​សាខា​ពន្ធដា​ខេត្ត​ព្រះសីហនុ​ប្រជុំពិភាក្សា​ស្តីពី​សិទ្ធិ​និង​កាតព្វកិច្ច​ពន្ធដា​

117
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​សិទ្ធិ​និង​កាតព្វកិច្ច​ពន្ធដា​ដល់​សមាគមន៍​វិនិយោគ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​។​ដឹកនាំ​ដោយ​លោក​LIANGQINGLIANG​ប្រធាន​សមាគម​ចិន​ប្រចាំខេត្ត​ព្រះសីហនុ​កិច្ចប្រជុំ​ដោយ​ផ្តោតលើ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​បោះទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ។

​តាម​ការបង្ហាញ​ស្តីពី​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ -​ត្រូវ​ចុះឈ្មោះ​ក្នុង​បញ្ជី​របស់​រដ្ឋបាល​សារពើពន្ធ -​ដាក់​លិខិត​ប្រកាស​សារពើពន្ធ និង​ផ្តល់​ពត៌មាន​តាម​ការតម្រូវ -​បង់ពន្ធ​តាម កាលបរិច្ឆេទ​កំណត់ -​កាន់កាប់​ថែរក្សា​និង​ត្រូវ​បង្ហាញ​បញ្ជី​លិខិត​យុ​ត្តិ​ការ​និង​ឯកសារ​ផ្សេង​-​បង្ហាញខ្លួន​ចំពោះ​រដ្ឋបាល​សារពើពន្ធ ។

ដោយឡែក​សិទ្ធិ​របស់​អ្នក​ជាប់ពន្ធ​-​ត្រូវ​ទទួលបាន​ការរក្សា​ទុកជា​ការសម្ងាត់​-​ទទួលបាន​ការផ្តល់សេវា​ប្រកបដោយ​វិជ្ជាជីវ​និង​មាន​ការជួយ​ពន្យល់​ណែនាំ​-​ទទួលបាន​ការពន្យល់​រាល់​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​សារពើពន្ធ -​ប្តឹងតវ៉ា​ចំពោះ​រាល់​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​សារពើពន្ធ ។

​លោក​សន​ស៊ី​ផល​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​ការប្រជុំ​ពិភាក្សា​នាពេលនេះ​ក្នុង​គោលបំណង​ឱ្យ​អាជីវករ​ទាំងអស់​ដែល​បើកមុខ​របរ​រក​ស៊ី​ទទួលទាន​នៅ​ខេត្ត​ព្រះសីហនុ មានការ​យល់ដឹង​អំពី​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ពួកគាត់​ក្នុង​ការចូលរួម​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។​ជាពិសេស​ការផ្សព្វផ្សាយ​ពី​គោលបំណង​នៃ​ច្បាប់​ពន្ធដារ​របស់​កម្ពុ​ជា​ជូន​ដល​អា​ជីករ​ពាណិជ្ជករ​បរទេស​ដែល​មករក​ស៊ី​ទទួលទាន​នៅ​ខេត្ត​ព្រះសីហនុ ។

​ដោយសារតែ​កន្លងមក​មាន​បងប្អូន​អាជីវករ​ចិន​ដែល​មករក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ​បានមក​ចុះបញ្ជី​ជា​បណ្ដើរៗ​នៅ​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​។​ថ្ងៃនេះ​សាខា​ពន្ធដារ​នឹងធ្វើ​ការពន្យល់​អំពី​សិទ្ធិ​និង​កាតព្វកិច្ច​បង់ពន្ធ​ដើម្បី​កុំឱ្យ​ពួកគាត់​មានការ​យល់ច្រឡំ​អ្វីខ្លះ​ដែល​ត្រូវ​បង់ពន្ធ​និង​អ្វីដែល​មិនត្រូវ​បង់ពន្ធ ។

​ក្នុងឱកាស​នោះ​លោក សន ស៊ី​ផល ក៏បាន​សំណូមពរ​ដល់​ប្រធាន​សមាគម​ចិន​ប្រចាំខេត្ត​ព្រះសីហនុ បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​ចិន ដែល​កំពុង​មករក​ស៊ី​ទទួល ទាន​នៅ​ខេត្ត​ព្រះសីហនុ អញ្ជើញ​មក​ចុះបញ្ជី​នៅ​សាខា​ពន្ធដារ​ឱ្យបាន​គ្រប់គ្នា ចៀសវាង​នៅពេលដែល​មន្ត្រី​ពន្ធដា​រកឃើញថា មិន​បានមក​ចុះបញ្ជី​នៅ​សាខា​ពន្ធដា និង​ត្រូវ​ផាកពិន័យ ៕S/​