រាជធានី​ភ្នំពេញ ដោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៨.៩៧០ គ្រួសារ ។ ជំនន់​នេះ​ក៏ បណ្ដាល​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ ៩.៥៨២ ម៉ឺន​ហិកតា ក្នុងនោះ​ដំណាំ​ស្រូវ​ដែល​ខូចខាត​ទាំងស្រុង​ចំនួន ៥២ ហិកតា ៕BR