​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស ដែលមាន​បរិញ្ញាប័ត្រ​

288
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម​មួយ​វគ្គ និង​បំប៉ន​មន្ត្រី​ចាស់ៗ មួយ​វគ្គ នា​ខែសីហា​នេះ ដើម្បី​បង្កើន​សមត្ថភាព ដល់​មន្ត្រី​របស់​សហព័ន្ធ ឲ្យ​បំពេញការងារ កាន់​តែមាន​ប្រសិទ្ធភាព ។​

​វគ្គ​បំប៉ន​ដល់​មន្ត្រី​ចាស់ៗ នឹងធ្វើ​រយៈពេល ៤ ថ្ងៃ គឺ​ពី​ថ្ងៃទី ៥ ដល់ ៨ ខែសីហា ។ លោក​បាន​បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការ​បំប៉ន ឲ្យ​បាន​ញឹកញាប់​ទេនោះ ការបំពេញ​ការងារ របស់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ប្រាកដជា មាន​ភាព​រយីក​រយាក មិន​ខាន ។​

លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​

​ក្រៅពី​ការបើក​វគ្គ​បំប៉ន​នេះ សហព័ន្ធ នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម ដល់​អាជ្ញាកណ្ដាល មន្ត្រី​បច្ចេកទេស ដែល​សិក្ខាកាម គឺ​ត្រូវតែមាន​កម្រិត បរិញ្ញាប័ត្រ ជា​គ្រូ​អប់រំ​កាយ និង​កីឡា ជា​មន្ត្រី​ការិយាល័យ ដែល​ពាក់ព័ន្ធ​ជាមួយ​កីឡា ហើយក៍​មាន​ជនបរទេស មួយចំនួន​ដែរ ។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​បើក​ឡើង រយៈពេល ៤ ថ្ងៃ​ដែរ គឺ​ពី​ថ្ងៃទី​២៦ ដល់ ២៩ ខែសីហា ។ សិក្ខាកាម ដែល​ចូល​សិក្សា​ក្នុង​វគ្គ​នេះ ត្រូវតែ​មិនមាន​ក្លិប ឬ​សមាគម​ប្រដាល់​ឡើយ ។​

​វគ្គ​នេះ គាំទ្រ​ដោយ ក្រសួង​អប់រំ យុវជន និង កីឡា ។ នេះ​ជាការ​បោះជំហាន​ទៅធ្វើ​វិសុទ្ធកម្ម ដើម្បី​ឲ្យ​រាល់​ការប្រកួត កាន់​តែមាន​គុណភាព ហើយ​ការបារម្ភ អំពី​ទុច្ចរិត​ភាព របស់​ចៅក្រម អាជ្ញាកណ្ដាល កាន់តែ​ឃ្លាតឆ្ងាយ​ពី​អារម្មណ៍ របស់​កីឡាករ និង ក្លិប​ដែលជា​សមាជិក ៕v