​សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​កម្ពុជា ធ្វើ​សន្និបាត​

1109
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា បានធ្វើ​សន្និបាត បូកសរុប​លទ្ធផល​ការងារ អាណត្តិ​ចាស់ និង​លើក​ទិសដៅ​ការងារ សម្រាប់​អាណត្តិ​ថ្មី ពេញ​មួយ​ព្រឹក ថ្ងៃទី​២៣ ឧសភា ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា ។​

ទិដ្ឋភាព​សន្និបាត​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា បាន​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា បង្កើតឡើង នៅ​ឆ្នាំ​១៩៩៨ គឺជា​សហព័ន្ធ​ពហុ​កីឡា (Multi Sports) ។ សហព័ន្ធ​នេះ ជា​សមាជិក​សហព័ន្ធ​កីឡា សាកលវិទ្យាល័យ​អន្តរជាតិ (FISU) ជា​សមាជិក​សហព័ន្ធ​កីឡា​សាកលវិទ្យាល័យ​អាស៊ី (AUSF) ជា​សមាជិក​សហព័ន្ធ​កីឡា​សិស្ស​អាស៊ី (ASSF) ជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​សិស្ស​អាស៊ី (ASFF) សមាជិក​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន (ASSC) និង​ជា​សមាជិក​ក្រុមប្រឹក្សា​កីឡា សាកលវិទ្យាល័យ​អាស៊ាន (AUSC) ។​

លោក អ៊ុក សិទ្ធិ​ជាតិ

​សព្វថ្ងៃនេះ សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា មាន​សមាជិក សមាគម​កីឡា​សិស្ស ស្ថិតក្រោម​បរិបាលកិច្ច របស់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ចំនួន ២៥ ធ្វើ​សកម្មភាព​ក្នុងនោះ មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ចំនួន ២៣ បាន​បំពេញបែបបទ ឲ្យ​សមាគម​កីឡា​សិស្ស ចូល​ជា​សមាជិក​របស់ សហព័ន្ធ​កីឡា​សិស្ស​-​និស្សិត​កម្ពុជា​។ ដោយឡែក មន្ទីរអប់រំ យុវជន និង​កីឡា ចំនួន ២ គឺ​ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ ពុំទាន់​បាន​បំពេញបែបបទ ឲ្យ​សមាគម​កីឡា​សិស្ស​របស់ខ្លួន ចូល​ជា​សមាជិក​សហព័ន្ធ​នៅឡើយ​។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​លើកឡើងថា សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស​។ ចំពោះ​ការប្រកួត​វិញ ដណ្ដើមបាន​មេដាយ សរុប​ចំនួន ២៧ គ្រឿង ក្នុងនោះ មាស​៥​គ្រឿង ប្រាក់​១០​គ្រឿង និង​សំរិទ្ធ​១២​គ្រឿង ។​

​លោក ស សុខា ក៏បាន​ធ្វើការ​កត់សំគាល់​ដែរ​ថា កីឡាករ​-​កីឡាការិនី ដែល​ក្លាយជា​កីឡា​ថ្នាល ពួកគេ​សុទ្ធ​តែមាន​ប្រភព ចេញ​មកពី​កីឡា​សិស្ស និស្សិត ភាគច្រើនបំផុត ។ ហេតុនេះ សហព័ន្ធ​កីឡា​សិស្ស និស្សិត មាន​តួនាទី​សំខាន់​ខ្លាំងណាស់ ។ សហព័ន្ធ​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម ពី​សាលារៀន គ្រប់​រាជធានី ខេត្ត ព្រោះ​ធនធាន​កីឡា ភាគច្រើន នៅតាម​សាលារៀន ៕v

លោក ស សុខា
អ្នកចូលរួមសន្និបាត បូកសរុប​លទ្ធផល​ការងារ
#