​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង​ជា​អំណោយ​នៃ​សប្បុរសជន​ជប៉ុន​

259
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់​ដែលជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៩​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​តំណាង​ម្ចាស់ជំនួយ​ជា​តំណាង​សមាគមន៍​សិ​ក​ជប៉ុន​ធ្វើឡើង​ស្ថិតនៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ឪម៉ាល់​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឪម៉ាល់​ឃុំ​សំបួរ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​លោក​ឧកញ៉ា​សៀង​ណាំ​បាន​មាន​ប្រសា​ស​ន៏​ថា​អគារសិក្សា​ថ្មី​ដែល​បាន​លេចចេញ​ជា​រូបរាង​នៅ​ចំពោះមុខ​យើង​នេះ​គឺ​ស្ថិតក្រោម​ការគៀងគរ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​។​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​មានចំណេះដឹង​កាន់តែ​ប្រសើរឡើង​ក្នុង​កិច្ច​បំពេញ​នូវ​តម្រូវការ នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​។​

​លោក​សៀង​ណាំ​បានបញ្ជាក់​ថាបើ​គិត​រហូត​មកទល់ពេលនេះ​លោកស្រី​ស៊ី​ប៊ូ​យ៉ា​ហ៊ី​សា​យុ​បានផ្តល់​អគារសិក្សា​ដល់​ស្រុក​ក្រឡាញ់​សរុប​ចំនួន​៦​ខ្នង​សើ្ម​នឹង​៣៣​បន្ទប់​ដោយ​មិនទាន់បាន​គិតពី​ការផ្តល់​អគារសិក្សា​ទៅតាម​បណ្តា​ស្រុក​ផ្សេងៗ​ទៀត ក្នុង​ទូទាំង​ខេត្តសៀមរាប ។​លោក​តំណាងរាស្ត្រ​បានបញ្ជាក់​បន្ថែមថា អគារសិក្សា​ខាងលើ​គឺ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៥៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក​។

​ក្នុងនោះ ថវិកា​ជា​អំណោយ​ផ្ទាល់ខ្លួន​របស់លោក​ស្រី ស៊ី​ប៊ូ​យ៉ា ហ៊ី​សា​យុ សមាជិក​សមាគមន៍​សិ​ក​ជប៉ុន ចំនួន ៤០.០០០​ដុល្លារ រួមជាមួយ​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ឧក​ញ៉ា សៀង ណាំ ចំនួន ១៥.០០០​ដុល្លារ ៕S/

​រូបភាពៈ អគារសិក្សា​១​ខ្នង​មាន​៥​បន្ទប់ ជា​អំណោយ​របស់​សប្បុរសជន​ជនជាតិ​ជប៉ុន​
​ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​៕​គូលែន​