​សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ស្រុក​ចម្ការលើ​ទទួលបាន​ជោគជ័យ​

1886

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រោម​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ដែលមាន​ការគាំទ្រ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សហគមន៍​កសិកម្ម​ដាំ​បន្លែ​សុវត្ថិភាព​ភូមិ​វា​រី​លិច​, ភូមិ​ស្រែ​ព្រាល និង​ភូមិ​អូរ នៃ​ឃុំ​ស្វាយទាប​ស្រុក​ចម្ការលើ​ខេត្តកំពង់ចាម​។​រយ​:​ពេល​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ​គឺ​ទទួលបាន​ជោគជ័យ​។​​ប៉ុន្តែ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយ​បង្កើត​ផ្សារ​ដើម្បី​កំណត់​អត្តសញ្ញាណ​បន្លែ​មួយ​នេះ​ឲ្យ​បានច្បាស់លាស់​។​

​លោក ស៊ុន សុខ​ខេង ប្រធាន​សហគមន៍​កសិក​ម្ម បន្លែ​សុវត្ថិភាព​ស្វាយទាប ចម្ការលើ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០​ខែកញ្ញា​នេះ​ថា​យើង​មាន​សមាជិក​ចំនួន​២៧​គ្រួសារ​ក្នុងភូមិ​ចំនួន​បី​។​បានចាប់ផ្តើម​ដាំ​បន្លែ​ដោយ​អនុវត្តន៍​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​លើ​ផ្ទៃដី​សរុប​ជាង​ប្រាំមួយ​ហិកតា​។​គឺ​ធានាបាន​បន្លែ​ច្រើន​មុខ​ជូន​អតិថិជន​ប្រហែល​ជាង​មួយ​តោន ទៅ​ជាង​ពីរ តោន ក្នុង​មួយថ្ងៃ តាំងពី​ដើមឆ្នាំ​២០១៧​មក​។​

​លោក​ប្រធាន​សហគមន៍​ដែលមាន​វ័យ​៤២​ឆ្នាំ​ម្នាក់នេះ​បាន​ឲ្យ​ដឹង​បន្តថា​ក្នុងនោះ​សហគមន៍​យើង​មាន​ជា​បន្លែ​សុវត្ថិភាព​ប្រចាំថ្ងៃ​ដូចជា​សាឡា​ត់​,​ស្ពៃ​គ្រប់មុខ​,​សណ្តែក​គួរ​,​ម្រះ​ជាដើម​គឺ​បន្លែ​ទាំងអស់នេះ​យើង​ដាំ​ជា​លក្ខណ​:​វិលជុំ​តាម​ការបង្ហាត់បង្ហាញ​ពី​មន្ត្រី​កសិកម្ម​ខេត្តកំពង់ចាម​។​ដោយមាន​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​និង​សម្ភារ​:​មួយចំនួន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បុរស​ដែលមាន​បទពិសោធ​ន៍ខា​ង​ដំណាំ​បន្លែ​ជាង​២០​ឆ្នាំ​បាន​ឲ្យ​ដឹង​ទៀតថា​សម្រាប់​គ្រួសារ​របស់លោក​ដែល​បាន​អនុវត្តន៍​គម្រោង​នេះ​លើ​ផ្ទៃដី​ទំហំ​០,៤០​ហិកតា​គឺ​ក្នុង​មួយឆ្នាំ​កន្លងទៅ​ទទួលបាន​ចំណូល​ប្រមាណ​២០​លាន​រៀល​។​ចំណូល​នេះ​គឺ​ខ្ពស់ជាង​ប្រហែល​ជាង​ប្រាំ​លាន​រៀល​បើ​ប្រៀបធៀប​នឹង​កាលពី​មិនទាន់​អនុវត្តន៍​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នេះ​។​

​លោក​សុខ​ខេង​បាន​បន្ថែមថា​កត្តា​សំខាន់​ដែល​យើង​បានទទួល​ផលប្រយោជន៍​ពី​គម្រោង​នេះ​ក្រៅពី​ការ​ចំណូល​កើន គឺមាន​ច្រើន​ដូចជា កាត់បន្ថយ​ការប្រើប្រាស់​ជី និង​ថ្នាំ​គីមី​បាន​ប្រហែល ៥០ ភាគរយ​។ ទទួលបាន​បទពិសោធ​ន៍ បច្ចេកទេស​ចំណេះដឹង​បន្ថែម លើ​ដំណាំ​បន្លែ​នេះ​ពី ៥០ ទៅ ៦០ ភាគរយ​ទៀត និង​មាន​អតិថិជន​កាន់តែ​ច្រើនជាង​មុន​មក​ទិញ​និង​បញ្ជា​ទិញ​។​ពិសេស​យើង​បាន​ចែករំលែក​បទពិសោធន៍​ដល់​កសិករ​ដូចគ្នា​នៅក្នុង​សហគមន៍ ដើម្បី​ឈានទៅ​ប្រមូល​សមាជិក​សហគម​ន៍ប​ន្ថែ​ម​ទៀត​។​

​លោក​បាន​បន្តថា​ប៉ុន្តែ​ខាង​សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​ស្វាយទាប​ចម្ការលើ​បាន​ជួប​បញ្ហា​ប្រឈម​នឹង​ការប្រកួត​ប្រ​ជែក​ទីផ្សារ​ផ្នែក​សោ​ភ័​ណ្ឌ​ភាព​បន្លែ​ចាញ់​គេ​បន្លែ​គ្មាន​ប្រភព​ច្បាស់លាស់​គឺ​បន្លែ​របស់​យើង​មាន​ពណ៌​ខៀវ​ស្រអាប់​និង​មាន​ដង្កូវ​ឬ​សត្វល្អិត​ស៊ី​នៅ​ស្លឹក​។

​ផ្ទុយ​ពី​បន្លែ​គ្មាន​ទីកន្លែង​ច្បាស់លាស់​នោះ​គឺ​ស្លឹក​ពណ៌​ខៀវស្រស់​បំព្រង​ទាក់ទាញ​អតិថិជន​ជា​អ្នក​បរិភោគ​ខ្លាំងណាស់​។​ដូច្នេះ​ដើម្បី​ឲ្យ​មាន​ទំនុកចិត្ត​រវាង​អ្នក​ផលិត​បន្លែ​អ្នកទិញ​យកទៅលក់​បន្ត​និង​អ្នក​បរិភោគ​នោះ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​បង្កើត​ផ្សារ​បន្លែ​សម្រាប់​ឲ្យ​សមាជិក​សហគមន៍​ឈរ​លក់​បន្លែ​របស់ខ្លួន​ផ្ទាល់​តែម្តង​។​

​លោក​ស៊ិន​សុខ​ដា​វិ​ន​ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ចម្ការលើ​បានឱ្យដឹង​ដែរ​ថា​ជុំវិញ​សំណូមពរ​ខាង​សហគមន៍​កសិកម្ម​បន្លែ​សុវត្ថិភាព​ស្វាយទាប​ចម្ការលើ​សុំ​បង្កើត​ផ្សារ​លក់​បន្លែ​នេះ​ខាង​លោក​បានទទួល​ហើយ​។​ប៉ុន្តែ​ខាង​លោក​នឹង​ពាំនាំ​សំណូមពរ​នេះ​ទៅខាង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​, អាជ្ញាធរ​ឃុំ​ស្វាយទាប និង​អាជ្ញាធរ​ស្រុក​ចម្ការលើ ដើម្បី​សម្រេច​ជ្រើសរើស​ទីតាំង​បង្កើត​ផ្សារ​៕S/