​សម្តេច​ហ៊ុនសែន​៖​កម្មករ​ខ្លះ​ជួបជុំ​រាំ​កម្សាន្ត​នៅតាម​រោងចក្រ​,​ខ្លះ​នៅផ្ទះ​,​ខ្លះ​ជួបជុំ​ដាក់​ញត្តិ នេះ​គឺជា​សិទ្ធិ​ដែល​បាន​អនុវត្ត​ន៍នៅ​កម្ពុជា​ ​

313
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ)​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​មានកម្មករ,​កម្មការិនី​ខ្លះ​បានជ្រើសរើស​ការជួបជុំ​នៅតាម​រោងចក្រ​ដោយ​ការ​ហូបបាយ​រួមគ្នា​និង​រាំ​កម្សាន្ត,​ មាន​អ្នកខ្លះ​ជ្រើសរើស​ការ​នៅផ្ទះ​សម្រាក​និង​ក៏មាន អ្នកខ្លះ​ជ្រើសរើស​ការជួបជុំ​ដាក់​ញត្តិ​ទាមទារ​នេះ​ដាក់​ញត្តិ​ទាមទារ​នោះ នេះ​គឺជា​សិទ្ធិ​ដែល​បាន​អនុវត្ត​ន៍នៅក្នុង​ប្រទេស​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​ជួបជុំ​ហូបបាយ​សាមគ្គី​និងរាំ​កម្សាន្តជាមួយ​កម្មករ កម្មការិនី​នៅ​រោងចក្រ​យី​ដា ប្រមាណ​ជាង ៣៧០០ នាក់​ស្ថិតនៅភូមិ​ឫស្សីស្រុក​,​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ​នា​ព្រឹក​ថ្ងៃទី ១ ខែឧសភា នេះ ។
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានទទួល​ទាន​អាហារ​និង​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​កម្មករ កម្មការិនី ក្នុង​បរិ​យា​កាស​សប្បាយរីករាយ​និង​ស្និទ្ធ​ស្នាលជាទីបំផុត។ បរិយាកាស​នេះ​បានបង្ហាញ​អំពី​ភាពជិតស្និទ្ធ​រវាង​មេដឹកនាំ​ប្រទេស​ជាមួយនឹង​កម្មករ​កម្ម​ការិនី​ទាំងអស់​។​ប៉ុន្តែ​អ្វីដែល​ទៅ​ហួស​ពី​ភាពស្និទ្ធ​ស្នាល​នេះ​គឺ​សាមគ្គីភាព​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​និង​មេដឹកនាំ​ប្រទេស ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖«​ថ្ងៃនេះ​មាន​អ្នកខ្លះ​ជ្រើសរើស​ការ​មកជួបជុំ​និង​បាយ​សាមគ្គី​តាម​រោងចក្រ​និង​រាំលេង​កម្សាន្ត​,​អ្នកខ្លះ​ជ្រើសរើស​នៅតាម​ផ្ទះ​,​អ្នកខ្លះ​ជ្រើសរើស​ទៅតាម​ការប្រមូលផ្ដុំ​ដាក់​ញត្តិ​ទាមទារ​នេះ​ទាមទារ​នោះ​ នេះ​គឺជា​សិទ្ធិ​ដែល​បាន​អនុវត្ត​ន៍នៅក្នុង​ប្រទេស​របស់​យើង »​។

​បើ​យោងតាម​ការលើកឡើងរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះ​មាន​រោងចក្រ​រហូតដល់​ទៅ​១.២៨៧ រោងចក្រ​បាន​ប្រារព្ធ​ពិធី​ជួបជុំ​សប្បាយ​រីករាយ​នៅក្នុង​រោងចក្រ​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​កន្លងទៅ​គឺ​កើនឡើង ៣៩៤ រោងចក្រ ។ សម្រាប់​កម្មករ​វិញ​ឆ្នាំនេះ​មាន​រហូតដល់ ៧៩ ម៉ឺន​នាក់​បានជួបជុំគ្នា​នៅតាម​រោងចក្រ​ប្រារព្ធ​ពិធី​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​បើ​ប្រៀបធៀប​ឆ្នាំ​កន្លងទៅ​គឺមាន​ការកើនឡើង ២៦ ម៉ឺន​នាក់ ៕/Ha