​សាលាក្ដី​ខ្មែរក្រហម​៖ សំណុំរឿង ០០២ បញ្ជាក់​ពី​អំណាច​នៃ​យុត្តិធម៌

838

ដោយៈ​ឆាំង យុ នាយក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​សាលាក្តី​ខ្មែរក្រហម បាន​ជូនដំណឹង​ទៅកាន់​ភាគី​នានា​ថា​ដោយ​អនុលោម​តាម​វិធាន​១០២ នៃ​វិធាន​ផ្ទៃក្នុង​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ប្រកាសសេចក្តី​សំអាង​ហេតុ និង​ផ្នែក​នៃ​សេចក្ដីសម្រេច​នៃ​សាលក្រម​ក្នុង​សំណុំរឿង ០០២/០២ ដែល​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅ​ថ្ងៃ​សុក្រ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​សាល​សវនាការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា វេលា​ម៉ោង​៩ និង ៣០ នាទី​ព្រឹក​។
​ជនជាប់ចោទ​ដែល​ត្រូវ​ជំនុំជម្រះ​ក្នុង​សំណុំរឿង ០០២/០២ គឺ នួន ជា ដែលជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត​។​

នួន ជា ខៀវ សំផន តា ម៉ុក និង មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដទៃទៀត នៅក្នុង​ជំនួប​ប្រជុំ​នៅផ្ទះ​របស់ តា​ម៉ុក ស្ថិតនៅ​ស្រុក​អន្លង់វែង ក្នុង​ឆ្នាំ​១៩៩៨​

​ព្រឹត្តិការណ៍​សំខាន់ៗ​ទាមទារ​ឲ្យ​មានការ​យល់ដឹង​ជជែក​ពិភាក្សា និង​ឆ្លើយតប​ជា​សាធារណៈ​ប៉ុន្តែ​ខ្ញុំ​ចង់​លើកទឹកចិត្ត​ឲ្យ​មានការ​យល់ឃើញ​យ៉ាង​ទូលំទូលាយ​នៃ​សារសំខាន់​របស់​ព្រឹត្តិការណ៍​នា​ថ្ងៃ​សុក្រ​ខាងមុខនេះ​។ យើង​បាន​ចំណាយពេល​វេលា​អស់​ជាច្រើន​ដើម្បី​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​និង​រយៈពេល​ជាង​១០​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ ចាប់តាំងពី​ការបង្កើត​តុលាការ​នេះ​។ ជាការ​ពិតណាស់ រយៈពេល​ជាង​៧​ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​ដែរ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សវនាការ​ដំបូង​ក្នុង​សំណុំរឿង​០០២ ហើយ​ក្នុងអំឡុងពេល​នោះដែរ មាន​ជនជាប់ចោទ​មួយចំនួន​បាន​បាត់បង់​ជីវិត និង​បានគេច​ផុតពី​ប្រព័ន្ធយុត្តិធម៌​។ ជនរងគ្រោះ​ជាច្រើន​ក៏បាន​ស្លាប់ ចំណែកឯ​គ្រួសារ​ជាច្រើន​ទៀត​នៅតែ​មិនដឹងថា​តើ​មានរឿង​អ្វីដែល​បានកើត​ឡើងទៅ​លើ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ហើយ មូលហេតុ​ទាំងនេះ​អាច​បង្ក​ឲ្យ​ប្រជាជន​ជាច្រើន​នៅមាន​ការឈឺចាប់ ដោយសារតែ​ការគិត​ទៅលើ​អ្វីដែល​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន​រង​ទុក្ខ និង​ជា​ញឹកញាប់​នោះ​គឺ​វា​អាច​អាក្រក់​ជាង​ការដឹងឮ​អំពី​អ្វីដែល​បានកើត​ឡើងទៅ​ទៀត​។​

​ការយល់ឃើញ​ដ៏​ទូលំទូលាយ​របស់​យើង​នៅក្នុង​ខណៈពេល​នេះ​គឺ​ត្រូវតែទទួលស្គាល់​ថា​តើ​ការស្វែងរក​យុត្តិធម៌​បាន​ចំណាយ​អស់​រយៈពេល​ប៉ុន្មាន និង​បាន​ចំណាយ​អស់​ថវិកា​ចំនួន​ប៉ុន្មាន​។ ប៉ុន្តែ​យើង​មិនគួរ​បណ្តោយ​ឲ្យ​កំហុស​របស់​តុលាការ លុបបំបាត់​សារសំខាន់​របស់​ដំណើរការ​តុលាការ​នោះទេ​។ សាលាក្ដី​ខ្មែរក្រហម បាន​នាំមក​នូវ​ចំណាប់អារម្មណ៍ និង​ការយល់ដឹង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​គោល​គំនិត​សំខាន់ៗ​អំពី​យុត្តិធម៌ និង​សាររ​សំខាន់​នៃ​នីតិរដ្ឋ​។ ជនរងគ្រោះ​ដែល​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែល​បាន​ចូលរួម​ក្នុង​អង្គជំនុំជម្រះ មាន​អំណរគុណ​ចំពោះ​គុណ​តម្លៃ​ទាំងនេះ​។ ទោះបីជា​ការស្វែងរក​យុត្តិធម៌ ដែលជា​រឿយៗ​ទទួលបាន​លទ្ធផល​មិនល្អ​ឥតខ្ចោះ​យ៉ាងណាក៏ដោយ ក៏​អ្នក​រស់រានមានជីវិត​ទាំងនោះ​ដឹងឮ​អំពី​ការរក​ខុសត្រូវ​ចំពោះ​ទុក្ខវេទនា​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នៅពេលដែល​សង្គម​ទទួលស្គាល់ និង​បន្ត​ស្វែងរក​យុត្តិធម៌​ប្រឆាំងនឹង​ជនល្មើស​ដែល​បាន​បង្ក​បទឧក្រិដ្ឋ​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​ប្រជាជន​បាន​ទទួលរង​នាពេលនោះ​។​

តា​ម៉ុក បាន​ស្លាប់​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០០៦ ដោយសារតែ​ជំងឺ​បេះដូង ប្រហែលជា​អាច​បណ្តាលមកពី​ភាព​តានតឹង​ពី​ការកាត់ទោស​របស់​តុលាការ​ខ្មែរក្រហម​។ រក្សា​សិទ្ធិ និង​រូបថត​ដោយ ៖ ជេ​ម៍ ជឺ​រាណ (Jame Jerrand)​។

​សេចក្តីសន្និដ្ឋាន​នៃ​សំណុំរឿង ០០២ នឹង​បង្ក​ឲ្យ​មានការ​ឆ្លើយតប និង​ការឆ្លុះបញ្ចាំង​ជាច្រើន​ក្នុងចំណោម​ប្រជាជន​កម្ពុជា​។ ទោះបីជា​យ៉ាងណា វា​នឹង​បញ្ជាក់​អំពី​សមូហភាព​នៃ​មនុស្សជាតិ​របស់​ជនរ​ង​គ្រោះ​ដែល​នៅ​រស់រានមានជីវិត និង​បញ្ជាក់​អំពី​ការឈឺចាប់​និង​ការបាត់បង់​ដ៏​សែន​ខ្លោចផ្សា​របស់​ប្រជាជន​។ សម្រាប់​ក្មេងជំនាន់ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មិនបាន​ជួបប្រទះ​នឹង​ភាព​ភ័យ​តក់ស្លុត​នៃ​សង្គ្រាម ការអត់ឃ្លាន អំពើ​ប្រល័យពូជសាសន៍ ឬ​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ ដំណើរការ​ទាំងនេះ​នឹង​ក្លាយទៅជា​ការ​រំឭក​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​អំពី​សក្តានុពល​របស់​ម​នុស្ស​ចំពោះ​ភាព​អមនុស្សធម៌ ដែល​បង្ក​ឲ្យ​មាន​ស្នាមរបួស​ជាច្រើន ទាំង​កាយសម្បទា​និង​សតិអារម្មណ៍ និង​កំពុងតែបន្ត​លងបន្លាច​នៅក្នុង​សង្គម​កម្ពុជា​។ សំណុំរឿង ០០២ ដែល​បញ្ជាក់​ពី​អំណាច​នៃ​យុត្តិធម៌ កំពុងតែ​ផ្តល់​ឲ្យ​នូវ​សេចក្តី​បញ្ចប់​នៃ​ជំពូក​ដ៏​អាក្រក់​នៅក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ប្រទេស​កម្ពុជា ទោះបីជា​ស្នាមរបួស​ទាំងនោះ បាន​មុត​ចូល​ជ្រៅ​យ៉ាងណាក៏ដោយ​។ សំណុំរឿង ០០២ ក៏មាន​សារសំខាន់​ផងដែរ សម្រាប់​ផ្តល់​ជា​មធ្យោបាយ​មួយ​ក្នុងការ​បង្កើន​ការយល់ដឹង និង​ការប្រុងប្រយ័ត្ន​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​មនុស្ស​ជំនាន់​ក្រោយ តាមរយៈ​ការបញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​សាលា និង តាម​សាកលវិទ្យាល័យ​នានា​។ វា​បង្ហាញ​អំពី​សេចក្តី​រន្ធត់​នៃ​ភាព​អមនុស្សធម៌ ដែល​អាច​កើតមានឡើង​នៅពេលដែល​ប្រជាជន​មិនបាន​អនុវត្ត​ដោយ​ការព្យាយាម​ការពារ​ផលប្រយោជន៍ និង​អាទិភាព​របស់ខ្លួន និង​ជំនួស​ទៅវិញ​ដោយ​ចុះចូល​ខ្លួនឯង​ជាមួយនឹង​អ្នក​ផ្តាច់ការ និង​គំនិត​មនោគមវិជ្ជា​ជ្រុលនិយម​របស់គេ​។ មេរៀន​ជាច្រើន អាច​ទទួលបាន​ពី​កង្វះខាត កំហុស និង​ភាពខ្វះ​ចន្លោះ​នៃ​ដំណើរការ​របស់​តុលាការ និង​លទ្ធផល​របស់​វា​។ កិច្ចការងារ និង មេរៀន​ពី​តុលាការ​ខ្មែរក្រហម និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដទៃទៀត ផ្តល់​ឲ្យ​នូវ​ការគិត​អំពី​សារសំខាន់​នៃ​ការប្រុងប្រយ័ត្ន និង​ការចូលរួម​ក្នុង​ដំណើរការ​នយោបាយ​ដោយ​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ប្រព័ន្ធ​ច្បាប់​អន្ដរជាតិ និង​ការទន្ទឹងរង់ចាំ​មើល ព្រមទាំង​ការឆ្លើយតប​ចំពោះ​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ​នេះ​។​

ស្បែកជើង​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម ថត​ដោយ ៖ អ៊ូច មករា​។ (​កំណត់ចំណាំ​៖ រូបថត​ទាំងនេះ និង​រូបថត​ផ្សេងៗ​ទៀត​នឹង​ជា​ផ្នែក​មួយ​នៃ​ការតាំង​ពិពណ៌នា​ពេលខាងមុខរ​បស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​៖ “​អន្លង់វែង ៖ ទីក្រុង​នៃ​ការយោគយល់​រវាង​មិត្ត​និង​សត្រូវ​” ក្នុង​ខែធ្នូ ២០១៨)៕

​យើង​ត្រូវ​ផ្តល់​តម្លៃ​ទៅលើ​សារសំខាន់​នៃ​ពេលវេលា​នេះ ដោយ​ទាញយក​ឱកាស​មួយ​ដើម្បី​បញ្ជាក់​អំពី​ការប្តេជ្ញា​ចិត្តជា​បុគ្គល និង​ជា​សមូហភាព​របស់​យើង​ចំពោះ​ការចូលរួម​ឲ្យ​បាន​សកម្ម​នៅក្នុង​សង្គម និង​ការការពារ​ទុកជាមុន នៅពេលដែល ការប៉ះទង្គិច​នៃ​ព្រឹត្តិការណ៍​នាពេល​អនាគត​ចាប់ផ្តើម​បង្ហាញខ្លួន​។ តុលាការ​គឺជា​អ្នកអនុវត្ត​យុត្តិធម៌ ការពារ​នីតិរដ្ឋ និង​ឈរ​ជា​អ្នកថែរក្សា​នៅមុខ​ច្រក យុត្តិធម៌ ប៉ុន្តែ​កាតព្វកិច្ច​នៃ​ការស្ថាបនា និង​ការពង្រឹង​សង្គម​ក្រោយ​ជម្លោះ​ឡើងវិញ​គឺជា​ការទទួលខុសត្រូវ​របស់​ប្រជាជន​។ ជនរងគ្រោះ​ដែល​រស់រានមានជីវិត​ពី​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ​នេះ អាច​រង់ចាំ​ដោយ​អត់ធ្មត់​ចំពោះ​ភាព​ធូរស្បើយ ការទទួលស្គាល់ និង​ជំនួយ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះដែរ យើង​ត្រូវ​ធានា​ឲ្យ​បាន​ថា ដំណោះស្រាយ​ត្រូវតែ​កើតមាន​ជាមុនសិន​ជាជាង​អូសបន្លាយ​ទុក​នៅពេល​ក្រោយ​។ យុត្តិធម៌​ដែល​ទទួលបាន​ក្រោយ​ជម្លោះ មិនមែន​សុទ្ធសឹងតែ​ធ្វើឡើង​នៅក្នុង​ប្រព័ន្ធ​តូចចង្អៀត​នៃ​ដំណើរការ​នៃ​ការកាត់ទោស និង​ការវិនិច្ឆ័យ​ទោស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​របស់​តុលាការ​នោះទេ​។ ដើម្បី​យល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ យើង​ទទួលស្គាល់ថា ដំណើរការ​ទាំងនោះ ត្រូវតែ​កែលម្អ​តាមរយៈ​ការប្ដេជ្ញាចិត្ត​យ៉ាង​ទូលំទូលាយ​ចំពោះ​ការអប់រំ​ទប់ស្កាត់ ការទទួលស្គាល់​ជនរងគ្រោះ និង​គំនិត​ផ្តួចផ្តើម​រំឭក និង​ការព្យាបាល​សុខភាព ការផ្តល់​ប្រឹក្សា និង​សេវាកម្ម​សង្គម​ផ្សេងៗ​ទៀត​ស្របពេល​ដែលមាន​ការកាត់ក្តី និង​ការវិនិច្ឆ័យ​ទោស​៕