​សារឿន ចាន់ និង ហេង វាសនា ប្រកួត​បង្គ្រប់កិច្ច មុនពេល​ហាលអាវ​

253
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់ Wurkz ទម្ងន់ ៦០ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​១៧ មីនា នេះ បាន​ឈានដល់​បញ្ចប់ វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ហើយ​។​

​អ្នក​ប្រដាល់​កម្ពុជា ២ រូប គឺ ហេង វាសនា ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង និង សារឿន ចាន់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ប្រកួត​បង្គ្រប់កិច្ច មុនពេល​ខ្ទាត​ចេញ ពី​ការប្រកួត ។ អ្នក​ប្រដាល់​កម្ពុជា​ទាំង ២ រូបនេះ ៣ ប្រកួត​របស់គេ ឈ្នះ​បានតែ ១ ប្រកួត​ប៉ុណ្ណោះ តែ​ចាញ់ ២ ប្រកួត​ដូចគ្នា​។​

​ហេង វាសនា ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ស៊ូ​ភើ មែន (Supper Man) ។ ស៊ូ​ភើ មែន ៣ ប្រកួត​របស់គេ ឈ្នះ​ទាំង ៣ ប្រកួត ។ សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ គេ​ជឿថា អ្នក​ប្រដាល់​ថៃ​រូបនេះ នឹង​បន្ត​ឈ្នះ​ទៀត ជាមិនខាន​ឡើយ ។​

ហេង វាសនា និង ស៊ូ​ភើ មែន​

​ហេង វាសនា មាន​ប្រវត្តិ​ប្រកួត ចំនួន​៦០​ដង ឈ្នះ​៤២​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ស៊ូ​ភើ មែន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ៦៧​ដង ឈ្នះ​៥៤​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ ១​ដង ។ កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ពេលនេះ កំពុងតែ​ស្ថិតនៅក្នុង​កណ្ដាប់ដៃ ស៊ូ​ភើ មែន ជា​បណ្ដោះអាសន្ន​ហើយ ។ ហេង វាសនា មិនមែនជា​ឧបសគ្គ សម្រាប់​អ្នក​ប្រដាល់​ថៃ រូបនេះ​ឡើយ ។​

​សារឿន ចាន់ វិញ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឆៃ យ៉​រ៍ (Chhai Yor) ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ៣ ប្រកួត​របស់គេ ឈ្នះ​បាន ២ ប្រកួត និង​ចាញ់​តែ ១ ប្រកួត ។ សារឿន ចាន់ នឹង​លំបាក​ដោយសារ អ្នក​ប្រដាល់​ថៃ​រូបនេះ ជាមិនខាន​ឡើយ ។​

​ឆៃ យ៉​រ៍ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៥៩​ដង និង​ចាញ់​១៨​ដង ។ ចំពោះ សារឿន ចាន់ វិញ មាន​ប្រវត្តិ​ប្រកួត​ចំនួន ១០២​ដង ឈ្នះ​៨១​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ សារឿន ចាន់ ប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ។​

សារឿន ចាន់ និង ឆៃ​យ៉​រ៍​

​ចំពោះ​គូប្រកួត ក្រៅ​ខ្សែក្រវាត់​វិញ​នោះ កាន់ ម៉េង​ហុង ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ លី លន់ ក្លិប​ប្រកួត​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។​

​សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​៕v