​សម្តែង​របាំ​ប្រពៃណី​ជូន​ភ្ញៀវ​ទេសចរណ៍​នាវា​Westerdam​ដើម្បី​បំបាត់​កែ​អផ្សុក

269
ចែករម្លែក

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កា​ពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​បាន​ថ្លែងឱ្យដឹងថា ដើម្បី​បំបាត់​កែ​អផ្សុក ជូន​ភ្ញៀវទេសចរ​របស់​នាវា Westerdam ដែល​ចាក​ចេញពី​ក្រុងព្រះសីហនុ​មក​ស្នា​ក់មួយ​រាត្រី​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​រង់ចាំ​ជើងហោះហើរ​ទៅកាន់​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​នោះ​។

​នៅ​ល្ងាច​ថ្ងៃទី​១៩​ក្រសួង​បានរៀបចំ​ឱ្យមាន​ទស្សនីយភាព​សិល្បៈ​ដូចជា​របាំ​អប្សរា​របាំ​ប្រពៃណី​ជូន​ពួកគាត់​ទស្សនា​កម្សាន្ត​នៅ​សណ្ឋាគារ​។​ការរៀបចំ​ឱ្យមាន​ទស្សនីយភាព​សិល្បៈ​ជូន​ភ្ញៀវ​ទេសចរណ៍​របស់​នាវា​Westerdam​នេះ​បន្ថែម​លើ​ការរៀបចំ​ដំណើរ​កម្សាន្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូន​ពួកគាត់​បាន​ទស្សនា​ទីក្រុង​ភ្នំពេញ​ដ៏​ស្រស់បំព្រង​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​សម្រាប់​ភ្ញៀវទេសចរ​កប៉ាល់​Westerdam​ដែល​សម្រាក​ចាំជើង​យន្តហោះ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដើម្បី​បំបាត់​កែ​អផ្សុក​ក្រៅពី​រដ្ឋបាល​ក្រុង​បានរៀបចំ​ឱ្យ​ពួកគាត់​ខ្លះ​បាន​ទៅ​ទស្សនា​ទីក្រុង​។​ក្រសួងទេសចរណ៍​បាន​ចែក​សៀវភៅ​ផ្សព្វផ្សាយ​ទេសចរណ៍​ហើយ​ល្ងាច​នេះ​យើង​ក៏​នឹង​រៀបចំ​ឱ្យមាន​ទស្សនីយភាព​សិល្បៈ​ដូចជា​របាំ​អប្សរា​របាំ​ប្រ​ពែ​ណី​ជូន​ពួកគាត់​ទស្សនា​កំសាន្ត​នៅ​សណ្ឋាគារ​ផងដែរ​»​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​អ្នក​ទេសចរណ៍​របស់​នាវា WESTERDAM ចុងក្រោយ​ចំនួន​២៣៣​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​១០ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ។​ដើម្បី​ត្រៀម​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស របស់​ពួកគេ​រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​ក្រោយ​ទាំងអស់គ្នា​ពិនិត្យ​សុខភាព​ពុំ​ឃើញ​មាន​មេរោគ​Covid19​។​ចំណែក​អ្នកបម្រើ​ការងារ​នៅលើ​នាវា​ចំនួន​៧៤៧​នាក់ នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ​តាម​កប៉ាល់ Westerdam ឆ្ពោះទៅកាន់​ហ្វីលីពីន​វិញ​។​

​អ្នក​ទេសចរណ៍​របស់​នាវា​WESTERDAM២៣៣​នាក់​ចុង​ក្រោយនេះ​បាន​ចាក​ចេញពី​នាវា​នៅឯ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដោយមាន​ការទទួល​ស្វាគមន៍ និង​ជូន​ដំណើរ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក អូ​ឡែ​ន​ដូ អាស​ហ្វ៊​ដ (Orlando Ashford) នាយក​នាវា Westerdam ។​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត​៕S/​