​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ធ្វើ​វេទិកា​វិទ្យាសាស្ត្រ​ស្តីពី​ទំនាក់ទំនង​ចិន​-​កម្ពុជា​លើក​ទី​១

1078
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រារព្ធ​ធ្វើ​វេទិកា​វិទ្យាសាស្ត្រ​ស្តីពី​ទំនាក់ទំនង​ចិន​-​កម្ពុជា​លើក​ទី​១​ដែល​សហការ​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ផ្ទាល់ និង​រាជបណ្ឌិត្យសភាកម្ពុជា​។​

​វេទិកា​វិទ្យាសាស្ត្រ​នេះ​អញ្ជើញ​ចូលរួម​ដោយ​អ្នកជំនាញ និង វាគ្មិន​ជាច្រើនរូប​មកពី​សាកល​វិទ្យាល័យ និង​ស្ថាប័ន​ល្បីៗ​ជាច្រើន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដូចជា​៖​រាជបណ្ឌិត្យសភាកម្ពុជា​, សាកលវិទ្យាល័យ​ស៊ិន​យ៉ា​ត​សេន ខេត្ត​ក្វាង​ទុង​, សាកលវិទ្យាល័យ អ៊ូ​ហាន​ខេត្ត​ហ៊ូ​ប៉ី​, សាកលវិទ្យាល័យ​ភាសាបរទេស​ប៉េកាំង ទីក្រុង​ប៉េកាំង​, សាកលវិទ្យាល័យ​ជីវ​ជាំ​ង ខេត្ត​ជាំ​ង​ស៊ី ។​ល​។​

​នៅក្នុង​វេទិកា​នោះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ​សុខ​ទូច​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​,​លោកស្រី​ចាង​ជីន​ហ្វឹ​ង​(ZhangJinfeng)​អតីត​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​,​លោក​MinYongNian​អតីត​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​រាជាណាចក្រ​ប្រ៊ុយណេ​។​

​លោក​ZhangXinlong​អភិបាលរង​ទីក្រុង​ជីវ​ជាំ​ង​ខេត្ត​ជាំ​ង​ស៊ី​,​លោក​ZhaoWei​អគ្គលេខាធិការ​បក្ស​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​, លោក Liu Xiao Dong សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​, នាយិកា​វុ​ធ​សុ​ភ័​ក្រ​ណា​នាយក​វិទ្យាស្ថាន​ខុង​ជឺ​ភាគី​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​,​លោក​អ៊ុំ​វុ​ទ្ធ​ទី​ប្រធានកិត្តិយស​នៃ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​(ACSC)​។​លោក​ណុប​វាសនា​ប្រធាន​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រ​ទស​ចិន​ដែល​ទើបតែ​ជាប់ឆ្នោត​នៅក្នុង​អាណត្តិ​ទី​៣​នេះ​ព្រមទាំង​គណៈប្រតិភូ​ជា​មន្ត្រីរាជការ ក្នុង និង​ក្រៅ​ស្រុក និស្សិត​កម្ពុជា និស្សិត​ចិន ប្រមាណ​២០០​នាក់​។

​វាគ្មិន និង​គណៈប្រតិភូ​ដែល​ចូលរួម​ក្នុង​អង្គប្រជុំ​នេះ​បានលើកឡើង​ជុំវិញ​ប្រធានបទ​បី​សំខាន់ ទី​១ “​ការពង្រឹង​ចំណងមិត្តភាព​រវាង​ចិន – កម្ពុជា​និង​សមិទ្ធិផល​នៃ​ការកសាង​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​”​។ ទី​២”​ជម្រុញ​ការអភិវឌ្ឍ​សហគមន៍​ជោគវាសនា​រួមគ្នា​រវាង​កម្ពុជា​-​ចិន​និង​ការបន្ត​និរន្តរភាព​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​” និង​ទី​៣”​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​វប្បធម៌​រវាង​កម្ពុជា​-​ចិន​”​។

តាមរយៈ​ការសិក្សា​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​ត្រូវបាន​ពិភាក្សា​ក្រោម​បរិបទ​នៃ​សាកលភាវូបនីយកម្ម ហើយ​សមិទ្ធិផល​នៃ​ទំនាក់ទំនង​ចិន – កម្ពុជា​នឹងត្រូវ​បាន​ពិភាក្សា​ពី​វិស័យ​នយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌​និង​ការទូត​។​ក្នុងឱកាស​បើក​វេទិកា​វិទ្យាសាស្ត្រ​នេះ លោកស្រី Zhang Jinfeng​អតីត​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា​៖​ការយល់ដឹង​ពី​វិទ្យាស្ថាន​ខុង​ជឺ​មិនអាច​យល់​ត្រឹមតែ​ឈ្មោះ​ទេ​វិទ្យាស្ថាន​ខុង​ជឺ​មិន​ត្រឹមតែ​ជាការ​ការផ្សព្វផ្សាយ​សាមញ្ញ​មួយ​នៃ​វប្បធម៌​ចិន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សំខាន់​ជាងនេះទៅទៀត វិទ្យាស្ថាន​ខុង​ជឺ​ជា​បង្អួច ជា​ស្ពាន​និង​ជា​ផ្លូវ​។

​វិទ្យាស្ថាន​ខុង​ជឺ​ផ្តោត​សំខាន់​ដោយ​យកចិត្តទុកដាក់​លើ​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​និង​ប្រជាជន​រវាង​វប្បធម៌​និង​វប្បធម៌​បានធ្វើឱ្យ​ទស្សនវិស័យ​របស់​យើង​កាន់តែ​បើកចំហ​។ នេះ​ក៏​បង្ហាញ​ពី​ការទំនាក់ទំនង​រវាង “​បេះដូង​ប្រជាជន​” នៃ​ទំនាក់ទំនង​ទាំង ៥” នៅក្នុង​ការកសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​»​។

​លោក​បណ្ឌិតសភា​ចា​រ្យ​សុខ​ទូច​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា​៖​យើង​គួរតែ​និយាយ​អំពី​ការទូត​វប្បធម៌​សេដ្ឋកិច្ច​ការអប់រំ​រវាង​ចិន​និង​កម្ពុជា​ព្រមទាំង​របៀប​ដែល​ប្រជាជន​កម្ពុជា​ត្រៀមខ្លួន​ទទួលយក​គំនិត​ផ្តួចផ្តើម​”​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​”​ក្នុង​វិស័យ​ទាំង​ប៉ុន្មាន​នេះ​មក​និយាយ​ពី​តួនាទី​របស់​វិទ្យាស្ថាន​ខុង​ជឺ​។​វិទ្យាស្ថាន​ខុង​ជឺ​ដែល​រៀបចំ​រួមគ្នា​ដោយ​រាជបណ្ឌិតសភា​កម្ពុជា​និង​សាកលវិទ្យាល័យ​ជី​ជាំ​ង​នៃ​ប្រទេស​ចិន​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ខាង​ផ្លាស់ប្តូរ​វប្បធម៌ ការអប់រំ​ភាសា បកប្រែ​បោះពុម្ពផ្សាយ​សៀវភៅ​ជាដើម​។

​ស្របពេល​នេះដែរ​កម្ពុជា​ក៏​កំពុងតែ​បកប្រែ​នូវ​សៀវភៅ​សំខាន់ៗ​របស់​ប្រទេស​ចិន​មកជា​ខេមរៈភាសា ដូចជា ”​ស៊ីជី​ង​ភីង អភិបាលកិច្ច​ប្រទេស​ចិន​”​ភាគ​ទី​១ បច្ចុប្បន្នកំពុង​ត្រៀម​បកប្រែ​ភាគ​ទី​២។ដូចគ្នានេះដែរ​ពួកយើង​ក៏បាន​បកប្រែ​សៀវភៅ​ពី​ភាសា​ខ្មែរ​ជាច្រើន​ទៅជា​ភាសា​ចិន​ដើម្បី​ជម្រុញ​នូវ​ការផ្លាស់ប្តូរ​វប្បធម៌​របស់​ប្រទេស​ទាំងពីរ​។​បច្ចុប្បន្ន​យើង​ក៏​កំពុង​បកប្រែ​សៀវភៅ​ដូចជា​“​កុលាប​ក្រហម​ទន្លេមេគង្គ​”​និង​“​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ប្រសូត្រ​ចេញពី​ត្រកូល​កសិករ​”​។

​លោក​បណ្ឌិត​ជូ​ច័ន្ទ​ដា​រី​អគ្គលេខាធិការរង​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានលើកឡើង​នៅក្នុង​វេទិកា​វិទ្យាសាស្ត្រ​ថា​៖​ទំនាក់ទំនង​កម្ពុជា​ចិន​តាមរយៈ​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​បានធ្វើឱ្យ​ប្រទេស​ទាំងពីរ​ទទួល​សមិទ្ធ​ផល​កាន់តែច្រើន​និង​ធ្វើឱ្យ​ប្រទេស​ទាំងពីរ​ទទួលបាន​នូវ​ការរីកចម្រើន​កម្រិត​ខ្ពស់​។​តាមរយៈ​គម្រោង​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​បានធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​ចិន​កំពុង​ជួបនឹង​កាលានុវត្តភាព​អភិវឌ្ឍ​ថ្មី​។

កម្ពុជា ចិន រួមគ្នា​សហការ កសាង​សហគមន៍​រួម​វាសនា​កម្ពុជា ចិន ដែលមាន​សារៈសំខាន់ ជា​យុទ្ធសាស្ត្រ និង​ជា​គោលដៅ​នៃ​កិច្ចសហប្រតិបត្តិការ កសាង​ផែនទី​បង្ហាញផ្លូវ​នៃ​ការអភិវឌ្ឍន៍ និង​ជំរុញ​ទំនាក់ទំនង​កម្ពុជា ចិន ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​។​

​លោក អ៊ុំ វុ​ទ្ធ​ទី​ប្រធានកិត្តិយស​សមាគមនិស្សិត​បាន​លើកឡើងថា​៖​សមាគមនិស្សិត​កម្ពុជា​ប្រទេស​ចិន ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។ សមាគមនិស្សិត​ដើរតួ​យ៉ាងសំខាន់ ក្នុង​ទំនាក់ទំនង​កម្ពុជា​-​ចិន នាពេល​បច្ចុប្បន្ន​។​

ជាក់​សម្តែង​និស្សិត​កម្ពុជា​ប្រមាណ​២​ពាន់​នាក់​កំពុង​សិក្សា​រៀនសូត្រ​នៅលើ​ក​ទឹកដី​ប្រទេស​ចិន​និង​និស្សិត​កម្ពុជា​មួយចំនួនធំ​ដែល​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ចិន​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។​និស្សិត​កម្ពុជា​ទាំងអស់នោះ​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​-​អរិយធម៌​ខ្មែរ​ទេសចរណ៍​ការអប់រំ​ជំនាញៗ​ផ្សេងទៀត​ជាពិសេស​ទំនាក់ទំនង​កា​ទូត​រវាង​យុវជន​កម្ពុជា​និង​យុវជន​ចិន រវាង​យុវជន​កម្ពុជា និង​ពលរដ្ឋ​ចិន​។

​ក្រោយពេល​បញ្ចប់​វេទិកា​វិទ្យាសាស្ត្រ​នេះ​បាន​ប្រារព្ធ​”​មហោស្រព​វប្បធម៌​កម្ពុជា​លើក​ទី​៣​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង និង​អបអរសាទរ​ខួប​១០​ឆ្នាំ​របស់​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​”​។ ថ្នាក់ដឹកនាំ​វាគ្មិន​កម្ពុជា​ក្រុម​អ្នកសិល្បៈ​លោកគ្រូ​អ្នកគ្រូ​និស្សិត​កម្ពុជា​និស្សិត​ចិន​ព្រមទាំង​ភ្ញៀវកិត្តិយស​ដ៏ទៃទៀត​សរុប​ប្រមាណ​៣.០០០​នាក់​បាន​ជួបជុំគ្នា​ដើម្បី​រំលឹក​ដល់​មិត្តភាព​ប្រពៃណី​កម្ពុជា​-​ចិន ដើម្បី​ចូលរួម​ចែករំលែក​នូវ​សិ​មិ​ទ្ធិ​ផល​នៃ​ការអភិវឌ្ឍ​របស់​វិទ្យាស្ថាន​ខុង​ជឺ​ចូលរួម​អភិវឌ្ឍន៍​កិច្ចទំនាក់ទំនង​មនុស្សជាតិ​។​

​បច្ចុប្បន្ននេះ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​កម្ពុជា​ចិន​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​និង​ទូលំទូលាយ​។​ក្នុងនាម​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ក្នុងស្រុក​មួយ​នៅក្នុង​ប្រទេស​ចិន​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​។​

នាពេល​បច្ចុប្បន្ននេះ​ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា​ជានិច្ច​ដើម្បី​ជម្រុញ​ការផ្លាស់ប្តូរ​ការអប់រំ​មនុស្សជាតិ​ធ្វើអោយ​សហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​កាន់តែ​ស៊ីជម្រៅ ដើម្បី​កសាង​សហគមន៍​ជោគវាសនា​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​។

​កញ្ញា​វុ​ធ​សុ​ភ័​ក្រ​ណា​នាយិកា​ភាគី​កម្ពុជា​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា​៖«​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ក្លាយជា​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​ធនធានមនុស្ស​ផ្នែក​ភាសា​ចិន​បណ្តុះបណ្តាល​គ្រូ​ក្នុងប្រទេស​។​

ម្យ៉ាងវិញទៀត​វិទ្យាស្ថាន​ក៏​ជា​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​កម្ពុជា ដែលមាន​បំណង​ទៅ​សិក្សា​នៅ​ប្រទេស​ចិន និង​ជា​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ការបង្រៀន​ភាសា​ចិន​ជា​កន្លែង​ស្រាវជ្រាវ​ទំនាក់ទំនង​កម្ពុជា​-​ចិន ជាទី​សម្រាប់​ផ្លាស់ប្តូរ​វប្បធម៌ ព្រមទាំង​ជា​មជ្ឈមណ្ឌល​បកប្រែ និង​បោះពុម្ពផ្សាយ​ឯកសារ អត្ថបទ សៀវភៅ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​ចិន និង​ពី​ភាសា​ចិន​មក​ខេមរៈភាសា​។

​សព្វថ្ងៃនេះ​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​សាខា​ជាច្រើន​នៅក្នុង​ស្ថាប័នរដ្ឋ​រួម​មាននៅ​កងកម្លាំងប្រដាប់អាវុធ​អង្គ​នីតិ​បញ្ញា​ត្តិ​តាម​បណ្តា​ក្រសួង​នានា​និង​នៅតាម​គ្រឹះស្ថានសិក្សា​ជាច្រើន​ដែលមាន​សិស្ស​ប្រហែល​៣​ម៉ឺន​នាក់​កំពុង​សិក្សា​និង​មាន​រហូតដល់​ទៅ​២៥​សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​ចក្ខុវិស័យ​របស់​វិទ្យាស្ថាន​គឺ​បន្ត​រួមចំណែក​ព​ង្រឹ​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​វិស័យ​អប់រំ​ភាសា និង​ផ្លាស់ប្តូរ​វប្បធម៌​»​។​

​ជាមួយគ្នានេះដែរ​លោក​ណុ​ប​វាសនា​ប្រធាន​សមាគម​និង​លោក​កឿង​រស្មី​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគមនិស្សិត​និង​ជា​ប្រធាន​និស្សិត​កម្ពុជា​ប្រចាំខេត្ត​ជាំ​ង​ស៊ី​បាន​លើកឡើងថា​៖​នេះ​គឺជា​ព្រឹត្តិការណ៍​លើក​ទី​៣​នេះ​ដែល​ក្រុមនិស្សិត​កម្ពុជា​នៅ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង បាន​ចូលរួម​សម្តែង​សិល្បៈ ។​

ជាពិសេស​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ក្រោម​ជំនួយ​របស់​សម្តេច​តេ​ជោ​និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចូលរួមចំណែក​រៀបចំ​មហា​ស្រប​វប្បធម៌​ខ្មែរ​នេះ​ឡើង​។​ដើម្បី​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​លើក​ឆាក​អន្តរជាតិ​ក្នុង​គោលដៅ​ទាក់ទាញ​អ្នក​ទេសចរណ៍​ចិន​និង​អ្នកវិនិយោគ​ចិន​មក​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕S/

​ចំណងជើង​រូបថត​៖​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ផ្ទាល់​និង​រាជបណ្ឌិត្យសភាកម្ពុជា​ប្រារព្ធ​ធ្វើ​វេទិកា​វិទ្យាសាស្ត្រ​ស្តីពី ទំនាក់ទំនង​ចិន​-​កម្ពុជា​លើក​ទី​១