​សហព័ន្ធ​កីឡា​វូ​ស៊ូ នៅតែ​មិនទាន់មាន សុពលភាព​ដដែល​

224
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បានធ្វើ​មហាសន្និបាត​របស់ខ្លួន កាលពី​ថ្ងៃទី​២៥ កុម្ភៈ ដើម្បី​ស្ដារឡើងវិញ​នូវ សុពលភាព​របស់ខ្លួន ដែល​ត្រូវ​រលត់ អស់​ទៅហើយនោះ ។​

​មហាសន្និបាត​នោះ បាន​បង្កើន​សមាជិក​ប្រតិបត្តិ រហូតដល់​ទៅ ២១ រូប ដែល​ការបន្ថែម ចំនួន​សមាជិក​ប្រតិបត្តិ​នេះ ធ្វើឡើង ក្នុង​គោលបំណង ពន្លត់ភ្លើង​វិវាទ​របស់ខ្លួន ឲ្យ​ខាងតែបាន ។ មានការ​រិះគន់ថា អ្វីៗ នៅ​រក្សា​ដដែល ក្នុងនោះ សមាជិក​ប្រតិបត្តិ​ចាស់ ដែល​មិនមាន​ការពេញចិត្ត ពី​ក្លិប និង​សមាគម​នានា ហើយ​គេ​សុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នោះ នៅតែ​ដដែល​។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចូលរួម​ធ្វើជា​សាក្សី ក្នុង​មហាសន្និបាត​នោះ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា ឈូ​ដា គេ​នៅតែ​ពេញចិត្ត​គាំទ្រ​គាត់ ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​ដដែល តែ​គេ​មិន​ពេញចិត្ត​ចំពោះ​លោក ម៉ៅ ចន្ថា​វុ​ធ ដែលជា​អគ្គលេខាធិការ ដែល​សមាជិក​ប្រតិបត្តិ ភាគច្រើន ជា​សាច់ឈាម​របស់គាត់​។ គេ​សុំ​ឲ្យ​មហាសន្និបាត រៀបចំ​ដោយមាន​តម្លាភាព ហើយ​បោះឆ្នោត ដោយ​យុត្តិធម៌ ។​

​លោក​អនុរដ្ឋលេខាធិការ បាន​បន្តថា លោក​សុំ​ឲ្យ​លោក ម៉ៅ ចន្ថា​វុ​ធ ផ្ញើ​បញ្ជី​ឈ្មោះ​សមាជិក​ប្រតិបត្តិ មក​ឲ្យ​លោក​មើល ព្រោះ​បើតាម​ព័ត៌មាន​ដែល លោក​បានទទួល​នោះ មាន​សមាជិក​ប្រតិបត្តិ​ចាស់​ខ្លះ បន្លំ​ប្ដូរ​ឈ្មោះ ឯ​ខ្លះទៀត បន្លំ​លុប​ត្រកូល​ចេញ ។

​លោក​សុំ​ឲ្យ​លោក​អគ្គលេខាធិការ ម៉ៅ ចន្ថា​វុ​ធ ផ្ញើ​បញ្ជី​ឈ្មោះ សមាជិក​ប្រតិបត្តិ ត្រឹមត្រូវ​មក​ឲ្យ​លោក បើ​មិន​ដូច្នោះ​ទេ ក្រសួង​អប់រំ យុវជន និង​កីឡា លំបាក​នឹង​ទទួលស្គាល់​ណាស់ ។ ឆ្នាំនេះ ជា​ឆ្នាំ​ស៊ី​ហ្គេម ។ វូ​ស៊ូ ជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​ខ្លាំង គ្រាន់បើ​សម្រាប់​កម្ពុជា ។ អ្វីៗ​ត្រូវតែ​ដោះស្រាយ ឲ្យ​បាន​ចប់ ដើម្បី​បបួលគ្នា គិតពី​ការដណ្ដើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។​

​សម្រាប់​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​វិញ​នោះ លោក​វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ បាន​អះអាងថា អូឡាំពិក មិនអាច​ផ្ដល់​សុពលភាព ឲ្យ​បានទេ បើ​ធ្វើ​មហាសន្និបាត បែបនេះ​នោះ ។​

​លោក ម៉ៅ ចន្ថា​វុ​ធ ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ បាន​អះអាងថា អ្វីៗ ដូចជា​បាន​ចប់សព្វគ្រប់​ហើយ ព្រោះ​លោក​បានធ្វើ​អ្វីៗ ទៅតាម​ការទាមទារ របស់​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង ក្រសួង​អប់រំ យុវជន និង​កីឡា​តែប៉ុណ្ណោះ ។​

​លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គ្រូបង្វឹក​កូរ៉េ គឺ​លោក Kim Jin Kwon ដែលជា Grand Master ក៏បាន​ប្រាប់​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ ត្រូវ​រួបរួមគ្នា ដើម្បី​ធ្វើ​ឲ្យ​សហព័ន្ធ​នេះ ដើរទៅ​មុខ​៕v

លោក​វ៉ា​ត់ ចំរើន​
លោក​ប៊ូ ជុំ​សេរី