​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បី​ខេត្ត​ធ្វើ​សន្និបាត​រួមគ្នា​ប្រចាំឆ្នាំ​២០១៨

690
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​,​បាត់ដំបង​,​និង​ខេត្តបន្ទាយមានជ័យ បានរៀបចំ​សន្និបាត​រួមគ្នា​ប្រចាំឆ្នាំ​២០១៨​នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​សណ្ឋាគារ ហួង សាន ទល់មុខ​ស្ថានទូត​អូស្ត្រាលី រាជធានី​ភ្នំពេញ​។​

សន្និបាត​នេះ ក្រោម​អធិបតីភាព​លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួលបន្ទុក​បី​ខេត្ត​។​សន្និបាត​រួមគ្នា​ប្រចាំឆ្នាំ​២០១៨ គឺមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​តាម​កម្មវិធី​នៅ​ព្រឹក​ថ្ងៃទី​៣ វិច្ឆិកា នេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួលបន្ទុក​ខេត្តព្រៃវែង​បាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​។​ចំណែកឯ​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​លោក​ហ៊ុន​ម៉ា​នី​សមាជិក​រដ្ឋសភា​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​។​

​សន្និបាត​នេះ​រៀបចំ​ក្នុង​គោលបំណង​សំខាន់​៣​រួមមាន​៖​ទី​១.​ដើម្បី​បូកសរុប​វាយតម្លៃ​ការងារ​ប្រចាំឆ្នាំ​២០១៨​ស្វែងរក​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ព្រមទាំង​លើក​ទិសដៅ​បន្ត​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ​។​ទី​២.​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទាំងបី​ខេត្ត​និង​ទី​៣.​ដើម្បី​ផ្លាស់ប្ដូរ​យោបល់​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​និង​គ្នា​ឆ្ពោះទៅ​សម្រេច​គោលដៅ​បម្រើ​ប្រយោជន៍​យុវជន ប្រជាជន និង​សង្គមជាតិ ស្របតាម​ពាក្យស្លោក​ថា​”​រួម​គិត​រួម​ធ្វើ រួម​ទទួលខុសត្រូវ​”​។​

​សូមបញ្ជាក់​ផងដែរ​ថា​សន្និបាត​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ទាំងបី​ខេត្ត និង​ភ្ញៀវកិត្តិយស​នានា ជាង​២៥០​នាក់​។ នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់ពី​លើក​ទី​១ បានរៀបចំ​នៅ​ខេត្ត​ព្រះសីហនុ ដើមខែ​ធ្នូ ឆ្នាំ​២០១៧៕S/​